ពិធិរាប់បាត បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា

កណ្តាល៖ ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្រ្តីរាជការក្រសួង ស.អ.យ បានអញ្ជើញចូលរួមអបដំណើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវក្នុងពិធិរាប់បាត បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត មានប្រសាសន៍ឲ្យដឹងថា ការកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌនេះ ជាប្រពៃណីតាំងពីដូនតាខ្មែរ ហើយគោលបំណងនៃពិធីភ្ជុំបិណ្ឌនេះ គឺដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃគ្រប់ព្រះអង្គ គង់ចាំព្រះវស្សា នៅក្នុងទីអារ៉ាម។ ម៉្យាងទៀត គឺដើម្បីរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋគោរពប្រតិបត្តិតាមគន្លងនៃ ព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ នេះក៏ដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រ និងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់រូបមានសិទ្ធសេរីភាព ក្នុងការគោរពសាសនាគ្រប់ពេលវេលា។

ក្នុងឱកាសនោះដែរ ដើម្បីចូលរួមចំណែក លើកកម្ពស់ ទ្រទ្រងវិស័យព្រះពុទ្ធសាសនា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បាននាំយកទ័យទានវេប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់តាមតម្រូវការ និងបច្ច័យចំនួន៣៥លានរៀល សម្រាប់កសាងក្នុងវត្ត ព្រមទាំងប្រគេនដល់ព្រះសង្ឃ ក្នុង១អង្គ បច្ច័យចំនួន២០.០០០រៀលផងដែរ៕

ថ្ងៃ អង្គារ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen