អនុគណៈកម្មាធិការជំនួយសង្គម ចាប់ផ្តើមជួយគ្រួសាររងទុកលំបាក ដោយសារជំងឺកូវីដ ១៩

ទីស្តីការក្រសួង៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ អនុគណៈកម្មការធិការជំនួយសង្គម បានបើកកិច្ចប្រជុំលើកទី ១ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា។

ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គម នៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា ការងាររបស់អនុគណៈកម្មការធិការជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ច្រើនផ្នែកលើវិស័យសង្គមកិច្ច និង មានភាពប្រែប្រួល ហើយក៏មានការងារមួយចំនួន កំពុង ត្រូវបានធ្វើរួចហើយដែរ ប៉ុន្តែអ្វីដែលជាកិច្ចការចម្បង​នៅចំពោះមុខនាដំណាក់កាលនេះ គឺលៃលកជួយដោះស្រាយក្តីលំបាក នៃ គ្រួសារប្រជាជន ដែលបង្ករឡើងដោយជំងឺកូវីដ ១៩ ។

អនុគណៈកម្មការធិការជំនួយសង្គម គឺជាក្រុមការងារទើបតែបង្កើតឡើងថ្មី ហើយត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយ​ក្នុងចំណោមសសរស្តម្ភទាំង ២ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាគូនឹងបេឡាជាតិសន្តិសុខសង្គម ហើយការងារដ៏សំខាន់បំផុតមួយរបស់ អនុគណៈកម្មការធិការដែលមានសមាសភាពមកពីអន្តរក្រសួងនេះ គឺការដោះស្រាយនូវរាល់តម្រូវការជាក់ស្តែរបស់គ្រួសារក្រីក្រងាយរងគ្រោះ ហើយអនុគណៈកម្មាធិការនេះ មិនមែនមានតែនៅក្នុងដំណាក់កាលជំងឺកូវដី ១៩ ទេ គឺនឹងមាននិរន្តរភាពតទៅ ព្រោះវាកម្មវិធីការងារថ្មីមួយរបស់រាជរដ្ឋាភិបាល ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានក្រើនរំឭកម្តងហើយម្តងទៀតដល់អ្នកពាក់ព័ន្ធទាំងឡាយ​ឱ្យធ្វើការប្រកបដោយសុចរិតភាព សុក្រឹតភាព និង តម្លាភាព ពោលគឺធ្វើយ៉ាងណា ឱ្យជំនួយនានារបស់រាជរដ្ឋាភិបាលតាមរយៈ​អនុគណៈកម្មាធិការជំនួយសង្គមនេះ បានទៅដល់គ្រួសារក្រីក្រដែលកំពុងជួបការលំបាកពិតប្រាកដ ចៀសវាងឱ្យបាននូវខ្សែបក្សពួក ឬ គ្រួសារនិយមជាដើម៕

Caption

 

ថ្ងៃ សុក្រ ទី ០៨ ខែ ឧសាភា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen