ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្តី

ទីស្តីការក្រសួង៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាថ្ងៃអង្គារ ០៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦២ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសាខាងមុខនេះ។

ពិធីនេះបានប្រារព្ធធ្វើនៅទីស្តីការក្រសួង ទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ៧អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល ដើម្បីជំរះនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី ព្រះនាមទុង្សាទេវី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីកម្ពុជា។ ជាពិសេសសូមជួយបីបាច់ថែរក្សាឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព និងការអភវឌ្ឍជានិច្ចនិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែ ប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសដែរ ក៍មានការសម្តែងនូវរបាំជូនពរ បាំឆៃយំា និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តាញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់និងទទួលយកសិរីសួស្តីបវរមហាប្រសើរ ក្នុងឆ្នាំថ្មី ជូនដល់ឯកឧត្តរដ្ឋមន្រ្តី និងជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ ទទួលបានជោគជ័យថ្មីៗថែមទៀត។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅទីស្ដីក្រសួងសង្គមកិច្ចរួចហើយ ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានរៀបចំពិធីជប់លៀង ជូនដល់មន្រ្តីក្រសួងទាំងអស់ ដើម្បីជាការ លើកទឹកចិត្ត ដែលបានបំពេញការងារ ទាំងកម្លាំងកាយចិត្ត៕

 

Caption

 

Caption
Caption

ថ្ងៃ អង្គារ ទី ០៩ ខែ មេសា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen