ឯកឧត្តមរដ្ឋមន្រ្តី វង សូត ទទួលសម្ភារការពារការ ជំងឺកូវីដ១៩ ពីអង្គការ UNICEF

(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានទទួលសម្ភារការពារការចម្លង ជំងឺកូវីដ១៩ មួយចំនួនពីអង្គការ UNICEF។

កម្មវិធីនេះ រៀបចំឡើងដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក Gianfranco Rotigliano ជាតំណាងអង្គការ UNICEF និងមានការអញ្ចើញចូលរួមពីសហការីភាគីអង្គការ UNICEF និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួងសង្គមកិច្ចជាច្រើនរូបផងដែរ។

ឯកឧត្តម វង សូត បានលើកឡើងថា សម្ភារដែលទទួលបាននាពេលនេះ ក្រសួងសង្គមកិច្ច នឹងធ្វើការចែកជូនបន្តដល់កុមារដែល កំពុងស្នាក់នៅកន្លែងថែទាំ និងកុមារ ដែលបានធ្វើសមាហរណកម្ម ទៅកាន់គ្រួសារ សហគមន៍ នៅទូទាំងប្រទេសកម្ពុជា។

ក្នុងនោះ ក្រសួងសង្គមកិច្ច នឹងចាត់ចែងផ្ដល់ជូនសាប៊ូលាងដៃ សម្រាប់កុមារស្នាក់នៅក្នុងមណ្ឌលថែទាំ ក្នុងមួយនាក់ចំនួន៥ដុំ រីឯកុមារសមាហរណកម្ម ទៅគ្រួសារ ឬសហគមន៍ ក្នុងរាជធានីខេត្តទាំង៥ទទួលបាន៥ដុំ ក្នុងមួយនាក់ និងសម្រាប់កុមារសមាហរណកម្ម ក្នុងទីតាំងខេត្ត២០ផ្សេងទៀត ទទួលបាន៧ដុំក្នុងមួយនាក់។

សម្រាប់ជេលលាងដៃវិញ នឹងបែងចែកជូនដល់មន្ទីរ និងបុគ្គលិកសង្គមកិច្ច រីឯម៉ាសការពារនឹងបែងចែកដល់កុមារ កំពុងស្នាក់នៅក្នុងកន្លែងថែទាំ នៅរាជធានីភ្នំពេញ បាត់ដំបង ចំនួន២២កេសក្នុងមួយខេត្ត ហើយខេត្តដទៃផ្សេងទៀតទទួលបានចំនួន ២១កេស ក្នុង១ខេត្ត។

ក្នុងឱកាសទទួលបានជំនួយនេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណដល់អង្គការ UNICEF ដែលកន្លងមកបានជួយកម្ពុជា ជាច្រើនលើការងារសង្គមកិច្ច រាប់បញ្ចូលកិច្ចការជួយដល់ជនក្រីក្រ ជាពិសេសការងារជួយលើវិស័យកុមារនៅកម្ពុជាឱ្យកាន់តែ មានភាពប្រសើរឡើង។ សម្រាប់ភាគី UNICEF ក៏បានសន្យានៅតែបន្តជួយកម្ពុជា លើវិស័យសង្គមកិច្ច៕

ថ្ងៃ ព្រហស្បតី៏ ទី ០២ ខែ កក្កដា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen