ពិធីសម្ភោធដាក់ឱ្យដំណើរការកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់​សេវាប្រកប​ដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ ACCESS)

ភ្នំពេញ៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់​សេវាប្រកប​ដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ ACCESS) នាថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

នាឱកាសដ៏ថ្លៃថ្លានេះ  ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការបានមាន​ប្រសាសន៍ថា  ផ្តើមចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ​បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទិ្ធជនមានពិការភាព និងបានក្លាយជារដ្ឋភាគីជាផ្លូវការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ក្នុងនោះ កម្ពុជា ក៏ជាប្រទេសហត្ថលេខីអនុវត្តយុទ្ធសាស្រ្តអ៊ីនឈាន់ ធ្វើឱ្យសិទ្ធិក្លាយជាការពិត សម្រាប់ជនមានពិការភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ទសវត្សរ៍ជនមានពិការភាព ឆ្នាំ២០១៣-២០២២ ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា គិតត្រឹមខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានផ្តល់របបគោលនយោបាយ​ជន​​ពិការក្រីក្រតាមសហគមន៏ដល់​ជនមានពិការភាព បាន​ចំនួន ១០ខេត្ត ​សរុបចំនួន១១.៦២៨ នាក់ ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ នៅតាម​ក្រសួង-ស្ថាប័នរដ្ឋឱ្យគ្រប់២%  និងវិស័យឯក ជន ១%។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ ជនមានពិការភាពសរុបចំនួន ២.៨៣៩ នាក់ ក្នុងនោះ ជនពិការកម្រិតធ្ងន់មានចំនួន ១.៤៧៨ នាក់ បានចូលបម្រើការងារ​​​នៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន ៤០ ចំណែកវិស័យ ឯកជនចំនួន ៧៧ មានជនពិការចំនួន ៣.០៥៥ នាក់ បាននិងកំពុងបម្រើការងារ។ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនមានចំនួនប្រមាណ ៥.៨៩៤ នាក់។

ឯកឧត្តមរដ្ឋមន្រ្តីចាត់ទុកថា កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ហៅកាត់ថា អ៊ែកសេស (ACCESS) នឹង​អាច​ជួយដល់ជនមានពិការភាព និងស្រ្តីដែលរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយ៉េនឌ័រ (Gender Based Violent GBV) នឹងទទួលបានអត្ថប្រយោជន៍​ពីកម្មវិធី​ ACCESS ដែលមានសេវាកម្មប្រកបដោយនិរន្តរភាពគុណភាព ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ។ ក្នុងន័យនេះ កម្មវិធី ACCESS គឺជា​កាលានុវឌ្ឍភាព​​ថ្មី​មួយទៀត ក្នុងការបើកទំព័រជួយដល់​វិស័យ​ពិការភាព បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តដោយជោគជ័យនៃផែនការយុទ្ធសាស្ត្រ​ជាតិ​ស្តីពីពិការភាព ២០១៤-២០១៨ នាពេលកន្លងទៅនេះ៕

ថ្ងៃ ព្រហស្បតី៏ ទី ២១ ខែ មិនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen