កម្មវិធីកិច្ចសហការរវាងកម្ពុជា-អូស្ត្រាលី ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព ​និងសមធម៌សម្រាប់ជនមា​នពិការភាព នៅកម្ពុជា

 រដ្ឋាភិបាល អូស្ត្រាលី កំពុង​បង្កើត​កម្មវិធី​ការងារ​រួមគ្នា​មួយ គឺកម្មវិធី កិច្ចសហការរវាងកម្ពុជា-អូស្ត្រាលី ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព ​និងសមធម៌សម្រាប់ជនមា​នពិការភាព ហៅ​កាត់​ថា ACCESS ដែល​នឹង​ជួយ​លើកកម្ពស់​ជន​មាន​ពិការភាព​នៅ​កម្ពុជា កាន់តែ​មាន​ភាព​ស្មើមុខស្មើមាត់​នៅក្នុង​សង្គម។​

ការរួមគ្នារវាងកម្ពុជា និងអូស្ត្រាលីនាពេលនេះ​ ធ្វើឡើង​បន្ទាប់ពី​មើលឃើញថា ​​វិស័យ​ពិការភាព រយៈពេល​ប៉ុន្មាន​ចុងក្រោយនេះ ទទួលបានការគាំទ្រ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ដែល​ធ្វើឱ្យ​ស្ថានភាព​ជន​មាន​ពិការភាព​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរឡើង​ជា​បន្តបន្ទាប់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ​នៅក្នុងសិក្ខាសាលា ​ពិគ្រោះ​យោបល់​លើ​សកម្មភាព​អាទិភាព​ទាក់ទង​ទៅ​និង​ផ្នែក​ពិការភាព សម្រាប់​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី​-​កម្ពុជា ដើម្បី ផ្តល់​សេវា​ប្រកបដោយ​និរន្តរភាព និង សមធម៌ រៀបចំ​នៅឯ​សណ្ឋាគារ HIMAWARI   នា​ព្រឹក​ថ្ងៃទី២៥ ខែកម្ភៈ ឆ្នាំ២០១៩។

 ឯកឧត្តម ឯម ច័ន្ទ​មករា បាន​បញ្ជាក់ថា កម្មវិធី ACCESS គឺជា​កម្មវិធី​ចាត់​អាទិភាព ពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ភាព ២០១៩-២០២៣ ដែល​ផែនការ​នេះ គឹជា​ការរួម​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​អូស្ត្រាលី ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព​ជាតិ​កម្ពុជា ដើម្បី ជំរុញ​ឱ្យ​វិស័យ​ពិការភាព​នៅ​កម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​ថែមទៀត។ លោកបានបន្ថែមថា តាមការ គ្រោងទុក​កម្ម​វិធី ACCESS នេះ​នឹងត្រូវ​អនុវត្ត​រយៈពេល ៣ ឆ្នាំ គឺ​ឆ្នាំ ២០១៩-២០២១ ដែល​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាជាង២លាន​ដុល្លារ​អារ​មិ​ក ដែល​ថវិកា​នោះ គឺជា​ថវិកាបដិភាគរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង រដ្ឋាភិបាល​អូស្ត្រាលី។

ឯកឧត្តម ឯម ច័ន្ទ​មករា ​បានបន្ថែមឲ្យដឹងថា សិក្ខាសាលា​នាថ្ងៃនេះ ​ធ្វើឡើងដើម្បីត្រៀមរៀបចំប្រមែប្រមូលគំនិត និងធាតុជោរ ដើម្បីដាក់ឲ្យមានការ អនុវត្តគម្រោងកម្មវិធី ACCESS ក្រោយពេលសម្ពោធគម្រោងកម្មវិធី ACCESS នាខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

គួរ​បញ្ជាក់ថា បើយោងតាមការធ្វើអង្គេត ថ្នាក់ជាតិប្រជាសាស្រ្ត និងសុខភាពឆ្នាំ២០១៤ របស់ក្រសួងផែនការ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា មានអត្រាជនមានពិការភាពប្រមាណ ៩,៥%នៃចំនួនប្រជាជនសរុប៕

ថ្ងៃ អង្គារ ទី ២៦ ខែ កុម្ភ ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen