ឯកឧត្តម វង សូត អញ្ញើញជាអធិបតីប្រគល់ ពានរង្វាន់បាល់ទាត់យុវជន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រចាំឆ្នាំ២០១៩

(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា បានលើកឡើងថា កីឡាធ្វើឲ្យយើងបង្កើតបានមិត្តភាព សាមគ្គីភាព ភាតរភាព រវាងស្ថាប័នមួយទៅស្ថាប័នមួយទាំងក្របខណ្ឌរដ្ឋ ក៏ដូចជាឯកជន និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខ។ ក្រៅពីនោះ ក៏មានការបណ្តុះគំនិតឲ្យក្មួយៗ ចេះស្រឡាញ់វិស័យកីឡា ពិសេសកីឡាបាល់ទាត់ ដែលជាកីឡាកំពុងតែពេញនិយម។

ឯកឧត្តម  វង សូត បានលើកឡើងបែបនេះ នៅក្នុងឱកាសដែល ឯកឧត្តម   អញ្ញើញជាអធិបតីប្រគល់ពានរង្វាន់បាល់ទាត់យុវជន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រចាំឆ្នាំ២០១៩ រៀបចំធ្វើនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត សង្កេតឃើញថា ការប្រកួតនៅឆ្នាំនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដែលទទួលបានពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់  « ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នោះគឺមានការចូលរួមពីក្រុមកីឡាករច្រើនជាងមុន និងបានផ្តល់ឱកាសឲ្យកីឡាករ បានស្គាល់គ្នា បង្កើតមិត្តភាព សាមគ្គីភាព ភាតរភាពពីក្រុមមួយ ទីក្រុមមួយទៀត។ ក្រៅពីនោះ ក៏មានការបណ្តុះគំនិតឲ្យក្មួយៗ ចេះស្រឡាញ់វិស័យកីឡា ពិសេសកីឡាបាល់ទាត់ ដែលជាកីឡាកំពុងតែពេញនិយម។

ជាមួយគ្នានោះ  ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានក្រើនរំលឹកដល់កីឡាករថា ចំពោះកីឡាករដែលទទួលបានចំណាត់ថ្នាក់ល្អ ត្រូវ  ខិតខំហ្វឹកហាត់បន្តទៀត ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ  និងបច្ចេកទេសបន្ថែមទៀត ដើម្បីរក្សាតំណែងដែលខ្លួនទទួលបាននៅឆ្នាំក្រោយៗទៀត។ ចំពោះក្រុមកីឡា ដែលពុំទទួលបានចំណាត់ថ្នាក់នៅពេលនេះ សូមក្មួយៗ ខិតខំទាំងអស់គ្នា ប្រឹប្រែងហ្វឹកហាត់ ដើម្បីបង្កើនបច្ចេកទេស ធ្វើយ៉ាងណាដណ្តើមយកចំណាត់ថ្នាក់ល្អៗ នៅឆ្នាំក្រោយទៀត។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ « ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» បានធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែបំផុសស្មារតី ចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡាប៉ុណ្ណោះទេ តែបំណងសំខាន់នោះគឺ ចែករំលែកបទពិសោធន៍ ពិសេសមិនយកពេលវេលា ទៅប្រព្រឹត្តអំពើឧបាយមុខ ក្នុងសង្គមដូចជា សេពគ្រឿងញៀន និងបោះបង់ការសិក្សាជាដើម។

ចំពោះក្រុមដែលទទួលបានចំណាត់ថា លេខ១ គឺ មូលនិធិជនពិការ និងចំណាត់ថ្នាក់ លេខ២ គឺ បេឡាជាតិអតីតយុទ្ធជន និងចំណាត់ថ្នាក់ លេខ៣ គឺ បេឡាជាតិសម្រាប់មន្រ្តីរាជាការស៊ីវិល។ ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលបាន៖

១៖ ចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់១ ទង់ចំណាត់ថ្នាក់ និងមេដាយចំនួន១៧ និងថវិកាចំនួន២លានរៀល

២៖ ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់១ និងមេដាយចំនួន១៧ និងថវិកាចំនួន១លាន ៥សែនរៀល

៣៖ ចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់១ និងមេដាយចំនួន១៧ និងថវិកាចំនួន១លានរៀល

ក្នុងនោះដែរក៏មានពាន និងមេដាយសម្រាប់ក្រុមប្រកួត Fair Play ពានអនុស្សាវរីយ៍ កីឡាទាត់បញ្ចូលទីច្រើនជាងគេ អ្នកចាំទីល្អ ខ្សែការពារល្អ ខ្សែបម្រើល្អ និងខ្សែប្រយុទ្ធល្អ ដែលគ្រោងចំណាយថវិកាសរុបប្រហែលជា១២លានរៀល។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ « ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» បានបង្កើតឡើង ក្នុងអំឡុងឆ្នាំ២០០៦ ដោយបានប្រកួតជាមិត្តភាពជាមួយក្រសួងស្ថាប័នផ្សេងៗជាច្រើនលើក៕

 

ថ្ងៃ សៅរ៏ ទី ០៥ ខែ តុលា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen