មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅដើមខែកញ្ញាខាងមុខនេះ

ណ្តាល៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អបដំណើរដោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងមន្រ្តីរាជការជាច្រើនរូប អញ្ជើញចុះត្រួតពិនិត្យមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ដែលស្ថិតនៅក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅក្នុងដេីមខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានត្រួតពិនិត្យមើលការស្នាក់នៅរបស់បងប្អូនជនវិបល្លាសស្មារតី កន្លែងព្យាបាលកន្លែងហូបបាយ និងអគាររដ្ឋបាលផងដែរ។

បន្ទាប់ពីពិនិត្យមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានចុះពិនិត្យទីតាំងគម្រោងសាងសង់ និងជួសជុលអគារមណ្ឌលយុវនីតិសម្បទា ដែលនឹងត្រូវស្ថាបនាពេលខាងមុខនេះ៕

ថ្ងៃ ចន្ទ ទី ១៩ ខែ សីហា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen