ពិធីចុះហត្ថលេខា កម្ពុជា-ថៃ លើការពង្រឹង និងគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជនរងគ្រោះដោយអំពើជួញដូរមនុស្ស

បាងកក ៖ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ មានការរៀបចំពិធីចុះហត្ថលេខាកម្ពុជា-ថៃ លើការពង្រឹង និងគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីតំណាងក្រសួងចំនួន៥ទៀត រួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល និងក្រសួងការបរទេស និងប្រតិបត្តិការអន្តរជាតិ។

ពិធីចុះហត្ថលេខានេះមានគោលបំណង ឱ្យរដ្ឋភាគីត្រូវផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីធានានូវការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជាប្រព័ន្ធប្រកបទៅដោយសុវត្ថិភាព និងនិរន្តរភាព ក្រោមវិសាលភាព នៃកិច្ចសហប្រតិបត្តិការរួមមាន៖

១៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរ មនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

២៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

៣៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

៤៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម៕

Caption

ថ្ងៃ ចន្ទ ទី ២២ ខែ មេសា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen