កម្ពុជា-ថៃ នឹងចុះហត្ថលេខារួមគ្នា លើការពង្រឹង និងគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងរបៀបវារៈលើកទី២ ត្រៀមពិនិត្យ និងចុះហត្ថលេខាលើនីតិប្រតិបត្តិបទដ្ឋាន និងរៀបចំផែនការសកម្មភាព នៃនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពីការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ នៅថ្ងៃទី២២​-២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា គោលបំណងនៃការបង្កើតនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពីការគ្រប់គ្រងករណីសេចក្តីព្រាងផែនការសកម្មភាពនៃនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តិពីការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជ នរងគ្រោះ ដោយអំពើជួញដូរមនុស្សរវាងកម្ពុជា- ថៃ គឺដើម្បីបង្កើតគោលការណ៍ណែនាំរួម ស្តីពីការធ្វើមាតុ ភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោមទៅតាមការអនុវត្តជាលក្ខណៈ អន្តរជាតិ, កំណត់តូនាទី និងការទទួលខុសត្រូវ នៃអាជ្ញាធរពាក់ព័ន្ធនៃរដ្ឋភាគីទាំង២ នៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម, ប្រើប្រាស់ជាឯកសារយោងពាក់ព័ន្ធនិងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា រដ្ឋភាគីត្រូវ ផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីធានានូវ ការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជាប្រព័ន្ធប្រកបទៅដោយសុវត្ថិភាព និងនិរន្តរភាព ក្រោមវិសាលភាព នៃកិច្ចសហប្រតិបត្តិការរួមមាន៖

១៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរ មនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

២៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

៣៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

៤៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម៕

ថ្ងៃ ព្រហស្បតី៏ ទី ១៨ ខែ មេសា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen