Homeព័ត៌មានថ្មីៗឯកឧត្តមរដ្ឋមន្ត្រី វង សូត អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វង សូត អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានឯករាជ្យ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២១ ) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រទានភ្លើងជ័យដែលនឹងត្រូវរក្សាទុករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាប់ពិធីដ៏មហាឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

គួររំលឹកដែរថាថ្ងៃទី០៩ វិច្ឆិកានេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាដែលទទួលបានឯករាជ្យពេញបរិបូរពីអាណានិគមបារាំងនៅក្នុងឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះរាជ្យបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ(ព្រះរមរតនកោដ្ឋ) ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្មដើម្បីជាតិ មាតុភូមិ និងប្រជារាស្រ្តខ្មែរ៕

ព័ត៌មានពេញនិយម

ព័ត៌មានចុងក្រោយ

ព័ត៌មានជាប់ទាក់ទង