Homeព័ត៌មានថ្មីៗឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បញ្ជាក់ពីកិច្ចសហប្រតិបត្ដិការបច្ចេកទេសជាមួយកម្ពុជា

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បញ្ជាក់ពីកិច្ចសហប្រតិបត្ដិការបច្ចេកទេសជាមួយកម្ពុជា

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួបពិភាក្សាការងារជាមួយ ឯឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជានៅទីស្តីការក្រសួងសង្គមកិច្ច ។

នៅក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម W.Patrick Murphy បានលើកឡើងនូវបញ្ហាមួយចំនួនពាក់ព័ន្ធកិច្ចសហប្រតិបត្ដិការបច្ចេកទេស និងជំនួយរបស់សហរដ្ឋ អាមេរិក តាមរយៈអង្គការ USAID ដែលផ្តោតទៅលើកិច្ចគាំពារកុមារ និងប្រជាជនដែលងាយរងគ្រោះ។

បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថ្លែងថា លោកបានយល់អំពីផលប៉ះពាល់អំពីសង្គ្រាមដែល បាននិងកំពុងកើតឡើងនៅអ៊ុយក្រែន ក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងតំបន់ក៏ដូចជាលើឆាកអន្តរជាតិ។
ជាការឆ្លើយតប ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់កិច្ចសហប្រតិបតិ្តការ និងគាំទ្រលើវិស័យសង្គមកិច្ចនាពេលកន្លងមក ដែលផ្តល់ជំនួយ តាមរយៈអង្គការ USAID និងបណ្តាអង្គការមួយចំនួនទៀតរួមមាន UNICEF និង Save the Children ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបាននិងកំពុងចាប់ផ្តើមអនុវត្ត រួមទាំងការសាងសង់មណ្ឌលស្តារនីតិសម្បទា សម្រាប់ដាក់អនីតិជនល្មើសច្បាប់។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ប្រជាពលរដ្ឋដែល មានបណ្ណក្រីក្រក្នុងរង្វង់៧០ម៉ឺនគ្រួសារ ដែលរហូតមកដល់ពេលនេះបានចំណាយថវិកាប្រមាណជាង ៦០០ លានដុល្លារអាមេរិច និងហើយកម្មវិធីនេះបាននិងកំពុងនៅបន្តអនុវត្ត ក្រោមការគិតគូរយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់បន្ថែមដែរថា ឯកឧត្តមពេញចិត្តចំពោះការយកចិត្តទុកចំពោះយុវវ័យ។ ម្យ៉ាងវិញទៀត ក្នុងបរិបទកូវីដ-១៩ នេះ កម្ពុជានិងសហរដ្ឋអាមេរិកបានសហការគ្នាបានយ៉ាងល្អ ដូចជាការផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស និងមានការផ្តល់ជំនួយបន្ថែមផងដែរ ។ ឯកអគ្គរដ្ឋទូត បន្តថា មានផលប៉ះពាល់ជាច្រើនដល់សង្គមសេដ្ឋកិច្ច ជាពិសេសដល់យុវវ័យ និងជនក្រីក្រ ក្នុងវិស័យទេសចរណ៍ ក៏មានផលប៉ះពាល់ជាច្រើនដែរ ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្លែងថា ការជួញដូរមនុស្ស វាមិនមែនប៉ះពាល់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីតែសហរដ្ឋអាមេរិកក៏មានខ្លះដែរ ក្នុងនោះលោកជំរុញលើកទឹកចិត្តដល់កម្ពុជាបន្តពង្រឹងលើវិស័យនេះបន្ថែមទៀត ដើម្បីបញ្ជៀសបញ្ហាទាំងនេះ៕

ព័ត៌មានពេញនិយម

ព័ត៌មានចុងក្រោយ

ព័ត៌មានជាប់ទាក់ទង