សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី​នីតិវិធី​ប្រមូល​ទិន្នន័យពីស្ថាន ភាពជីវភាពនិងតម្រូវការរបស់ អតីតយុទ្ធជន និងគ្រួសារ

ខេត្តកំពត ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពី​នីតិវិធី​ប្រមូល​ទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជឹង ផល្លា អភិបាល​​រង​ខេត្តតំណាង​​ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម គង់ កន្នារិទ្ធ នាយកខុទ្ទកាល័យឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ឯកឧត្តមប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទមន្ទីរ ស.អ.យ.ខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់ និងអតីតយុទ្ធជន សរុបប្រមាណ ១៥០នាក់។

សិក្ខាសាលានេះ មានគោលបំណងឱ្យមន្ត្រីនៅតាមសហគមន៍មានភារកិច្ចសម្របសម្រួល និងប្រមូលព័ត៌មានស្តីពីស្ថានភាពជីវភាព និងតម្រូវការរបស់​អតីតយុទ្ធជន និងគ្រួសារ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបញ្ជីកម្រងសំណួរ និងសេវាឆ្លើយតបជូនដល់អតីតយុទ្ធជនឲ្យចំគោលដៅ។

នាឱកាសនោះ ឯកឧត្តម តូច ចាន់នី បានមានប្រសាសន៍ផ្តាំផ្ញើជូនដល់សិក្ខាកាមទាំងអស់សូមចូលរួមអនុវត្តការងារប្រមូលទិន្នន័យនេះឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីជាធាតុចូលយ៉ាងសំខាន់សម្រាប់រៀបចំគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានា ដើម្បីជួយដល់ពួកគាត់ និងជាការគោរពដឹងគុណជូនអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិយើង៕

ថ្ងៃ ព្រហស្បតី៏ ទី ០២ ខែ ឧសាភា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen