ពិធីជំនួបរវាងអង្គការ យូនីសេហ្វ និងក្រសួងសង្គមកិច្ច

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃទី២៨ ខែ កញ្ញាឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឱ្យ លោកស្រី Foroogh Foyouzat ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសជំនួបនេះ លោកស្រី Foroogh Foyouza បានថ្លែងកោតសសើរ និងបង្ហាញការសារទរចំពោះកិច្ចការដែលកម្ពុជាកំពុងអនុវត្តន៍ ក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជាច្រើនពេញផ្ទៃប្រទេស។ លោកស្រីចាត់ទុកថា នេះជាកិច្ចការដ៏ធំដែលកម្ពុជាសម្រេចបាន ស្រប​ពេលដែលរាជរដ្ឋាភិបាលកំពុងព្យាយាមក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ។ ក្នុងនាមជាប្រធានអង្គការ យូនីសេហ្វប្រចាំកម្ពុជា លោកស្រីមើលឃើញដែរថា វិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើនមានការធ្លាក់ចុះ នេះក៏ជាដើមហេតុសំខាន់​ធ្វើឱ្យកុមារ​ប្រឈមនឹង ពលកម្មកុមារ និងឈានទៅរកការជួញដូរកុមារផងដែរ។ យ៉ាងណាមិញ លោកស្រីថា ការអនុវត្តការឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារ​​​ក្រីក្រ​​​របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលនេះពិតជាដំណោះស្រាយយ៉ាងល្អប្រសើរ ដោយជួយឱ្យគ្រួសារក្រីក្រជាច្រើន​អាចទ្រទ្រង់ការ​រស់នៅរបស់ខ្លួន និងបញ្ចៀសកុមារឱ្យផុត ពីបញ្ហាពលកម្មកុមារ និងការជួញដូរកុមារ។

ទន្ទឹមនឹងកោតសសើរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រីក៏បញ្ជាក់ដែរថាអង្គការយូនីសេហ្វ នឹងបន្តជួយគាំទ្រកម្ពុជា ក្នុងការបំពេញការងារដ៏មានសារៈសំខាន់នេះ។ សព្វថ្ងៃអង្គការ យូនីសេហ្វបានរួមចំណែក ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ តាមការជួយការងារបច្ចេកទេស ការកសាងប្រព័ន្ធ និងកិច្ចការប្រតិបត្តិការនានា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលតែងជួយគាំទ្រលើការងារជាច្រើន ក្នុងការរួមចំណែកអភិវឌ្ឍសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្នុងកម្មវិធីឧបត្ថម្ភសាច់​ប្រា​ក់​ជូនគ្រួសារក្រីក្រនេះដែរ។

 ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប លោកស្រី Foroogh Foyouzat ថា ខណៈពេលនេះកម្ពុជាកំពុងអនុវត្តការឧត្ថម្ភសាច់ប្រាក់ជូន​គ្រួសារក្រីក្រ ក្នុងជុំទី ២លើកទី២ សម្រាប់ខែកញ្ញា ដោយមានគ្រួសារក្រីក្រទទួលផលប្រមាណ ៦៩ម៉ឺនគ្រួសារ ហើយរាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ៣១លានដុល្លារអាមេរិក។

ឯកឧត្តមក៏សង្ឃឹមដែរថា ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ នឹងនៅតែបន្តទៅជុំខាងមុខទៀត។ យ៉ាងណាមិញ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ពុំទាន់បានសម្រេចថា បន្ត ឬមិនបន្តសម្រាប់ជុំថ្មីនោះទេ៕

 

ថ្ងៃ អង្គារ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen