គណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន​ និងយុវ​នីតិសម្បទា ជួបគណៈប្រតិភូក្រុមប្រឹក្សាសុខុមាលភាពថ្នាក់ជាតិ បង់ក្លាដេស

ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន​ និងយុវ​នីតិសម្បទា និងក្រុមប្រឹក្សាសុខុមាលភាពថ្នាក់ជាតិបង់ក្លាដេស បានជួបសំណេះសំណាលគ្នា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នា ជំរុញអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងសុខុមាលភាព​ប្រជាជ​ននៅកម្ពុជា។

ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើង ឯកឧត្តម​ តូច ចាន់នី អគ្គ​នាយក នៃអគ្គ​នាយកដ្ឋានបច្ចេកទេស ​តំណាងឯកឧត្តម   វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិសម្បទា និងមន្រ្តីក្រសួងសង្គមកិច្ច បានជួបសំណេះសំណាលជាមួយ​ ឯកឧត្តម ATM Nashir Mia នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន ក្រុមប្រឹក្សា សុខុមាលភាព នៃប្រទេស​បង់ក្លាដេស បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាសុខុមាលភាពថ្នាក់ជាតិបង់ក្លាដេស ខណៈ ដែលបានអញ្ជើញមកទស្សនកិច្ច​សិក្សា នៅទីស្តីការក្រសួងសង្គមកិច្ច ។

នៅក្នុង​ឱកាសនោះ ឯកឧត្តម តូច ចាន់នី បានលើកឡើងថា រាជរដ្ឋាភិបាល បានកំណត់នូវចក្ខុវិស័យរយៈពេលវែងសម្រាប់  ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមគឺ ការ កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុដែលជាឧបករណ៍បម្រើដល់ការកាត់ បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាព ងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធន ធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបន្ថែមថា ផ្អែកលើចក្ខុវិស័យនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលមានលក្ខណៈ ទូលំទូលាយដោយផ្តោតលើសសរស្តម្ភពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។

ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្រ្តី វង សូត ឯកឧត្តម តូច ចាន់នី បានលើកឡើងថា ដើម្បីរួមចំណែកសម្រេចឱ្យបាននូវ​បំណង​ប្រាថ្នា​និងចក្ខុវិស័យ​ខាងលើក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានរៀបចំនូវផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ សម្រាប់អភិវឌ្ឍន៍ វិស័យសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។ គោលបំណងនៃការរៀបចំឯកសារនេះ គឺដើម្បីកំណត់អំពីយុទ្ធសាស្ត្រ របស់ក្រសួងធានាឱ្យបាននូវសុខុមាលភាព​សង្គមប្រកបដោយសុខដុម កាត់បន្ថយនូវភាពរងគ្រោះនិង ងាយរងគ្រោះរបស់ប្រជាជន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនគ្រប់ស្រទាប់​សំដៅ​លើកកម្ពស់ កម្រិតជីវភាពប្រជាជន ជាពិសេស ប្រជាជនក្រីក្រ ងាយរងគ្រោះ ជនពិការ កុមារកំព្រា អនីតិជន ជនរង គ្រោះដោយសារការប្រើប្រាស់​គ្រឿងញៀន​អតីតយុទ្ធជនអតីតមន្ត្រីរាជការស៊ីវិល និងមនុស្សចាស់ជរា។

ជាមួយគ្នានោះ ឯកឧត្តម ATM Nashir Mia នាយកប្រតិបត្តិនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសុខុមាលភាព នៃប្រទេស​បង់ក្លាដេស បានសម្តែងការ​ស្វាគមន៍​​ដែលបានបំពេញទស្សនកិច្ច នៅក្រសួងសង្គមកិច្ចនាពេលនេះ។ លោកថា ការបំពេញទស្សនកិច្ច នាពេលនេះ បានបង្កើនចំណងមិត្តភាពរវាង​ក្រសួង និងក្រុមប្រឹក្សាសុខុមាលភាព នៃប្រទេស​បង់ក្លាដេស កាន់តែជិតស្និទថែមមួយកម្រិតទៀត។

ឯកឧត្តម ATM Nashir Mia បានបន្ថែមថា ការជួបពិភាក្សានាពេលនេះ នឹងកាន់តែធ្វើឲ្យការសហការជាមួយគ្នា កាន់តែរឹងមាំ និងឆ្ពោះសំដៅដល់ការ ផ្លាស់ប្តូរបទពិសោធន៍គ្នា ជំរុញអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងសុខុមាលភាព​ប្រជាជ​ននៅកម្ពុជា។

ឯកឧត្តម តូច ចាន់នី បានមានប្រសាសន៍ថា ក្រសួសង្គមកិច្ច គឺជាសេធិការឱ្យរាជរដ្ឋាភិបាល ទទួលខុសត្រូវក្នុងការរៀបចំ គោលនយោបាយ និងដឹកនាំ​គ្រប់គ្រងរាល់សេវាសង្គមកិច្ចរបស់រដ្ឋដើម្បីជួយដល់ប្រភេទជនងាយរងគ្រោះ និងក្រីក្រជាអាទិ៍ជនចាស់ជរាគ្មានទីពឹង ជនពិការ ជនរស់នៅតាម​ចិញ្ចើម​ថ្នល់ កុមារកំព្រា កុមារតាម ចិញ្ចើមថ្នល់ ស្រីពេស្យាចារ ជនដែលផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ និងមានរោគឆ្លងកាចសាហាវ ជនក្រីក្រ ជួបការ​លំបាក​ជាងគេក្នុងសង្គម៕

ថ្ងៃ សុក្រ ទី ១៥ ខែ កុម្ភ ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen