ការប្រារព្ធ «ទិវាអន្តរជាតិស្តីពីគ្រួសារ» ដើម្បីរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងតួនាទីដ៏មានសារៈសំខាន់នៃគ្រួសារ

ការប្រារព្ធ «ទិវាអន្តរជាតិស្តីពីគ្រួសារ» ដើម្បីរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងតួនាទីដ៏មាន​សារៈសំខាន់នៃគ្រួសារ

កំពង់ចាម៖  ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយ ចំពោះគ្រួសារ បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារនាពេលនេះ ជាការរួមចំណែកផ្សព្វផ្សាយបានលើកកម្ពស់ការយល់ដឹង អំពីតួនាទីដ៏មានសារៈសំខាន់នៃគ្រួសារ ដែលបានខិតខំប្រឹងប្រែងចិញ្ចឹម បីបាច់ថែរក្សាអប់រំទូន្មានប្រៀនប្រដៅកូនចៅ ឲ្យក្លាយជាពលរដ្ឋល្អ គ្រួសារល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំង ចលករមិនអាចខ្វះបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន។

ឯកឧត្តម រដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងឱកាស ឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីប្រារឰខួបអនុស្សាវរីយ៍លើកទី២៥ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ «សុខុមាលភាពគ្រួសារ ជាកត្តាលីករក្នុងការ អនុវត្តប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» ដែលរៀបចំធ្វើនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំក្រសួង ស.អ.យ និងប្រធានមន្ទីរក្នុងទីរួមខេត្ត មន្រ្តីរាជការព្រមទាំងតំណាងគ្រួសារ សរុបចំនួន ៤៥០នាក់។

ថ្លែងក្នុងអង្គពិធីនោះ ឯកឧត្តម វង សូត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជានថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្តដោយ បានរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាកម្ពុជា បានចេញសារលិខិតថ្លែងទៅកាន់ជនរួមជាតិទាំងអស់ ជាពិសេសមេគ្រួសារ ដែលបានខិតខំចិញ្ចឹមបីបាច់ ថែរក្សាកូនចៅ ឲ្យក្លាយជាពលរដ្ឋក្នុងសង្គមផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាកម្ពុជា បានខិតខំយកចិត្តទុកដាក់ និងចាត់វិធានការជាច្រើនដើម្បី លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ ប្រជាជន និងសុខុមាលភាពរបស់គ្រួសារ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍសង្គម និងធ្វើសុខដុមនីយកម្ម តាមរយៈ ការបង្កើតឲ្យមានច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនពាក់ព័ន្ធ នឹងការងារលើកកម្ពស់តម្លៃគ្រួសារ។

រាជរដ្ឋាភិបាលអាណត្តិទី៦នេះ បានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ស៊ីជម្រៅ និងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ជាក់ស្តែង ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រនឹងចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ សំដៅជួយសម្រួល និងដោះស្រាយការលំបាក ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះបន្ថែមទៀត។

លើសពីនេះទៀត ដើម្បីកសាងគ្រួសារឱ្យមានសុភមង្គល រាជរដ្ឋាភិបាល បានកំពុងនិងជំរុញការអនុវត្តឱ្យស្របតាមគោលដៅ អភិវឌ្ឍសហស្សវត្ស រួមមាន៖

ការលុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លាន ការសម្រេចបាននូវការអប់រំមូលដ្ឋានសម្រាប់ទាំងអស់គ្នា បង្កើនសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី ការបង្កើនសុខុមាល ភាពមាតា និងកាត់បន្ថយអត្រាមរណភាពកុមារ ជាដើម។

ផ្អែកលើមូលដ្ឋាននេះ វិស័យសង្គមកិច្ច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋយើង ជាក់ស្តែងក្រសួងបានខិតខំដោះ ស្រាយកិច្ចការបន្ទាន់ និងសំខាន់ជាច្រើន។

គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលប្រទេសនានាលើសកលលោក តែងប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨៩ ហើយរាជ រដ្ឋា ភិ បាល កម្ពុជា បានចេញអនុក្រឹត្យ ស្តីពីទិវាអន្តរជាតិ ស្តីពីគ្រួសារ១៥ ខែឧសភា ដើម្បីរួមគ្នាអនុវត្តសេចក្តី​សម្រេចចិត្តនេះ និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងទទួល បន្ទុក ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីជម្រុញឲ្យការអភិវឌ្ឍគ្រួសារមានស្ថានភាពកាន់តែប្រសើរឡើងស្របតាមស្ថានភាពការវិវត្ត នៃសេដ្ឋកិច្ចជាតិ និងកំណែទម្រង់ប្រព័ន្ធបៀរវត្ស និងប្រព័ន្ធប្រាក់សោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។

 

ក្នុងឱកាសដ៏មានតម្លៃនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី វង សូត និងលោកជំទាវ បានផ្តល់អំណោយដល់តំណាងគ្រួសារដែលបានចូលរួមក្នុងពិធី ដោយម្នាក់ៗទទួលបាន សំពត់១ ច្រាស់ដុសធ្មុញ និងថ្នាំដុសធ្មុញ១សម្រាប់ និងថវិកា ៤០.០០០រៀលផងដែរ៕ 

 

 

 

 

ថ្ងៃ សុក្រ ទី ១០ ខែ ឧសាភា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Chann chackry