ឯកឧត្តម​បណ្ឌិតរដ្ឋ​មន្ត្រី ដឹក​នាំ​គណៈ​ប្រតិ​ភូ​ចូល​រួម​កិច្ច​ប្រ​ជុំ​ទ្វេ-ត្រី​ភា​គី ថ្នាក់​រដ្ឋ​មន្ត្រី​កម្ពុជា-វៀតណាម-ឡាវ លើក​ទី​១២ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន នៅ​ហា​ណូយ សាធារ​ណៈ​រដ្ឋ​សង្គម​និយម​វៀតណាម
PrinterEmail
ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

     ល្ងាច​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា និង​ជា​អនុ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទ្វេ-ត្រី​ភាគី ថា្នក់​រដ្ឋ​មន្ត្រី​កម្ពុជា-វៀតណាម-ឡាវ​លើក​ទី​១២ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៅ​ទី​ក្រុង​ហា​ណូយ សា​ធារ​ណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម ។

     ដំ​ណើរ​ការ​នៃ​កិច្ច​ប្រជុំ​ទ្វេ-ត្រី​ភាគី ថា្នក់​រដ្ឋ​មន្ត្រី​កម្ពុជា​-វៀតណាម​-ឡាវ​​ លើក​ទី​១២ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្រួត​ពិនិត្យ​គ្រឿង​​ញៀន​ប្រ​ព្រឹត្ត​ទៅ​រយៈ​ពេល​២ថ្ងៃ​គឺ​ថ្ងៃទី​១៥ និង ១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២  ដែល​​បាន​​រៀប​​ចំ​​ឡើង​​ដោយ​​គណៈ​កម្មា​ធិការ​ជាតិ​ត្រួត​ពិនិត្យ​ជំងឺ​អេដស៍ គ្រឿង​ញៀន និង​ពេស្យា​ចារ​វៀត​ណាម សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ជាតិ​ត្រួត​ពិ​និត្យ​គ្រឿង​ញៀន​ឡា​វ និង​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​កម្ពុជា ។

     ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី ង្វៀង ស៊ិនភុក ប្រធាន​​គណៈ​កម្មា​ធិការ​ជាតិ​ត្រួត​ពិនិត្យ​ជំងឺ​អេដស៍​គ្រឿង​ញៀន និង​ពេស្យា​ចារ​វៀត​ណាម បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​បើក​កិច្ច​ប្រ​ជុំ​ដ៏​មាន​សារៈ​សំខាន់​នេះ​ផង​ដែរ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ត្រាន ដាយគេង រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​សាធារ​ណៈ​វៀត​ណាម ជា​ប្រធាន​នៃ​កិច្ច​ប្រ​ជុំ ។

     គណៈ​ប្រតិភូ​កម្ពុជា​ដឹក​នាំ​ដោយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា​កម្ពុជា គណៈ​ប្រតិភូ​ឡាវ​ដឹក​នាំ​ដោយ​ឯកឧត្តម គូ ចាន់ស៊ីណា ប្រធាន​ស្តី​ទី នៃ​គណៈ​កម្មា​ធិការ​ជាតិ​បង្ក្រាប និង​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឡាវ និង​គណៈ​ប្រតិភូ​វៀត​ណាម​ដឹក​នាំ​ដោយ​ឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ផាម គ្វីង៉ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​សន្តិ​សុខ​សាធារ​ណៈ និង​ជា​សមា​ជិក​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ត្រួត​ពិនិត្យ​ជំងឺ​អេដស៍ គ្រឿង​ញៀន និង​ពេស្យា​ចារ​របស់​វៀត​ណាម ។

     នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី​នេះ ប្រតិភូ​ទាំង​អស់​បាន​លើក​ឡើង​ដូច​ៗ​គ្នា​អំពី​ប្រសិទ្ធ​ភាព និង​កម្រិត​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្រួត​ពិ​និត្យ​គ្រឿង​ញៀន នៃ​ប្រទេស​​ទាំង​៣រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​លក្ខណៈ​ល្អ​ប្រ​សើរ​ឡើង​នៅ​ក្នុង​តំ​បន់​លើ​​ការ​ផ្គត់​ផ្គង់ និង​ការ​កាត់​បន្ថយ​ការ​តម្រូវ​ការ​គ្រឿង​ញៀន។ ចំ​ពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​តាម​បណ្តោយ​ព្រំ​ដែន និង​តាម​តំបន់​ជិត​ខាង​ដែល​ពាក់​ព័ន្ធ បាន​បង្ហាញ​ពី​គុណ​ភាព​នៃ​ការ​ត្រួត​ពិនិត្យ​លើ​ការ​ស៊ើប​អង្កេត​ការ​បង្ក្រាប និង​ចាប់​ខ្លួន​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​បាន​ល្អ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ ។

     ចំពោះ​ទិដ្ឋ​ភាព​នៃ​ការ​ការ​ពារ និង​ទប់​ស្កាត់​នូវ​ការ​កើន​ឡើង​នៃ​បទ​ល្មើស​គ្រឿង​ញៀន​តាម​តំបន់​ព្រំ​ដែន​ខេត្ត និង​តំ​បន់​ជិត​ខាង​នោះ ប្រទេស​ទាំង​៣​នឹង​សហ​ការ​គ្នា​លើ​ការ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​អនុ​វត្ត​ច្បាប់ អោយ​យល់​ដឹង​អំពី​បច្ចេក​ទេស​លើ​ការ​ស៊ើប​អង្កេត អំ​ពី​ការ​ស្វែង​រក​អត្ត​សញ្ញាណ​គ្រឿង​ញៀន​របៀប​ការ​ពារ និង​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ។

     បើ​ទោះ​បី​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពី​មន្ត្រី​អនុ​វត្ត​ច្បាប់​ នៃប្រទេស​ទាំង​៣ យ៉ាង​ណា​ក៏​ដោយ​កិច្ច​ប្រ​ជុំ​បាន​កត់​សំ​គាល់​ឃើញ​ថា ​ជា​ពិសេស​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​លើ​ប្រទេស​ទាំង​៣ នៅ​មាន​ចំ​នុច​មួយ​ចំ​នួន​ត្រូវ​អនុ​វត្ត​បន្តដូច​ជា​៖ ត្រូវ​រៀប​ចំ​កិច្ច​ប្រ​ជុំ​ជា​ប្រ​ចាំ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​គ្នា និង​ការ​ផ្តួច​ផ្តើម​គំ​និត​ទៅ​តាម​ពេល​វេលា​សម​ស្រប ដែល​បណ្តាល​ឲ្យ​មាន​ការ​ខ្វះ​ខាត​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួម​គ្នា​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ធំ​ៗ មាន​ការ​កើន​ឡើង ត្រូវ​បង្កើន​ការ​យល់​ដឹង​ជា​សាធារ​ណៈ ស្តី​ពី​ការ​បង្ការ​​ការ​ពារ​ពី​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​តាម​តំបន់​ព្រំ​ដែន និង​តំបន់​ជិត​ខាង ដែល​ការ​យល់​ដឹង​របស់​ពួក​គេ​នៅ​មាន​កម្រិត ។

     ជា​ទិស​ដៅ​អាជ្ញា​ធរ​សមត្ថ​កិច្ច​មូល​ដ្ឋាន និង​នគរ​បាល​ព្រំ​ដែន ខេត្ត​ត្រូវ​ជួយ​ផ្តល់​នូវ​ការ​អប់​រំ​អំពី​ការ​យល់​ដឹង​ជា​សាធារ​ណៈ​នេះ​ដល់​តំបន់​ជន​បទ​ដាច់​ស្រ​យាល។ បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​ត្រូវ​បាន​បញ្ចប់​ភាគី ​នៃ​ប្រទេស​ទាំង​៣ កម្ពុជា វៀត​ណាម ឡាវ បាន​នូវចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​ប្រកាស​ថា​៖ ១.​ការ​ប្រឹង​ប្រែង​ដើម្បី​យល់​ដឹង​អំពី​ទស្សនៈ និង​គោល​ដៅ ​របស់​សហ​គមន៍​អាស៊ាន​គ្មាន​គ្រឿង​ញៀន​នៅឆ្នាំ​២០១៥ ដែល​ជា​របៀប​វារៈ​អាទិ​ភាព​បំផុត​របស់​ប្រទេស​ទាំង​៣ កម្ពុជា វៀត​ណាម ឡាវ ។ ២.​បង្កើន​ល្បឿន នៃ​ការ​អនុវត្ត​ផែន​ការ​ការ​ងារ​អា​ស៊ាន ស្តី​ពី​ការ​ប្រ​ឆាំង​នូវ​ការ​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់ ការ​ជួញ​ដូរ និង​ប្រើ​ប្រាស់​ពី​ឆ្នាំ​២០០៩-២០១៥ និង​ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​សហ​គមន៍​អា​ស៊ាន (២០០៩​-​២០​១៥) ស្តី​ពី​អា​ស៊ាន​គ្មាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥ ។​ ៣.​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឲ្យ​បាន​ទូលំ​ទូ​លាយ​ជា​មួយ​ប្រ​ទេស​សមា​ជិក​អាស៊ាន ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រ​ជុំ​មន្ត្រី​ជាន់​ខ្ពស់​ស្តី​ពី​បញ្ហា​គ្រឿង​ញៀន ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ក្នុង​ការ​គាំ​ទ្រ និង​រក្សា​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៃ​ប្រទេស​ទាំង​៣ កម្ពុជា វៀតណាម ឡាវ មិន​មែន​តែ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ក្រប​ខ័ណ្ឌ​ការ​ងារ​អា​ស៊ាន​ទេ ប៉ុន្តែ​គឺ​ជា​ពហុ​ភាគី​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ទូ​ទៅ និង​ជា​ពិសេស​គ្រឿង​ញៀន ។​ ៤.​ឯក​ភាព​ជា​អា​ទិ​ភាព​​ក្នុង​ការ​អនុ​វត្ត នៃ​វិធាន​ការ​ដោយ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រ​ឆាំង​ការ​ជួញ​ដូរ​គ្រឿង ញៀន​ខុស​ច្បាប់​ឆ្លង​កាត់​តាម​ព្រំ​ដែន ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួម​ឆ្លង​កាត់​ព្រំ​ដែន ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តាម​តំបន់​ព្រំ​ដែន​គោក តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​អាកាស ដើម្បី​រួម​គ្នា​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព និង​ការ​គាំ​ទ្រ​ចំពោះ​ការ​អនុ​វត្ត​នូវ​ការិយា​ល័យ​ទំ​នាក់​ទំ​នង​ព្រំ​ដែន BLO ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស្តី​ពី​ការ​កសាង​សមត្ថ​ភាព​សម្រាប់​មន្ត្រី​ជំ​នាញ ដើម្បី​សម្រប​សម្រួល​ជា​មួយ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​នៅ​តាម​ព្រំ​ដែន ព្រម​ទាំង​ដឹក​នាំ​បង្ក្រាប​រួម​លើ​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​។ ៥.​សម្រេច បន្ត​សម្រប​សម្រួល​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ជា​សាធារ​ណៈ​ពី​គ្រោះ​ថ្នាក់ នៃ​គ្រឿង​ញៀន​ក្នុង​ប្រទេស​ទាំង​៣ ជា​ពិសេស​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ស្តី​ពី​គ្រោះ​ថ្នាក់​​ព្យា​បាល និង​ការ​ទទួល​ការ​គំរាម​កំ​ហែង​ដល់​សង្គម​ដោយ​សារ​បញ្ហា​គ្រឿង​ញៀន និង​ប្រែ​ក្លាយ​តំបន់​ទាំង​នោះ​ឲ្យ​ទៅ​ជា​តំបន់​គ្មាន​គ្រឿង​ញៀន តាម​បណ្តោយ​ព្រំ​ដែន តាម​ភូមិ ឃុំ និង​ស្រុក ព្រម​ទាំង​ធ្វើ​ឲ្យ​តំបន់​មាន​សន្តិ​ភាព និង​មិត្ត​ភាព​។ ៦.​បង្កើន​គុណ​ភាព និង​ប្រសិទ្ធ​ភាព​នៃ​ការ​ចែក​រំលែក​ព័ត៌​មាន ផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា គាំ​ទ្រ​វគ្គ​បណ្តុះ​បណ្តាល ដើម្បី​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​សមត្ថ​ភាព​មន្ត្រី​អនុ​វត្ត​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន រវាង​ការិយា​ល័យ​អចិន្រ្តៃ​គ្រឿង​ញៀន​និង​ឧក្រិដ្ឋ​កម្ម​របស់​កម្ពុជា វៀតណាម ឡាវ ។

     ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា កម្ពុជា និង​ប្រធាន​ប្រតិ​ភូ ក៏​បាន​ចូល​រួម​កិច្ច​ប្រ​ជុំ​ទ្វេ​ភាគី​រវាង កម្ពុជា-វៀតណាម និង​ កម្ពុជា-ឡាវ ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend