ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការចំនួន៨ ក្នុងទំហំទឹកប្រាក់ជិត៧លានដុល្លារ

ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការចំនួន៨ ក្នុងទំហំទឹកប្រាក់ជិត៧លានដុល្លារ ដើម្បីជួយដល់កុមារកំព្រា និងរងគ្រោះ នៅទូទាំងប្រទេសកម្ពុជា

ទីស្តីការក្រសួង៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន៨ ក្នុងទំហំទឹកប្រាក់ជាង៦, ៧២៩, ៩៨៨ ដុល្លារសហរដ្ឋអាមេរិក ប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច ជាពិសេសផ្តោតសំខាន់លើការជួយទៅដល់កុមារកំព្រា រងគ្រោះ និងងាយរងគ្រោះ នៅទូទាំងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU)នាពេលនេះ បានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។ ការចុះ MoUនេះ គឺធ្វើឡើងក្នុងគោលបំណង ជួយលើកកម្ពស់លើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា ជាពិសេសផ្តោតសំខាន់លើការជួយទៅដល់កុមាររងគ្រោះ ងាយរងគ្រោះ និងកុមារខ្វះខាត និងក្រីក្រ នៅទូទាំងប្រទេសកម្ពុជា។

នៅក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃកិច្ចព្រមព្រៀងខាងលើ មានការអញ្ជើញជាអធិបតី ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំអង្គការទាំង៨ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតចូលរួមផងដែរ។

អង្គការទាំង៨នោះរួមមាន៖

១. អង្គការមូនិធិហ្សានីញេ ហូលីបេប៊ី(រាជធានីភ្នំពេញ និងខេត្តកណ្តាល)

២៖ អង្គការ MRRCY Ministries Foundation ( បន្ទាយមានជ័យ)

៣៖ អង្គការជំនួយស័គ្រ្មចិត្តដល់កុមារកម្ពុជា (ខេត្តបាត់ដំបង)

៤៖ អង្គការសាលាសាធារណៈ និងសង្គមកិច្ចអេលីហ្សាប៊េត(ខេត្តព្រះសីហនុ និងភ្នំពេញ)

៥៖ អង្គការមូលនិធិអូស្រ្តាលីកម្ពុជា(ខេត្តកណ្តាល)

៦៖ អង្គការតានី- ទស្សនៈវិស័យសំរាប់កុមារកម្ពុជា (ខេត្តកំពត)

៧៖ អង្គការសង្រ្គោះជោគវាសនាកម្ពុជា (រាជធានីភ្នំពេញ)

៨៖ អង្គការសួននៃក្តីសង្ឃឹមនៅកម្ពុជា (រាជធានីភ្នំពេញ)

ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា ។

ជាមួយគ្នានោះ ឯកឧត្តម តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើ បាន។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា អង្គការទាំង៨ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែក និងធ្វើសកម្មភាពជួយដល់កុមារ និងយុវជនក្រីក្រនៅកម្ពុជា។ គោលបំណងសំខាន់របស់អង្គការទាំង៨ ដែលបានសហការជាមួយក្រសួងសង្គមកិ ច្ច នាពេលនេះ គឺដើម្បីលើកកម្ពស់ការរស់នៅរបស់កុមារនៅកម្ពុជា៕

ថ្ងៃ សុក្រ ទី ២៤ ខែ ឧសាភា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen