Homeព័ត៌មានថ្មីៗមជ្ឈមណ្ឌលជាតិជនពិការកម្ពុជាគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២ ដែលស្ថិតនៅទីតាំងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល

មជ្ឈមណ្ឌលជាតិជនពិការកម្ពុជាគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២ ដែលស្ថិតនៅទីតាំងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល


កណ្តាល៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងថ្នាក់ដឹកនាំក្រសួង បានចុះមកពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌល និងបាននាំមកនូវអំណោយចែកជូនកម្មករកំពុងសាងសង់មួយចំនួនផងដែរ។
ផ្អែកតាមរបាយការណ៍មជ្ឈមណ្ឌលនេះ គឺសម្រេចការសាងសង់បានប្រមាណជាង ៤០% ហើយតាមគម្រោងនឹងអាចបញ្ចប់ក្នុងចុងឆ្នាំ ២០២២ខាងមុខ។ គម្រោងសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា គឺជាគម្រោងដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តមរដ្ឋមន្រ្តី វង សូត មានគោលដៅប្រមូលផ្តុំការផ្តល់សេវាជូនជនមានពិការភាព ប្រកបដោយស្តង់ដារបច្ចេកទេសខ្ពស់ ដើម្បីបម្រើឱ្យវិស័យពិការភាព ស្របតាមតំរូវការរបស់បងប្អូនជនមានពិការភាព ដែលមានទីតាំងស្ថិត នៅលើផ្ទៃដីទំហំជាង ៦ហិកតា។

គម្រោងសាងសង់ខាងលើនេះ រួមមាន៖ អាគារពាណិជ្ជកម្ម ទីចាត់ការ អាគារដ្ឋបាល អាគារស្តារនីតិសម្បទា ទីលានបាល់ទាត់ វេទិកា សាលមហោស្រព អាហារដ្ឋាន អាគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម អាគារដ្ឋបាល រោងចក្រ អាគារការិយាល័យ សិប្បកម្ម ផលិតទឹកបរិសុទ្ធ ស្រះទឹក និងសួនកុមារ។

ក្នុងការចុះពិនិត្យគម្រោងខាងលើ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវសាងសង់សំណង់អគារឱ្យមានគុណភាពខ្ពស់ ធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋាន និងស្តង់ដារ ដែលបានព្រមព្រៀងគ្នា ដើម្បីធានាគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការបម្រើឱ្យវិស័យពិការភាពនៅកម្ពុជា។

ជាការកត់សម្គាល់ ការកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យសង្គមកិច្ច បន្ទាប់ពីមជ្ឈមណ្ឌល ថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី និងមជ្ឈមណ្ឌលយុវនីតិសម្បទា ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល៕

ព័ត៌មានពេញនិយម

ព័ត៌មានចុងក្រោយ

ព័ត៌មានជាប់ទាក់ទង