ពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពី នីតិវិធី និងយន្តការ នៃការបើកផ្តល់ប្រាក់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទ្ធខ្ទប់សម្រាប់ប្រជាពលរដ្ឋទទួលរងផលការប៉ះពាល់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ

ថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលប៉ះពាល់ជីវភាពពីការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ គ្រួសារដែលមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កិម្ភៈ ២០២១។

ដើម្បីឆ្ល់ើយតមទៅនឹង សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងនាមក្រសួងជាអ្នកអនុវត្តកម្មវិធី បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីនីតិវិធី និងយន្តការ នៃការបើកផ្តល់ប្រាក់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ខមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ខ និងគ្រួសារប្រជាពលរដ្ខដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីភាព និងគ្រួសារប្រជាពលរដ្ឋដែលបានមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដល់មន្រ្តីពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានផ្តាំផ្ញើ ក្រើនរំឭកដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេស ស្រង់ឈ្មោះ និង ធ្វើសម្ភាសន៍កំណត់អត្តសញ្ញាណកម្ម ធ្វើយ៉ាងណា ត្រូវតែឱ្យការងារប្រព្រឹត្តទៅដោយតម្លាភាព និង ប្រសិទ្ធភាព ឬ និយាយឱ្យងាយស្តាប់ ត្រូវឱ្យប្រាកដថា អ្នកដែលរងផលប៉ះពាល់ត្រូវតែទទួលបានការឧបត្ថម្ភ ហើយអ្នកដែលទទួលបានការឧបត្ថម្ភ ត្រូវតែជាអ្នកដែលរងផលប៉ះពាល់ ដូចដែលបានកំណត់ក្នុងនិយមន័យ នៃនីតិវិធី។

ឯកឧត្តម បញ្ជាក់ច្បាស់ថា អ្នកទទួលផលពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ខមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ខ និងគ្រួសារប្រជាពលរដ្ខដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីភាព និងគ្រួសារប្រជាពលរដ្ឋដែលបានមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១នេះ បានតែមួយលើកតែប៉ុណ្ណោះ។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា លក្ខន្តិកៈ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះមាន ៣ ប្រភេទ គឺ៖

១. សម្រាប់តំបន់ដែលមានការបិទខ្ទប់ទ្រង់ទ្រាយធំ ដែលក្នុងក្របខណ្ឌនេះ កម្មវិធី ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋជាកញ្ចប់សម្រាប់ថ្លៃស្បៀងអាហារ ថ្លៃទឹក និង ថ្លៃភ្លើង សម្រាប់ប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋដែលមានក្តីលំបាកផ្នែកជីវភាពនៅក្នុងតំបន់បិទខ្ទប់កន្លងមក គឺសំដៅដល់ រាជធានីភ្នំពេញ ក្រុង តាខ្មៅ នៃ ខេត្ត កណ្តាល និង ក្រុងព្រះសីហនុ ពោលគឺមិនមែនទូទាំងប្រទេសទេ ហើយក្នុងក្របខណ្ឌនេះ សំដៅដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរតាមផ្សារ អ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់៣ អ្នកធាក់ស៊ីក្លូ អ្នកស៊ីឈ្នួលបើករថយន្តដឹកទំនិញ អ្នកស៊ីឈ្នួលបើករថយន្តក្រុង អ្នកស៊ីឈ្នួលបើករថយន្តឈ្នួល កម្មករក្នុងវិស័យដឹកជញ្ជូន កម្មករសំណង់ អ្នករើសអេតចាយ អ្នកបម្រើសេវាកម្សាន្ត និង បម្រើការងារក្នុងវិស័យទេសចរណ៍ជាដើម ។
២.គឺគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង ខ្វះខាតក្នុងជីវភាព ហើយអនុវត្តសម្រាប់ទូទាំងប្រទេស ។ ទោះយ៉ាងណាកម្មវិធីនេះ មិនរួមបញ្ចូលឡើយ ចំពោះគ្រួសារដែលមានប័ណ្ណក្រីក្រ ឬ ប័ណ្ណសមធម៌ នៅមានសុពលភាព កម្មករនិយោជិតបម្រើការងារនៅតាមរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ស្បែកជើង និង កាបូប ដោយសារគ្រួសារទាំងនោះ ទទួលបានការឧបត្ថម្ភពីកម្មវិធីផ្សេងរួចហើយ មានដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម ខណៈគ្រួសារដែលមានជីវភាពធូរធាសមរម្យ ក៏មិនត្រូវបានទទួលដាក់បញ្ចូលទៅក្នុងការឧបត្ថម្ភ នៃ កម្មវិធីនេះដែរ ។
៣.គឺគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយចំពោះលក្ខន្តិកៈទី ៣ នេះ អនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស ហើយមិនគិតថា គ្រួសារនោះ មានប័ណ្ណសម៌ ជាអ្នកបម្រើការងារ ឬ ប្រកបមុខរបរនៅក្នុងវិស័យណាឡើយ ពោលគឺគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ គឺអនុវត្តទូទៅនៅទូទាំងប្រទេស ៕

ព័ត៌មានជាប់ទាក់ទង