រដ្ឋមន្រ្តីអាស៊ានទាំង១០ប្រទេស ចេញសេចក្តីថ្លែងការណ៍រួម ស្តីពី «សុខុមាលភាពសង្គម និងអភិវឌ្ឍន៍ ការកាត់បន្ថយផលប៉ះពាល់ដោយ កូវីដ១៩ លើក្រុមជនងាយរងគ្រោះក្នុងអាស៊ាន»

ភ្នំពេញ៖ រដ្ឋមន្រ្តីអាស៊ានទាំង១០ប្រទេស នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពី «សុខុមាលភាពសង្គម និងអភិវឌ្ឍន៍ ការកាត់បន្ថយផលប៉ះពាល់ដោយ កូវីដ-១៩ លើក្រុមជនងាយរងគ្រោះក្នុងអាស៊ាន»។ សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីអាស៊ានទាំង១០ប្រទេស បានបើកកិច្ចប្រជុំពិសេសតាមប្រព័ន្ធ online របស់រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ ការកាត់បន្ថយផលប៉ះពាល់ដោយកូវីដ១៩ លើក្រុមជនងាយរងគ្រោះក្នុងអាស៊ាន ដោយមានការសម្របសម្រួលពី លេខធិការដ្ឋានអាស៊ាន។

នៅក្នុងសេចក្តីថ្លែងការណ៍រួម  បានរំលេចឲ្យដឹងថា ដើម្បីកាត់បន្ថយផល ប៉ះពាល់នៃកូវីដ-១៩ ជួយសម្រួលឲ្យជាសះស្បើយ និងពង្រឹងភាពធន់ របស់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងរងគ្រោះក្នុងអាស៊ាន ស្របតាមច្បាប់ជាតិដែលបានចែងគោលនយោបាយ និងបទបញ្ជារបស់ប្រទេសជាសមាជិកអាស៊ាន។

រដ្ឋមន្រ្តីអាស៊ានទាំង១០ប្រទេសរួមមាន ប្រទេសកម្ពុជាដឹកនាំដោយ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឥណ្ឌូនេស៊ី ប្រទេសឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម។

យោងតាមសេចក្តិថ្លែងការណ៍រួមនោះ រដ្ឋមន្រ្តីអាស៊ានទាំង១០ប្រទេស បានរួមគ្នាប្តេជ្ញាចិត្ត ដូចតទៅ៖

*ទី១៖ ធានាទទួលបានការគាំពាសង្គមឲ្យបានទាន់ពេលវេលា ជាមួយនឹងការបែងចែកថវិកាសាធារណៈឲ្យបានសមស្របសម្រាប់ចំណាយក្នុងសង្គម
*ទី២៖ ការពារសិទ្ធិសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
*ទី៣៖ ធានាសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកសង្គម
*ទី៤៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរទីភ្នាក់ងារ នៅថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ នៅកម្រិតអាស៊ាន
*ទី៥៖ ខិតខំអភិវឌ្ឍន៍កម្មវិធីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងការជាសះស្បើយឡើងវិញ ក្រោយការរាតត្បាតដែលមានការរួមបញ្ចូលគ្នា
*ទី៦៖ ប្តេជ្ញាចិត្តបង្កើតផែនការ និងវិធានាការបន្តទៀត ដែលរួមបញ្ចូលពិការភាព ការឆ្លើយតបជាមួយយេនឌ័រ អាយុដែលងាយប៉ះពាល់ និងលើកកម្ពស់សាមគ្គីភាពក្នុងសង្គម ការចូលរួមរបស់កុមារ
*ទី៧៖ ព្យាយាមដាក់បញ្ចូលបច្ចេកវិទ្យា និងទទួលស្គាល់ពីតម្រូវការដើម្បីដោះស្រាយ ការចែករំលែកបច្ចេកវិទ្យា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសនោះ ក្នុងនាមតំណាងឲ្យកម្ពុជា ឯកឧត្តម វង សូត បានលើកឡើងថា ជំងឺកូវីដ-១៩ បានវិវត្តន៍មកដល់លឿន ហើយបាន និងកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ យើងចាំបាច់ត្រូវមានការឆ្លើយតបឱ្យទាន់ពេលវេលា។

ឯកឧត្តម វង សូត បានបន្ថែមថា រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកំណត់ អត្តសញ្ញណកម្មគ្រួសារក្រីក្រីដោយជំងឺកូវីដ១៩ សម្រាប់ឧបត្ថម្ភសាច់ប្រាក់ ទាំងនៅតំបន់ជនបទ និងទីប្រជុំជន តាមរយៈវិធានការជំនួយសង្គម ដោយមានការប្តេជ្ញាបន្តអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងឡាយ ដែលមានស្រាប់ មិនឱ្យខកខាន និងទាន់ពេលវេលា ដោយប្រើប្រាស់ យន្តការអង្កេតរហ័សស្តីពីផលប៉ះពាល់នៃជំងឺកូវីដែ-១៩ លើអ្នកទទួលផលនៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងក្រុមគ្រួសារ។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ ដាក់ឱ្យអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ នូវកម្មវិធីជំនួយសង្គម សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃនៅក្នុងអំឡុងពេល នៃវិបត្តិដោយសារជំងឺកូវីដ-១៩ និងក្រុមជនរងគ្រោះ ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ដែលមានប័ណ្ណសមធម៌ទូទាំងប្រទេស ដោយផ្តោតចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម ៥ឆ្នាំ ជនពិការ ជនចាស់ជរា អាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រ ទាំងនោះទៀតផង៕

ថ្ងៃ ព្រហស្បតី៏ ទី ១១ ខែ មិថុនា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen