កង់៣១៥គ្រឿង បានផ្តល់ជូនសិស្សានុសិស្ស នៅស្រុកកំចាយមារ ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីចែកកង់ជូនសិស្សក្រីក្រចំនួន៣១៥គ្រើង នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាអំណោយរបស់អង្គការ កុ គី សៃ KJO ប្រទេសជប៉ុន ។

ថ្លែងក្នុងពិធី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើដល់អង្គការ កុគីសៃ KJO ប្រទេសជប៉ុន ក្នុងការរួម​ចំណែកលើកកម្ពស់ជីវភាពប្រជាជនជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតែងតែផ្តល់កង់ដល់សិស្សានុសិស្ស សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅរៀនសូត្រ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី  បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ដែលបាន​ចូល​រួមនៅ​ពិធីនេះ ក៍ដូចនៅទូទាំងប្រទេស សូមចូលរួបបន្តលើការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ដោយរស់នៅឱ្យមានអនាម័យ  ជាពិសេស​ត្រូវ​សម្អាតបរិស្ថានជុំវិញឲ្យបានល្អ ខណៈសាលារដ្ឋបានបើកឱ្យដំណើរការសិក្សាឡើងវិញ។

ជាមួយគ្នានោះ គ្រួសារ អាណាព្យាបាល សិស្សានុសិស្សដែលមានជីវភាពខ្វះខាត និងជួបការលំបាក ក្នុងកំឡុងពេលជំងឺកូវីដ១៩ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង  បានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់កង់ម្នាក់មួយគ្រឿង ជាមធ្យោបាយ​ធ្វើដំណើរទៅរៀនសូត្រ ដែលជាអំណោយរបស់អង្គការ កុគីសៃ KJO ប្រទេសជប៉ុន

ទាក់ទងទៅនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រី ពីរាជរដ្ឋាភិបាល ក្នុងអំឡុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់មន្រ្តីអនុវត្តកម្មវិធី និងអ្នកពាក់ព័ន្ធ សូមបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រីនេះ ឲ្យមានតម្លាភាព និងសុក្រិតភាព៕

 

ថ្ងៃ ពុធ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen