ពិធីប្រគល់ផ្ទះ១ខ្នងជូនជនពិការក្រីក្រឈ្មោះ តុត ប្រុស ជាជនពិការជើងទាំង២

(តាកែវ)៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សៅ ឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ផ្ទះ១ខ្នងជូនជនពិការក្រីក្រឈ្មោះ តុត ប្រុស ជាជនពិការជើងទាំង២ដោយគ្រោះថ្នាក់ធ្លាក់ពីលើស្ពាន បច្ចុប្បន្នរស់នៅជាមួយម្តាយមេម៉ាយក្នុងភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ថ្នាក់ដឹកនាំមូលនិធិជនពិការ គណៈអភិបាលស្រុកសំរោង តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សាខាមូលនិធិជនពិការខេត្តតាកែវ មន្រ្តីឃុំបឹងត្រាញ់ខាងត្បូង និងប្រជាពលរដ្ឋជាច្រើននាក់។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម សៅ ឡែន បានឱ្យដឹងថា កម្មវិធីប្រគល់ផ្ទះជូនជនពិការក្រីក្រនេះ គឺបានរៀបចំជាលើកទី២ហើយ ដែលកាលពីលើកមុនមូលនិធិជនពិការបានរៀបចំនៅខេត្តបាត់ដំបង ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោកបានបញ្ជាក់ថា ការសាងសង់ផ្ទះនេះគឺបានប្រើប្រាស់ថវិកាមួយផ្នែកពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដោយអស់ថវិកាសរុបចំនួន១៤.២៨០.០០០រៀល ដោយឡែកថវិកាមួយផ្នែកទៀត កន្លងមកមូលនិធិជនពិការ បានប្រើប្រាស់លើការទិញអំណោយសប្បុរសធម៌សម្រាប់ផ្តល់ជូនដល់ជនពិការក្រីក្រចំនួន ៩៤៦នាក់។ ក្នុងថ្ងៃនេះផងដែរ មូលនិធិជនពិការ ក៏មានអំណោយសប្បុរសធម៌ សម្រាប់ផ្តល់លោក តុត ប្រុស រួមមាន៖ ថវិកា២០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ០២យួរ ទឹកស៊ីវអ៊ីវ០១យួរ ទឹកត្រី០១យួរ អំបិល០២កញ្ចប់ និងមី០១កេស។

ឯកឧត្តមបន្តថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានជម្រុញឱ្យជនពិការបានទទួលការគាំពារពីរាជរដ្ឋាភិបាល ដូចអ្វីដែលមាននៅទីនេះស្រាប់ គឺកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្ររបស់មូលនិធិជនពិការនេះ គឺបានជួយលើកកម្ពស់ដល់ជីវភាពរបស់ជនពិការក្រីក្រ ក្នុងការរស់នៅប្រកបដោយសុខុមាលភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមបន្តថា ក្រៅពីនេះជនពិការ ក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជម្រុញឱ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្របសម្រាប់ជនពិការ និងការដាក់បញ្ចូលជនពិការទៅក្នុងសកម្មភាពសង្គម៕

ថ្ងៃ សុក្រ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen