ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងករណី តាមបែបបច្ចេកវិទ្យាព្រីម៉ារ៉ូ (PRIMERO)

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវប្រព័ន្ធគ្រប់គ្រងករណីតាមបែបបច្ចេកវិទ្យាពី្រម៉ារ៉ូ (PRIMERO) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នាសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ចាឡា អាប់ដែលវ៉ាហាប់ អនុប្រធានយូនីសេហ្វប្រចាំកម្ពុជា, លោក ចន កូលីន អនុប្រធានការិយាល័យអប់រំ និងសុខភាពសាធារណៈ នៃភ្នាក់ងារសហរដ្ខអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ប្រព័ន្ធគ្រប់គ្រងករណីតាមបែបបច្ចេកវិទ្យាព្រីម៉ារ៉ូនេះ បានរៀបចំឡើងដោយមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ពីអង្គការយូនីសេហ្វ និង USAID។ ការបង្កើត PRIMERO នេះជាការវិឌ្ឍន៍ថ្មីមួយទៀត ដើម្បីសម្របសម្រួលដល់ការគ្រប់គ្រងករណី ពិនិត្យតាមដានករណីកើតហេតុតាម រកគ្រួសារ និងបង្រួបបង្រួមគ្រួសារដែលត្រូវបានរចនា ជាប្រព័ន្ធគ្រប់គ្រងព័ត៌មាន កិច្ចការពារកុមារ សម្រាប់ការប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

ប្រព័ន្ធនេះ នឹងជួយដល់មន្ត្រីគ្រប់គ្រងការងារនេះ ដល់បុគ្គលិកកាន់ករណីនានា ដើម្បីលើកកម្ពស់គុណភាពថែទាំ​និងប្រកបដោយប្រសិទ្ធិភាពតាមរយៈការបង្កើត និងការរក្សានូវវេទិកាអនឡាញ ដែលមានសុវត្ថិភាព និងអាចពង្រីកបាន ដើម្បីគ្រប់គ្រងលើទិន្នន័យពាក់ព័ន្ធនឹងកិច្ចការពារកុមារ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម តូច ចាន់នី បានប្តេជ្ញាចិត្ត និងលើកទឹកចិត្ត ដើម្បីធានាថា ប្រព័ន្ធគ្រប់គ្រងករណីតាមបែបបច្ចេកវិទ្យា ពី្រម៉ារ៉ូ (PRIMERO) នេះ អាចដំណើរការនៅគ្រប់រាជធានី ខេត្ត ហើយរូបឯកឧត្តម និងមន្ត្រីជំនាញ នឹងចូលរួមត្រួតពិនិត្យផងដែរនូវវឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធនេះ និងបញ្ហាប្រឈមនានាដែលអាចនឹងកើតឡើង។

ទន្ទឹមនឹងនោះ ឯកឧត្តម  ក៏បានស្នើសុំដល់ដៃគូអភិវឌ្ឍន៍ ជាពិសេសវត្តមាន USIAD នាថ្ងៃនេះ សូមបន្តផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ រហូតដល់ប្រព័ន្ធនេះដំណើរការបានល្អ និងជោគជ័យដល់ថ្នាក់មូលដ្ឋាន ដើម្បីឱ្យបុគ្គលិកពាក់ព័ន្ធទាំងអស់មានសមត្ថភាព និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធ និងការរៀបចំរបាយការណ៍ជាដើម។

ថ្លែងនៅចំពោះមុខតំណាងអង្គការយូនីសេហ្វ និង USAID ឯកឧត្តម តូច ចាន់នី បានបង្ហាញក្តីសង្ឃឹមថា ប្រព័ន្ធនេះ នឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការវិភាគតម្រូវការនិងចន្លោះប្រហោងនានាទាក់ទងនឹងកិច្ចការនេះ ហើយ ត្រូវបានកែសម្រួលបន្ថែមទៀតទៅថ្ងៃអនាគត ដើម្បីដាក់បន្ថែមនូវតម្រូវការផ្សេងទៀត ដែលនឹងអាចមាន​ក្នុងពេលរៀប​ចំទម្រង់ស្តង់ដារនេះ។ កិច្ចការនេះនឹងជួយបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រង ករណីកិច្ចការពារកុមាររួមមួយសម្រាប់កម្ពុជា៕

ថ្ងៃ ព្រហស្បតី៏ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen