ពិធីអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា ១មិថុនា ឆ្នាំ២០១៩

ពិធីអបអរសាទរខួបលើកទី៧០ឆ្នាំ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិកុមារ តាមរយៈ ការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់ទម្រង់»
ពិធីអបអរសាទរខួបលើកទី៧០ឆ្នាំ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិកុមារ តាមរយៈ ការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់ទម្រង់» និងខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ក្រោមប្រធានបទ «កុមារ ត្រូវសម្រេចសុបិន្តរបស់ខ្លួន ដោយមិនត្រូវធ្វើជាពលកម្មកុមារ នៅកន្លែងការងារណាមួយឡើងយ» រៀបចំធ្វើនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព នាយកឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងដ៏ខ្ពង់ខ្ពស់  សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ជាមួយនិងកុមារតាមបណ្តាអង្គការនានាច្រើនរូប។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើបទស្វាគមន៍ថា ការប្រារព្ធទិវានេះ ដើម្បីរំលឹកដល់សិទ្ធិ ជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម ទាំងឡាយរបស់កុមារ ជាពិសេសជំរុញកុមារឲ្យបានចូលរួមគ្រប់សកម្មភាព ដែលមានផលប្រយោជន៍ដល់សង្គម និងការពារកុមារពីពលកម្មកុមារគ្រប់ទម្រង់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា ជាមួយនឹងប្រធានបទដែលបានលើកឡើង ទិវាដ៏មានសារៈសំខាន់នេះ បានជំរុញឲ្យយើង ត្រូវខិតខំប្រឹងប្រែងខ្លាំង​ក្លាថែមទៀត លើការអនុវត្តសិទ្ធិចម្បងៗ ទាំងប្អូនរបស់កុមារឲ្យមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ក្នុងនាមជាប្រមុខដឹកនាំ បានបេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពន្លឿនដំណើរការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីសម្រេចឲ្យបាននូវប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានលក្ខណៈតាមស្តង់ដារជាតិ និងអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា មាន​ឆន្ទៈយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាកុមារ ធ្វើឲ្យស្ថានភាពសុខុមាលភាពកុមារនៅកម្ពុជា កាន់តែល្អប្រសើរជាលំដាប់រួមសហការពីដៃគូអភិវឌ្ឍ អង្គការ មិនមែនរាជរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលបានបង្កើតនូវកម្មវិធីជាច្រើន ក្នុងវិស័យសុខុមាលភាពកុមារ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់​ពីមាតាបិតា​ក្រុមគ្រួសារ និងសហគមន៍ជាដើម។

ក្នុងឱ្យកាសដ៏រីករាយនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដើម្បីទប់​ស្កាត់អំពើហិង្សាកុមារ ដូចជាការលើកកម្ពស់ការយល់ដឹងដល់សាធារណជន បណ្តុះបណ្តាលអាជ្ញាធរពាក់ព័ន្ធ និងគាំទ្រសកម្មភាពទប់ស្កាត់ រួមទាំងកិច្ចខិតខំ​ប្រឹងប្រែងក្នុងការអភិវឌ្ឍជំនាញ យុទ្ធនាការក្នុងការផ្លាស់ប្តូរឥរិយាបថសង្គម ការអប់រំឳពុកម្តាយ ក្នុងការថែរក្សាកុមារតាមបែបវិជ្ជមាន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា កុមារជាធនធានមនុស្សមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត ដើម្បីឲ្យធនធានម​នុស្សប្រកបដោយ សក្តានុពល ការផ្តល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាភារកិច្ចយ៉ាងសំខាន់ដែលតម្រូវឲ្យមានការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា និងដើម្បីលើកកម្ពស់ និងការពារសិទ្ធិកុមារ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័ន លើអនុសញ្ញាអន្តរជាតិជាច្រើន ដូចជា អនុសញ្ញាស្តីពីសិទ្ធិកុមារ ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ អនុសញ្ញាស្តីពីការងារ ដោយបង្ខំឬជាកាតព្វកិច្ច អនុសញ្ញាស្តីពីកម្រិតអាយុអប្បបរមាសម្រាប់ធ្វើការ អនុសញ្ញាស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់​សម្រាប់​ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងអនុសញ្ញាស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងការស្មុំកូនអន្តរប្រទេស។

ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតច្បាប់គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិជាច្រើន ដូចជាច្បាប់ស្តីពី​យុត្តិធម៌​អនីតិជនច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវ​ភេទ ច្បាប់ស្តីពីការងារជាដើម។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រារព្ធខួបទិវាកុមារពលកម្មអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកពីការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកុមារ ស្រប​តាមរដ្ធម្មនុញ្ញា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការ សងប្រជាជាតិ របស់អង្គការពលកម្មអន្តរជាតិស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់លុបបំបា​ត់ទម្រង់​ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងបទដ្ឋានជាតិ អន្តរជាតិ ស្តីពីសិទ្ធិកុមារផ្សេងៗទៀត៕

 

ថ្ងៃ ចន្ទ ទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen