ជនរងគ្រោះ និងងាយរងគ្រោះត្រូវ បានទទួលជំនួយសង្រ្គោះបន្ទាន់

រាជរដ្ឋាភិបាល តែងតែជួយដល់ជនរងគ្រោះ ងាយរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះ​ដោយគ្រោះមហន្តរាយ​ជាយថាហេតុផ្សេងៗ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយយកចិត្តទុកដាក់ពីរដ្ឋាភិបាលឡើយ។

ទន្ទឹមនឹង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើត និងអនុវត្តកម្មវិធីសង្រ្គោះបន្ទាន់ដោយមានកិច្ចសហការ​ជាមួយ​កាកបាទក្រហមកម្ពុជានិងអង្គការនានាសម្រាប់ជួយដល់ជនក្រីក្រ ទុរគតជន ប្រជាជនរងគ្រោះដោយគ្រោះធម្មជាតិ រងគ្រោះ​ដោយគ្រោះ​មហន្តរាយផ្សេងៗ ត្រូវបានសង្គ្រោះ សម្រាលស្ថានភាពលំបាក ដោយបង្កលក្ខណសម្បត្តិសម្រាប់ការស្តារជីវភាពឡើងវិញ។

យ៉ាងណាម៉ិញកាលថ្ងៃសោរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង លោកស្រី ពេជ្រ សូភា ប្រធានមន្ទីរកិច្ចកា​រនារីខេត្ត ព្រះតេជគុណ នួន សុផន ព្រះតេជគុណ សៀន ចាន់ដារ៉ា គង់នៅវត្តធម្មយុត្តិ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ចុះសួរសុខទុក្ឋ និងបានយក​អំណោយជូនគ្រួសារ លោក ផង់ សំអាត និងភរិយា ដែលត្រូវភ្លើងឆេះផ្ទះកន្លងទៅ នៅភូមិត្រពាំងម្លូរ ឃុំក្រាំងស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង អំណោយទាំងនោះរួមមាន៖ ថវិកា ៥០០,០០០រៀល អង្ករ ១២០គ.ក  សម្លៀកបំពាក់កុមារ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ។

ក្នុងឱកាសនោះ លោកជំទាវ សៀង ចាន់ហេង នឹងជួយជាសម្ភារ:សម្រាប់ការសាងសង់ផ្ទះ ហើយព្រះតេជគុណទាំងពីរ​ព្រះអង្គនឹងជួយ​ថវិការឈ្នួលធ្វើផ្ទះ។ ចំពោះកូនប្រុសស្រីរបស់គ្រួសាររងគ្រោះ ត្រូវចូលសិក្សានៅសាលាជិតផ្ទះក្នុងបវេសនកាលខាងមុខ ប៉ុន្តែគាត់សុំ​សម្លៀក​បំពាក់ និងសម្ភារ:សិក្សាចំពោះកូនៗ៕

ថ្ងៃ ចន្ទ ទី ២២ ខែ មេសា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen