មូលនិធិជនពិការប្រគល់ផ្ទះជូនជនពិការក្រីក្រក្នុងខេត្តតាកែវ


តាកែវ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ជនពិការក្រីក្រចំនួន ១គ្រួសារ ដែលរស់នៅភូមិតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលផ្ទះចំនួន១ខ្នងពីមូលនិធិជនពិការ។

តាមសេចក្តីរាយការណ៍ពីលោក តូច សំអឿន ប្រធានសាខាមូលនិធិជនពិការខេត្តតាកែវ បានឱ្យដឹងថា ជនពិការរូបនេះមានឈ្មោះ ឡេង ចាន់ណារិទ្ធ អាយុ៣៣ឆ្នាំ ជាជនពិការដៃទាំង២ដោយរងពិការភាពដោយសារគ្រោះថ្នាក់ខ្សែភ្លើងឆក់អំឡុងឆ្នាំ២០១៩ ពេលដែលកំពុងធ្វើការងារសំណង់ឱ្យគេ បណ្តាលឱ្យដៃទាំង២ត្រូវពិការ។ ចាប់ពីពេលនោះមក បន្ទុកគ្រួសារត្រូវធ្លាក់ទៅលើប្រពន្ធរបស់គាត់ដែលធ្វើការស៊ីឈ្នួលឱ្យគេបានប្រាក់បន្តិចបន្ទួចដើម្បីចិញ្ចឹមគ្រួសារ និងព្យាបាលជំងឺប្តី។ គ្រួសារជនពិការនេះ រស់នៅផ្ទះធ្វើពីស័ង្ហសីទំហំ ៣ គុណនឹង ៣,៥ម៉ែត្រ ដែលមានសភាពចាស់ទ្រុតទ្រោមទៅហើយ និងរងផលលំបាកយ៉ាងខ្លាំងពេលមានភ្លៀង និងខ្យល់ម្តងៗ។

លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា តាមរយៈរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍ មូលនិធិជនពិការ បានសម្រេចផ្តល់ផ្ទះ១ខ្នងធ្វើអំពីថ្មប្រកស័ង្កសីទំហំ៤x៦ម៉ែត្រ ជូនដល់គ្រួសារលោក ឡេង ចាន់ណារិទ្ធ ដើម្បីឱ្យគាត់មានទីលំនៅសមរម្យ។ លោកបន្តថា ផ្ទះមូលនិធិជនពិការ១ខ្នងនេះ គឺជាផ្ទះទី២ហើយសម្រាប់ខេត្តតាកែវ និងជាផ្ទះទី២៣ហើយដែលមូលនិធិជនពិការបានសាងសង់ជូនជនពិការក្រីក្រ គិតចាប់តាំងពីឆ្នាំ២០១៩មក។ លោកនាយកបានថ្លែងអំណរគុណដល់អាជ្ញាធរឃុំ ដែលបានសម្របសម្រួលរៀបចំឯកសារនានា ក៏ដូចជាបានចូលរួមចាក់បំពេញដីដល់ទីតាំងនេះដើម្បីសម្រួលដល់ការងារសាងសង់។ លោកនាយក ក៏បានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមចូលរួមថែរក្សាផ្ទះថ្មីនេះឱ្យបានគង់វង្សយូរអង្វែង និងសូមថែរក្សាសុខភាពជៀសផុតពីជំងឺឆ្លងទាំងឡាយ។

ក្នុងពិធីនេះដែរ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ ក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស៕

ព័ត៌មានជាប់ទាក់ទង