

មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយ ស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍
ព្រះសីហនុ :ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អមដំណើរ ដោយ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿង ញៀន និងថ្នាក់ដឹកនាំជាអគ្គនាយក អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ បានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌល ជាតិផ្តល់សេវា ព្យាបាល ដោយស្ម័គ្រ និងផ្អែកលេីសហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជម្រាបជូនប្រតិភូពីការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របង បណ្តាញលូ សំណង់អគាររដ្ឋបាល អគារមន្ទីរពេទ្យ អគារស្នាក់នៅសម្រាប់អ្នកជំងឺបុរស ១ និងស្រ្តី១ អគារបណ្តុះបណ្តាលវិជ្ជាជីវៈ ឃ្លាំង បន្ទប់អគ្គិសនី និងបន្ទប់សម្រាប់ចម្រោះទឹកស្អាត។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី វង សូត និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ ដោយសំណូមពរដល់អ្នក ពាក់ ព័ន្ធទាំងអស់ ជួយសម្របសម្រួលការងារតាមជំនាញបច្ចេកទេសរៀងៗ ខ្លួនដេីម្បីឲ្យមជ្ឈមណ្ឌលជាតិនេះអាចដំណេីរការផ្តល់សេវាព្យាបាល ដល់ជន រងគ្រោះបានឆាប់។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបាន បេីកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លេីទំហំដីសរុប២០ហិកតា ដែលមានសមត្ថភាពទទួលជនរងគ្រោះបានរហូតដល់២ពាន់នាក់៕