ពិធីប្រគល់ទទួលផ្ទាំងទិន្នន័យ អធិការកិច្ខសេវាថែទាំជំនួសចំពោះកុមារ

ទីស្តីការក្រសួង: ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ ទទួល ផ្ទាំងគ្រប់គ្រង​ទិន្នន័យ​អធិកា​រកិច្ចសេវាថែទាំជំនួសចំពោះកុមារ និងឧបករណ៍សម្រាប់តាមដានករណីកុមារដែលបានធ្វើសមាហរណកម្ម។

នៅក្នុងពិធីនោះ លោកជំទាវ ខៀវ បូរី បាន​លើកឡើងថា កម្មវិធីនាថ្ងៃនេះ ជាការបង្ហាញនូវសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងតាមរយៈការគាំទ្រ និងកិច្ចសហការរបស់អង្គការយូនីសេហ្វ និងវិទ្យាស្ថានបើកទូលាយ ក្នុងការធ្វើឱ្យការងារថែទាំជំនួសចំពោះកុមារ និងការតាមដានត្រួតពិនិត្យកុមារ សមាហរណកម្ម កាន់តែមានភាពល្អប្រសើរឡើង។

 លោកជំទាវ បានប​ន្ថែមថា នេះជាការផ្ទេរក្នុងជំហ៊ានដំបូង ដើម្បីឱ្យក្រសួងត្រៀមលក្ខណៈសម្បត្តិ ឲ្យគ្រប់គ្រាន់ក្នុងការយកទៅគ្រប់គ្រង ដោយខ្លួនឯង បាននៅថ្ងៃ​អនាគត ហើយនេះ ក៏ជាការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណិត្តទី៦ ដោយបានដាក់បញ្ចូលនៅក្នុងកម្មវិធី​គោលនយោបាយ ជាពិសេសយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្ត្រទី១ ការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រៀបចំ​ផែន​ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលនឹងមានសូចនាករ លទ្ធផល និងពេលវេលាជាក់លាក់សម្រាប់អនុវត្ត និងសង្គតិភាពជាមួយនឹងឯកសារ​គោលនយោបាយតាមវិស័យដទៃទៀត។

 ជាមួយគ្នានោះ លោក ប្រូសគ្រែន (Bruce Grant) ប្រធានផ្នែកកិច្ចការពារកុមារ នៃអង្គការយូនីសេហ្វ បា​នលើកឡើងថា ដើម្បីពង្រឹងការអនុវ​ត្តផែនការនេះ ឲ្យ​មាន​ប្រសិទ្ធភាព អង្គការបានគាំទ្រ ដល់ក្រសួងសង្គមកិច្ច ក្នុងការជ្រើសរើសបុគ្គលសង្គម ដើម្បីបម្រើការងារឲ្យកាន់តែមាន​ភាពល្អប្រសើរ​​ថែមមួយកម្រិតទៀត។

 លោក ប្រូសគ្រែន បានបន្តថា អង្គការយូនីសេហ្វ បានគាំទ្រក្រសួងសង្គមកិច្ច ក្នុងការបង្កើតទិន្នន័យអធិការកិច្ចសេវាថែទាំជំនួសចំពោះកុមារ និងឧបករណ៍​សម្រាប់​តាមដានករណីកុមារ ដែលបានធ្វើ សមាហរណកម្ម ដែលបំពេញការងារដល់បុគ្គលិកសង្គមនាពេលបច្ចុប្បន្ននេះ។

 លោកបានបន្ថែមថា ឧបករណ៍សម្រាប់តាមដានករណីកុមារ ដែលបានធ្វើ សមាហរណកម្ម ត្រូវ​បាន​បង្កើតឡើង ក្នុងគោលបំណងដើម្បីដោះស្រាយ បញ្ហាចំពោះ​កុមារ និងទិន្នន័យព័ត៌មាន​កុមារ ពង្រឹងគុណភាពនៃការថែទាំ និងការអនុវត្ត តាមដាន ពិនិត្យវឌ្ឍភាព និងសមាហរណកម្ម​​ថែទាំកុមារ។

 លោកជំទាវ ខៀវ បូរី តំណាងរដ្ឋមន្រ្តី វង សូត បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រកន្លងមករបស់ អង្គការ​យូនីសេហ្វ ​ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសូមអរគុណដល់ វិទ្យាស្ថានបើកទូលាយ ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា សម្រាប់ការរៀបចំប្រព័ន្ធទិន្នន័យមួយនេះ៕

ថ្ងៃ ព្រហស្បតី៏ ទី ១៤ ខែ មិនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen