ពិធី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ៩ខែឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល

កែប៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បេឡាជាតិសន្ដិសុខសង្គម សម្រាប់មន្ដ្រីរាជការស៊ីវិល បានយកចិត្តទុកដាក់ បម្រើសេវារបបសន្តិសុខសង្គមស្របតាមផែនការកំណត់។ ឯកឧត្តម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តរបស់អស់លោកសមាជិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក ប.ជ.ស. ទាំងអស់ ដែលបានបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរតាមតួនាទី និងមុខងារក្នុងការបម្រើសេវារបបសន្តិសុខសង្គមជូនសិទ្ធិវន្តរបស់ ប.ជ.ស. និងមានការចូលរួមសហការគាំទ្រពីក្រសួង ស្ថាប័ន ធនាគារ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលកន្លងមក ខ្ញុំបានពិនិត្យឃើញថា ប.ជ.ស. បានយកចិត្តទុកដាក់ក្នុងការបម្រើសេវា របបសន្តិសុខសង្គមជូនសិទ្ធិវន្តយ៉ាងល្អប្រសើរគួរជាទីមោទនៈជាពិសេស ប.ជ.ស. បានពង្រឹង និងអភិវឌ្ឍ ការបម្រើសេវារបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិលទទួលបាន លទ្ធផលប្រកបដោយប្រសិទ្ធភាពស្របតាមផែនការកំណត់។

ឯកឧត្តម បានបញ្ជាក់ថា បេឡាជាតិសន្ដិសុខសង្គម សម្រាប់មន្ដ្រីរាជការស៊ីវិល គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានកាតព្វកិច្ចគ្រប់គ្រង និងធានាការបើកផ្ដល់ របបសន្ដិសុខសង្គម ដែលមានតាវកាលិកចំនួន០៦ គឺ ៖ ការចូលនិវត្ដន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ មាតុភាព គ្រោះថ្នាក់ការងារ មរណភាព និងអ្នកនៅក្នុងបន្ទុក ស្របតាមគោលការណ៍អភិបាលកិច្ចល្អ មានតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ការថ្លែងរបស់ឯកឧត្តម វង សូត បានធ្វើឡើង នៅក្នុងឱកាសដែលលោក និង លោកស្រី បានអញ្ជើញចូលរួមនៅក្នុងពិធី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ៩ខែឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល ដែលរៀបចំធ្វើនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅខេត្តកែ ប។ នៅក្នុងពិធីនោះ ក៏មានការចូលរួមពី លោក កែន សុត្ថា អភិបាលខេត្តកែប រួមទាំងមន្រ្តីក្រសួង មន្ទីរ និងអង្គការសង្គមស៊ីវិលជាច្រើនទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី  បានបន្ថែមថា ក្នុងរយៈពេលកន្លងមក លោកបានពិនិត្យឃើញថា ប.ជ.ស. បានយកចិត្តទុកដាក់ ក្នុងការបម្រើសេវារបបសន្តិសុខសង្គមជូនសិទ្ធិវន្តយ៉ាងល្អប្រសើរ ដោយក្នុងនោះ បានពង្រឹងនិងអភិវឌ្ឍការបម្រើសេវារបបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិលតាមប្រព័ន្ធធនាគារ និងបានសហការយ៉ាងយក ចិត្តទុកដាក់ជាមួយ ប.ស.ស ក្នុងចែកជូនប័ណ្ណសមាជិក ប.ស.ស ជូនដល់ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្រ្តីរាជការស៊ីវិល នៅទូទាំង ២៥ រាជធានី ខេត្ត។

លោក គីម សុវណ្ណឌី នាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ នេះ ប.ជ.ស. បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចតាមតួនាទី និងមុខងារក្នុងការបម្រើសេវារបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងមានកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ន ធនាគារ និងដៃគូអភិវឌ្ឍន៍នានា និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

លោក គីម សុវណ្ណឌី បានបន្ថែមថា ដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានលទ្ធផលល្អប្រសើរ ប.ជ.ស. បានខិតខំរិះរកដំណោះស្រាយគ្រប់មធ្យោបាយ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចាស់-ថ្មីទាំងអស់ ដោយតែងតែបានកំណត់នូវផែនការ និងសកម្មភាពមួយច្បាស់លាស់ ដែលអនុវត្តស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងក៏ដូចជាផែនការអភិវឌ្ឍន៍ជាតិនិងយុទ្ធសាស្រ្ត ចតុកោណ។

ក្រោយស្តាប់នូវរបាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានផ្តល់អនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក ប.ជ.ស. ទាំងអស់ដើម្បីយកទៅអនុវត្ត ក្នុងគោលដៅជំរុញឲ្យការងារមានប្រសិទ្ធភាពខ្ពស់។អនុសាសន៍ទាំងនោះរួមមាន ៖

១៖ ពង្រឹងការអនុវត្តនីតិវិធី នៃការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍ ឬបាត់បង់សម្បទាវិជ្ជាជីវៈ និងការបើកផ្ដល់ប្រាក់របបសន្តិសុខសង្គមជូនសិទ្ធិវន្ត ឱ្យបានទាន់ពេលវេលាក្នុងមួយខែពីរដង (ពីរសប្តាហ៍បើកម្តង) ដោយស្មារតីទទួលខុសត្រូវ។

២៖ ពង្រឹងយន្តការនៃការផ្ទេរសិទ្ធិជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលមានជំងឺ និងចាស់ជរា ដែលមិនអាចទៅបើកប្រាក់សោធនប្រចាំខែតាមធនាគារនៅរាជធានី ខេត្ត ឱ្យមានប្រសិទ្ធភាព។

៣៖ ពន្លឿននីតិវិធី នៃការរៀបចំប្រាក់របបសន្តិសុខសង្គមសម្រាប់និវត្តជន និងជនបាត់សម្បទាវិជ្ជាជីវៈ ដែលទទួលមរណភាព និងត្រួតពិនិត្យ លើការបើកប្រាក់សោធនប្រចាំខែ ដែលនៅសល់ក្នុងគណនីរបស់សព និវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈ ជូនគ្រួសារសពឱ្យបានឆាប់រហ័សបំផុតតាមតែអាចធ្វើបាន។

៤៖ ពង្រឹងការគ្រប់គ្រងទិន្នន័យនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុកនៅតាមរាជធានី ខេត្ត ឱ្យបានច្បាស់លាស់ ដោយសហការជាមួយមន្ទីរ ស.អ.យ.។

៥៖ ត្រូវពិនិត្យឡើងវិញលើតាវកាលិកគ្រោះថ្នាក់ការងារ តាវកាលិក មាតុភាព និងតាវកាលិកមរណភាពសម្រាប់មន្ត្រីរាជការស៊ីវិល ដែលមិនទាន់បានអនុវត្ត។

៦៖ សិក្សា និងរៀបចំផែនការជាក់លាក់ក្នុងការដំឡើងប្រាក់សោធន ដោយមានយន្តការត្រឹមត្រូវ ពោលគឺត្រូវមានទស្សនវិស័យវែងឆ្ងាយ ដើម្បីឱ្យប្រាក់សោធនខ្ពស់ និងទាប ខិតជិតគ្នាបាន។

៧៖ បន្តសហការដោយយកចិត្តទុកដាក់ជាមួយ ប.ស.ស ក្នុងការចែកជូនប័ណ្ណសមាជិក ប.ស.ស ជូនដល់និវត្តជន និងជនបាត់បង់សម្បទា វិជ្ជាជីវៈ ដែលជាអតីតមន្រ្តីរាជការស៊ីវិល ឱ្យបានទាន់ពេលវេលា។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានស្នើឲ្យសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក ប.ជ.ស. ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នងការបម្រើ សេវាឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីតបស្នងនូវគុណូបក្ការបម្រើជាតិ មាតុភូមិរបស់ពួកគាត់។ ទន្ទឹមនេះ សម្រាប់អាណត្តិថ្មីនៃរាជរដ្ឋាភិបាល ប.ជ.ស.ក៏នៅតែបន្តសិក្សាលទ្ធភាពដំឡើងប្រាក់សោធនប្រចាំខែជូនសិទ្ធិវន្ត និងដោះស្រាយនូវបញ្ហានានាដែលពាក់ព័ន្ធប្រាក់សោធន៍ផងដែរ៕

Caption

ថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen