ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឲ្យលោកស្រី ហ្សេ រ៉ាល់ឌិនតុក្ស នាយិការប្រចាំប្រទេស នៃអង្គការអរុណរះកម្ពុជា និងក្រុមការងារ ជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងសុខុមាលភាពមនុស្សចាស់

ព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ស.អ.យ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឲ្យលោកស្រី ហ្សេ រ៉ាល់ឌិនតុក្ស នាយិការប្រចាំប្រទេស នៃអង្គការអរុណរះកម្ពុជា និងក្រុមការងារ ជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងសុខុមាលភាពមនុស្សចាស់។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា ទាំងរាជរដ្ឋាភិបាល និងក្រសួង នឹងរួមគ្នា​ខិតខំធ្វើយ៉ាងណា បង្កើតមណ្ឌលថែទាំមនុស្សចាស់ឲ្យបានច្រើននៅកម្ពុជា ដើម្បីបំពេញបន្ថែមលើកំណើន មនុស្សចាស់ និងថែទាំមនុស្សចាស់គ្មានលទ្ធភាព អាចរស់នៅបាន ដោយមានការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យក្រុមមនុស្សទាំងនោះ អាចរស់នៅដោយមានអាយុវែង និងមានសុខភាពល្អប្រសើរ។ លោកស្រី ហ្សេ រ៉ាល់ឌីនតុក្ស បានឲ្យដឹងថា លោកស្រីពិតជារីករាយយ៉ាងខ្លាំងដែលបានចូលរួមសហការជាមួយ ក្រសួងសង្គមកិច្ច ក្នុងការបំពេញការងារទាក់ទងនឹងការជួយដល់កុមារ និងមនុស្សចាស់។ លោកស្រី បានបន្ថែមថា អង្គការអរុណរះ នឹងនៅតែបន្ត សកម្មភាព និងរួមសហការគ្នាបន្តទៀត ជាមួយក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះនៅកម្ពុជា។ គួរបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពាសង្គម ដើម្បីកំណត់ ផែនការយុទ្ធសាស្រ្ត ក្នុងការធានាឲ្យមានសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា៕

 

ព័ត៌មានជាប់ទាក់ទង