កម្មវិធីចែកអំណោយសប្បុរសធម៌របស់ ម.ជ.ព. ដល់ជនពិការក្រីក្រ ៣០គ្រួសារ នៅខេត្តប៉ៃលិន៖

ប៉ៃលិន៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សៅ ឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ ចែកជូនដល់ជនពិការក្រីក្រចំនួន ៣០គ្រួសារ ដែលរស់នៅក្នុងខេត្តប៉ៃលិន។

កម្មវិធីនេះ ក៏មានការចូលរួមផងដែរពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកអភិបាលក្រុងប៉ៃលិន ថ្នាក់ដឹកនាំមូលនិធិជនពិការ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្រ្តីក្រោមឱវាទខេត្តជាច្រើននាក់ផងដែរ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម សៅ ឡែន បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ តាមរយៈការដាក់ចេញនូវយន្តការនានា ដើម្បីការពារសិទ្ធិរបស់ជនពិការ លុបបំបាត់ការរើសអើងគ្រប់រូបភាព ផ្តល់ការស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនពិការ និងបង្កើនឱកាសដល់ជនពិការក្នុងការចូលរួមក្នុងសកម្មភាពសង្គមគ្រប់វិស័យ។ ជាពិសេសដូចអ្វីដែលមាននៅទីនេះស្រាប់ គឺក្រសួងស.អ.យ.តាមរយៈមូលនិធិជនពិការ បានរៀបចំឱ្យមានកម្មវិធីជួយគាំទ្រដល់ជីវភាពរបស់ជនពិការក្រីក្រ តាមរយៈការផ្តល់អំណោយសប្បុរសធម៌ ដោយបានប្រើប្រាស់ថវិកាដែលប្រមូលពីហិបវិភាគទានសប្បុរសធម៌របស់ ម.ជ.ព.។ ក្រៅម.ជ.ព.ក៏មានកម្មវិធីជួយគាំទ្រដល់ជនពិការក្រីក្រចំនួន២ទៀតផងដែរ រួមមាន៖ ការសាងសង់ផ្ទះ និងការផ្តល់ប្រាក់កំចីដែលមានការប្រាក់ទាប។

សម្ភារៈដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបានថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិលល២គីឡូក្រាម មីម៉ាម៉ា១កេះ និងសំលៀកបំពាក់១កញ្ចប់។

គូសបញ្ជាក់ថា ចាប់តាំងពីមូលនិធិជនពិការបានដំណើរការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មកដល់បច្ចុប្បន្ននេះ នៅទូទាំង២៥រាជធានី-ខេត្តមានហិបចំនួន ៧០០ហិប ត្រូវបានដាក់នៅតាមទីសាធារណៈ ដោយបានទទួលថវិកាសរុបចំនួន ៨១៦.៧៩៧.៧០០រៀល ២.៧២៣ដុល្លា និង៧១.៩៣១បាត សម្រាប់យកទៅរៀបចំកញ្ចប់អំណោយសប្បុរសធម៌ចែកជូនជនពិការក្រីក្រនៅតាមសហគមន៍សរុបចំនួន ៧២៤នាក់ រួចមកហើយ៕

បន្ទាប់ពីបានចូលរួមជាអធិបតីចែកអំណោយសប្បុរសធម៌មូលនិធិជនពិការដល់ជនពិការក្រីក្រចំនួន ៣០គ្រួសារ នៅខេត្តប៉ៃលិនរួចមក ឯកឧត្ដម សៅ ឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ អមដំណើរដោយគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនពិការក្រីក្រនៅតាមសហគមន៍របស់មូលនិធិជនពិការ សហការជាមួយប្រធានមន្ទីរសង្គមកិច្ចខេត្តប៉ៃលិន អាជ្ញាធរដែនដី បានចុះពិនិត្យជាក់ស្តែងនៅលើដីលំនៅឋានរបស់ជនពិការក្រីក្រចំនួន ១រូប នៅប៉ៃលិន ដែលកំពុងរស់នៅក្នុងផ្ទះចាស់ទ្រុតទ្រោម។

គោលបំណងនៃការចុះពិនិត្យ និងវាយតម្លៃនេះគឺដើម្បីធានាថា ជនពិការក្រីក្រដែលមានលក្ខណៈវិនិច្ឆ័យស្របតាមគោលការណ៍ ស្តីពីការផ្តល់ផ្ទះជូនជនពិការក្រីក្រ នឹងត្រូវទទួលបានផ្ទះមួយខ្នងពីមូលនិធិជនពិការ៕

 

ថ្ងៃ អង្គារ ទី ០៦ ខែ សីហា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen