ពិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្តល់របបគោលនយោបាយ ជូនបងប្អូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍

កំពង់ចាម៖ ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្តល់របបគោលនយោបាយ ជូនបងប្អូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍។

នាឱកាសនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយូទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បច្ចុប្បន្នជនមានពិការភាព មិនត្រូវបានគេរើសអើង ហើយត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន នៅឆ្នាំ២០១៨កន្លងទៅ ជនពិការចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០ ដោយមានជនពិការចំនួន ២.៨៣៩នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៥៦នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន១.៤៧៨នាក់។

 ឯកឧត្តមបានបន្ថែមថា ក្រសួងបាននិងកំពុងពិនិត្យ ក្នុងការផ្តល់របបគោលនយោបាយនេះ ទៅតាមបណ្តាខេត្តផ្សេងៗទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាឱ្យបងប្អូនជនមានពិការភាពក្រីក្រអាចទទួលរបបតាមគោលការណ៍កំណត់។

 ដោយឡែករាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាព ជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបាន​កំណត់ក្នុង​យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ អំពីការអនុវត្ត​គោលនយោបាយពិការភាពតាមរយៈការ​ពង្រឹងការអនុវត្តច្បាប់​ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ព្រមទាំងពង្រឹងគុណភាពនិងប្រសិទ្ធភាព នៃសេវារបស់មូលនិធិជនពិការផងដែរ។

ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច អតីតយូទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បច្ចុប្បន្ន ក្រសួងបានចេញប្រកាសទទួលស្គាល់ជនពិការក្រីក្រ តាមការស្នើសុំពីគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ​ចំពោះជនពិការ​ក្រីក្រ​នៅតាម​សហគមន៍ដែលបានកំណត់អត្តសញ្ញាណការធ្វើបច្ចុប្បន្នភាពជនពិការក្រីក្រ សរុបចំនួន ១.១៦២៨នាក់ ក្នុងនោះជនពិការក្រីក្រទទួលរបប ៣ខែមានចំនួន ១០នាក់ ទទួលរបប៦ខែ មានចំនួន ៤.១១៧ នាក់ និងទទួលរបប១២ខែ មានចំនួន ៧.៥០១ នាក់។

 ឯកឧត្តម តូច ចាន់នី បានពន្យល់ថា ចំពោះការបើកគណនី និងការបើកផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ សម្រាប់ពិនិត្យ ព្យាបាល និងថែទាំសុខភាពនៅឃុំចំនួន០៦ ក្នុងស្រុកកោះសូទិននេះ បានសរុបចំនួន៥០២នាក់ ហើយនៅសល់ ចំនួន១៦១នាក់ទៀតមិនទាន់មកបើកគណនី និងប្រាក់ឧបត្ថម្ភ។

ចំពោះជនពិការ ដែលមិនអាចមកបើកគណនី នឹងទទួលប្រាក់បាន ក្រុមការងារបានសហការជាមួយធនាគារចុះបំពេញឯកសារដល់លំនៅដ្ឋានទើបបាន ចំនួន០៧នាក់ និងគ្រោងធ្វើបន្ត ។ ជនពិការដែលនៅសល់ចំនួន១៦១នាក់នេះ បើតាមរបាយការណ៍ឃុំបានបញ្ជាក់ថាឲ្យដឹងថា ជាជនពិការក្រីក្រធ្ងន់ធ្ងរ និងជនពិការចាស់ជរាមិនអាចមកបើករបប និងគណនីដោយផ្ទាល់បាន ដោយក្នុងនោះក៏មានជនពិការក្រីក្រធ្ងន់ធ្ងរ បានទទួលមរណភាព ចំនួន១៩នាក់។

 គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៦មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្របាន ចំនួន១១,៦២៨ នាក់ ក្នុងនោះ៖

 *ទី១៖ ខេត្តត្បូងឃ្មុំ ចំនួន២,០០៩នាក់
*ទី២៖ ខេត្តព្រៃវែង ចំនួន១,៦៣៥នាក់
*ទី៣៖ ខេត្តស្វាយរៀង ចំនួន១,៦៩៨នាក់
*ទី៤៖ ខេត្តប៉ៃលិន ចំនួន១,៣១២នាក់
*ទី៥៖ ខេត្តកំពង់ចាម ចំនួន៦៣៤នាក់
*ទី៦៖ ខេត្តកណ្តាល ចំនួន១,៦៥៣នាក់
*ទី៧៖ ខេត្តកំពង់ធំ ចំនួន៣១៣នាក់
*ទី៨៖ ខេត្តកំពង់ស្ពឺ ចំនួន៤២២នាក់
*ទី៩៖ ខេត្តបាត់ដំបង ចំនួន១,៤៧២នាក់
*ទី១០​៖ ខេត្តពោធិ៍សាត់ចំនួន៤៨០នាក់៕

 

ថ្ងៃ អង្គារ ទី ១៩ ខែ មិនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen