ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជើញជអធិបតីក្នុងពិធី ប្រគល់ផ្ទះជូនជនពិការក្រីក្រ

ត្បូងឃ្មុំ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ផ្ទះថ្មី១ខ្នង ទំហំ៤x៦ម៉ែត្រ ធ្វើអំពីថ្មប្រកស័ង្កសី ជូនដល់លោក ថែ ម៉ុង អាយុ៥៨ឆ្នាំ ពិការស្វិតអវយវៈមួយកំណាត់ខ្លួនចុះក្រោមពីកំណើត មានទីលំនៅក្នុងភូមិដឹកពរ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម អភិបាលរងខេត្ត នាយកមូលនិធិជនពិការ ប្រធាន/អនុប្រធានមន្ទីរជំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានបញ្ជាក់ថា ផ្ទះមួយខ្នងនេះចំណាយអស់ថវិកា ១៦,០០៨,០០០រៀល ដែលជាថវិកាបានមកពីអំណោយសប្បុរសធម៌ ដែលសប្បុរសជនបានបរិច្ចាគចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដែលហិបនេះ បានដាក់នៅតាមវត្ដអារាម កន្លែងទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ។ល។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់មូលនិធិជនពិការ ដែលបានព្យាយាមស្វែងរកថវិកាពីសប្បុរសជននានា យកមកសាងសង់ផ្ទះជូនជនពិការនៅថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រសួង តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បាននិងកំពុងបើកផ្តល់ប្រាក់របបគោលនយោបាយប្រចាំខែ សម្រាប់ជនពិការជាអតីតយុទ្ធជនចំនួន១.១៩២នាក់ និងបានផ្តល់ជាប្រាក់របបគោលនយោបាយសម្រាប់ជនពិការក្រីក្រ តាមសហគមន៍បានចំនួន២.០០៩នាក់ ឆ្នាំ២០១៩កន្លងមក។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលក្នុងនោះបានឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានកុមារអាយុចាប់ពី០ទៅ៥ឆ្នាំ មនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ សមាជិកគ្រួសារដែលមានជំងឺអេដស៍ និងជាពិសេសជនពិការ ដែលងាយរងគ្រោះទាំងអស់ នឹងទទួលបានការឧបត្ថម្ភបន្ថែមទៅក្នុងគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ជាគោលការណ៍ទទួលបាន១២០,០០០៛/ខែ សម្រាប់នៅទីប្រជុំជន និងរាជធានីភ្នំពេញទទួលបាន៨០,០០០៛/ខែ សម្រាប់នៅជនបទ។ ម្យ៉ាងវិញទៀត រយៈពេល២សប្តាហ៍កន្លងមក ក្រោយពីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រាជរដ្ឋាភិបាលបានសម្រេចបានជាង៩០%ហើយ ដោយមានប្រជាជនក្រីក្រ និងងាយរងគ្រោះប្រមាណជាង ២លាននាក់ ស្មើនឹង៥០ម៉ឺន គ្រួសារបានទៅទទួលថវិកាពីរាជរដ្ឋាភិបាលរួចហើយ នៅសល់ប្រមាណ៦ម៉ឺន គ្រួសារទៀតកំពុងបន្តទៅទទួល៕

Caption

ថ្ងៃ ចន្ទ ទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen