លទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ-១៩

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទស អញ្ជើញពិនិត្យមើលដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនួយការ ទីព្រឹក្សា និងបុគ្គលិកជាប់កិច្ចសន្យា របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។

តាមយុទ្ធនាការរយៈពេល ៦ ថ្ងៃ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនួយការ ទីព្រឹក្សា និងបុគ្គលិកជាប់កិច្ចសន្យា របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រព្រឹត្តទៅដោយល្អប្រសើរ ហើយជាលទ្ធផលចាក់បានចំនួន ១០៨១ នាក់ ។ នេះបើតាមការអះអាង របស់ឯកឧត្តម ជា ចំណាន ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនួយកា រទីព្រឹក្សា និងបុគ្គលិកជាប់កិច្ចសន្យា របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនៅក្នុងពិធី ហើយឯកឧត្តម ជា ចំណាន បានផ្តាំផ្ញើដល់អ្នកដែលបានចាក់វ៉ាក់ ស៊ីណូវ៉ាក់ នេះជាលើកទី ១ ហើយ ត្រូវត្រលប់ទៅចាក់ដូសទី ២ ក្នុងចន្លោះ ១៤ ថ្ងៃទៅ ២៨ ថ្ងៃ ហើយចាក់លើកទី ១ នៅកន្លែងណា ត្រូវទៅចាក់លើកទី ២ នៅកន្លែងនោះដដែល ។

ក្នុងពិធីនេះដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណដល់ក្រុមការងារ និង អ្នកពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ និង ចូលរួមធ្វើឱ្យដំណើរការ នៃ ការចាក់វ៉ាក់នាពេលនេះទទួលបានលទ្ធផលល្អ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ ពុំមានការប្រកាន់រើសអើងនិន្នាការ ឬ ឋានៈតូចធំឡើយ ប៉ុន្តែដោយសារការមកដល់ នៃ វ៉ាក់សាំង មានដំណាក់កាល ទើបរាជរដ្ឋាភិបាល ចាត់អាទិភាពចាក់ជូនអ្នកដែលប្រឈមខ្លាំង ពោលគឺអ្នកដែលមានទំនាក់ទំនងជាមួយអ្នកដទៃច្រើន ។
សូមជម្រាបថា រាជរដ្ឋាភិបាល កម្ពុជា មានគោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនចំនួន ១០ លាន់នាក់ ពីក្នុងចំណោមចំណោមប្រជាជនសរុបជិត ១៦ លាននាក់ ហើយគិតមកដល់ពេលនេះ ក្រុមការងារពាក់ព័ន្ធបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមនុស្សបានប្រមាណជាជិត ៦០ ម៉ឺន នាក់ហើយ ។
ទាំងឯកឧត្តម វង សូត ឯកឧត្តម ជា ចំណាន ក៏ដូចជាក្រសួងស្ថាប័នជំនាញនានា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រើនរំឭកម្តងហើយម្តងទៀតថា វ៉ាក់សាំង ពិតជាបានរួមចំណែកការពារសុខភាព សុវត្ថិភាពក៏ពិតមែនហើយ ប៉ុន្តែទាំងអ្នកដែលបានចាក់គ្រប់ដូសរួចរាល់ហើយក្តី អ្នកដែលទើបតែចាក់បានដូសទី ១ក្តី និង អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ពោលគឺនឹងចាក់ជាបន្តបន្ទាប់ក្តី ក៏ត្រូវតែបន្តប្រុងប្រយ័ត្នអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានាដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អាជ្ញារធរនានាដាក់ចេញ មានវិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួមជាដើម ។
គួរជម្រាបជូនថា ឯកឧត្តម វង សូត ក៏បានឧបត្ថម្ភថវិកា ៦ លានរៀលដល់ក្រុមការងារគ្រូពេទ្យ ១១ នាក់ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់នៅក្នុងក្រសួងសង្គមកិច្ច រយៈពេល ៦ ថ្ងៃនេះផងដែរ ៕

ព័ត៌មានជាប់ទាក់ទង