ជំនួបឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង ស.អ.យ និង លោក Alain Dugueyt ប្រធានអង្គការកុមារអាស៊ី

ទីស្តីការក្រសួង ៖ ឯកឧត្តម វ​ង សូត រដ្ឋម​​ន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន និងយុវ​នីតិសម្បទា បានមានប្រសាសន៍ថា  រាជរដ្ឋាភិបាលនៅតែ​បន្តគាំពារ និងយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត លើកុមាររងគ្រោះ និងងាយរងគ្រោះនៅកម្ពុជាទោះបីជាពេលប​ច្ចុប្បន្ន កុមាររងគ្រោះ និង​ងាយរងគ្រោះ​មានការថយចុះក៏ដោយ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋម​ន្រ្តី បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយ លោក Alain Duqueyt និងប្រតិភូ​អង្គការកុមា​រអាស៊ី នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

 ឯកឧត្តមរដ្ឋម​​ន្រ្តីបានឲ្យដឹងថា ស្ថានភាពកុមារ នាពេលបច្ចុប្បន្ន​ គឺមា​នភាពល្អ​ប្រសើរដោយសារ តែកុមា​រគឺមាន​អាណាព្យាបាលយ៉ាងហោចណាស់ម្នាក់ ចំណែកកុមាររងគ្រោះគ្មានទីពឹងដែលរដ្ឋត្រូវបន្តគាំពារ និងយកចិ​ត្តទុកដាក់បន្ថែមទៀត។ យ៉ាងហោចណាស់ នៅតាម​តំបន់សហគមន៍ ត្រូវមាន​មណ្ឌល​ថែទាំ​កុមារមួយ ឬ២ជាចាំបាច់។ រាជរដ្ឋាភិបាលកម្ពុជា បានបង្វែរពីការផ្តល់សេវានៅក្នុងមណ្ឌល ទៅផ្តល់ជូនកុមាររស់នៅជាមួយគ្រួសារ នៅតាមសហគមន៍វិញ ដោយសារតែការរស់នៅរបស់កុមារជាមួយគ្រួសារ និងសហគមន៍ គឺមានការមើលថែ និងគាំទ្រ មានសុវត្ថិភាព ជាងការរស់នៅក្នុងមណ្ឌល។

 លោក Alain Duqueyt បានលើកឡើងថា ការវិវត្តន៍រប​ស់កម្ពុជា គឺមានសន្ទុះលឿន និងប្រសើរឡើងក្នុងអំឡុងពេលដែលអង្គការកុមារអាស៊ីបានចូល​រួម​ចំណែកជួយដល់មណ្ឌលមួយចំនួននៅកម្ពុជា។ លោកបានបន្តថា គោលបំណងនៃការជួយរបស់អង្គការ នា​ពេលនេះ គឺដើម្បីជួយឲ្យមណ្ឌលទាំងនោះ មាន​ភាពល្អប្រសើរជាង​មុន។

 លោក Alain Duqueyt បានបន្ថែមថា ក្រសួងសង្គមកិច្ច នៅតែដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយដល់ការងារកុមា​រ ដែលរងគ្រោះ និង គ្មានទីពឹងនៅកម្ពុជា ដូចនេះ ដោយសារតែ សកម្មភាព​របស់ក្រសួងសង្គមកិច្ច និងតួនាទីបច្ចេកទេសនៃក្រុមការងារ​ ហេតុនេះហើយ ក្រសួងសង្គមកិច្ច នៅតែជាដៃគូ ដ៏សំខាន់​​ជាមួយអង្គការ។

 ប្រធានអង្គការកុមារអាស៊ី បានប្រាប់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ឲ្យដឹងថា អង្គការនៅតែបេ្តជ្ញារួមគ្នាថា ចំពោះបញ្ហាកុមារ និងកុមារដែលងាយរងគ្រោះ គឺអង្គការ​នៅតែចង់បន្តការជួយគាំទ្រ ធ្វើយ៉ាងណា ឲ្យកុមារទាំងនោះ មានអនាគតល្អ និងអាចទៅដល់ការងារចុងក្រោយដូចជាការអប់រំ និងចំណេះដឹងទូទៅជាដើម៕

ថ្ងៃ អង្គារ ទី ០៥ ខែ មិនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen