ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជើញជាអធិបតី ក្នុងពិធីសន្និសីទសារព័ត៌មាន

 

(ភ្នំពេញ)៖ សៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម ភាពមិនប្រក្រតី និងការតវ៉ាមួយ​ចំនួន​លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិធីរៀបចំឡើងនៅទីស្តីការក្រសួងសង្គមកិច្ច។

 ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់មន្ត្រីតាមភូមិ ឃុំ គ្រប់បណ្តាខេត្តទាំងអស់ ត្រូវអនុវត្តកម្មវិធីបើកប្រាក់ឧបត្ថម្ភដល់​ពលរដ្ឋក្រីក្រ និងងាយរងគ្រោះឱ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព និងសុក្រឹតភាព កុំមានការក្លែងបន្លំយកលុយកាក​ប្រជាពលរដ្ឋឱ្យ​សោះ បើសិនប្រព្រឹត្តអ្វីដែលខុសគោលការណ៍ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ទាក់ទិននឹងប្រជាពលរដ្ឋដែលត្រូវបើកប្រាក់​ឧបត្ថម្ភក្នុងខែមិថុនា ឆ្នាំ២០២០នេះ ត្រូវប្រញាប់រួសរាន់ទៅបើកប្រាក់ឱ្យបានទាន់ ពេលវេលាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ប្រសិនបើខកខានមិនបានបើកប្រាក់ក្នុងកំឡុងពេលនេះទេ កាបើកប្រាក់ឧបត្ថម្ភសម្រាប់ខែមិថុនា នឹងត្រូវបិទ ហើយគិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០តទៅ និងចាប់ផ្តើមបើកប្រាក់ប្រាក់ឧបត្ថម្ភសម្រាប់ខែកក្កដា វិញម្តង។

 ឯកឧត្តម បានរំលឹកដល់ លោកមេភូមិ ឃុំ គ្រប់បណ្តាខេត្តត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ ត្រូវប្រាប់ឱ្យប្រជាពលរដ្ឋដែល​ត្រូវទទួលបានប្រាក់ឧបត្ថម្ភ មកតាមលំដាប់ភូមិ ឃុំ ដើម្បីចៀសវាងប្រជាពលរដ្ឋមកច្រើន​បណ្តាលឱ្យមានការកកស្ទះក្នុងបើក​ប្រាក់ជូនពួកគាត់ និងនាំឱ្យខាតបង់ពេលវេលារបស់ពួកគាត់ផងដែរ ហើយជាពិសេសទៀតនោះអាជ្ញាធរភូមិឃុំ ត្រូវចូលរួមរំលឹក និងប្រាប់ដល់ពលរដ្ឋដែលត្រូវទទួលបានសាច់ប្រាក់ឱ្យគាត់បានដឹងពីផែនការបើកប្រាក់ឧបត្ថម្ភនេះផង ចៀសវាងពួកគាត់មិនបាន​ដឹងក្នុងប្រការណាមួយ ដូចនេះត្រូវធ្វើយ៉ាងណាឱ្យពួកគាត់បានមកបើកប្រាស់ឧបត្ថម្ភបានត្រឹមត្រូវនិងមានតម្លាភាពបំផុត។

 រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាប្រមាណ ១២៥លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយ​រងគ្រោះដោយ សារជំងឺកូវីដ១៩ ប្រមាណជា ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ ដំណាក់ការទីមួយ នៃការឧបត្ថម្ភសាច់ប្រាក់នេះ​ធ្វើឡើងសម្រាប់ខែមិថុនា និងកក្កដា។ ក៏ប៉ុន្តែប្រសិនបើជំងឺកូវីដ១៩ មិនទាន់រលត់ទេ ការឧបត្ថម្ភនេះនឹងធ្វើសម្រាប់​ជំហាន​បន្តបន្ទាប់​ទៀត បើជំងឺកូវីដ១៩មិនទាន់រលត់ទេនោះ។

 ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើក​ម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ​ក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

 ការឧបត្ថម្ភសាច់ប្រាក់នេះកំណត់ដូចខាងក្រោម៖
ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ*
«សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែល​ជាកុមារ​អាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

 -«សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

 ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

 - «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

 -«សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

 ទី៣៖ តំបន់ជនបទ

 - «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

 -«សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕

 

ថ្ងៃ ចន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen