ឯកឧត្តម​បណ្ឌិតរដ្ឋ​មន្ត្រី អនុ​ញ្ញាត​ឲ្យ​លោក​នា​យក​សា​លា​អន្តរ​ជាតិ ហ្សា​ម៉ាន់ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិ​ភាក្សា​ការ​ងារ
PrinterEmail
ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

     ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​ទី​ស្តី​ការ​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​អនុញ្ញាត​ឲ្យ​លោក​នាយក​សាលា​អន្តរ​ជាតិ ហ្សា​ម៉ាន់ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ។

     លោក អាលី ខូក​ធែន នាយក​សាលា​អន្តរ​ជាតិ ហ្សាម៉ាន់ មាន​ប្រ​សាសន៍​កោត​សរ​សើរ ចំពោះ​ប្រ​ទេស​កម្ពុជា​នា​ពេល​បច្ចុ​ប្បន្ន​មាន​ការ​ផ្លាស់​ប្តូរ​មុខ​មាត់​ច្រើន និង​មាន​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​កិច្ច​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់​រាជរដ្ឋា​ភិបាល ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រ​មុខ ។

     លោក​នាយក​រូប​នេះ​មាន​ប្រ​សាសន៍​ទៀត​ថា សាលា​អន្តរ​ជាតិ ហ្សាម៉ាន់ ត្រូវ​បាន​បង្កើត​ឡើង​បើ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រយៈ​ពេល ១៥​ឆ្នាំ​ហើយ ក្នុង​គោល​ដៅ​អភិ​វឌ្ឍន៍​វិស័យ​អប់​រំ បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ប្រ​កប​ដោយ​គុណ​ភាព និង​ប្រសិទ្ធ​ភាព ។

     លោក​នាយក អាលី ខូកធែន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេល​កន្លង​មក​សា​លា​ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​មណ្ឌល​របស់​រដ្ឋ​ចំ​នួន ៣​រួម​មាន ៖ បុរី​ទារក និង​កុមារ​ជាតិ, មណ្ឌល​កុមារ​កំ​ព្រា​កូលាប​ទី​៤, មណ្ឌល​កុមារ​កំព្រា​គៀន​ឃ្លាំង ហើយ​សាលា​របស់​លោក​នឹង​នៅ​តែ​បន្ត​ផ្តល់​ជាអំណោយ​សប្បុរធម៌​ដល់​កុមារ​កំព្រា  ​នៅ​តាម​មណ្ឌល​នា​នា​របស់​រដ្ឋ​នេះ​បន្ត​ទៅ​ទៀត​។

     ថ្លែង​ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា ក៏​បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​សាលា​អន្តរ​ជាតិ ហ្សា​ម៉ាន់ ដែល​ជា​គ្រឹះ​ស្ថាន​អប់​រំ​មួយ​ប្រ​កប​ដោយ​គុណ​ភាព​នៅ​កម្ពុជា ហើយ​វត្ត​មាន​របស់​សាលា​អន្តរ​ជាតិ ហ្សាម៉ាន់ នៅ​កម្ពុជា​នេះក៏​បាន​បង្ហាញ​អំពី​គុណ​ភាព ​នៃ​ការ​អប់​រំ​មួយ​​ដែល​មាន​លក្ខណៈ​ស្តង់​ដា ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​អប់​រំ​នៅ​កម្ពុជាអាច​នឹង​សមាហរណកម្ម​បាន​ជាមួយ​នឹងប្រទេស​នៅ​ក្នុង​តំបន់ ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សាលា​អន្តរ​ជាតិ ហ្សាម៉ាន់ ពិត​ជា​បាន​រួម​ចំ​ណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជាតិ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ជា​ពិសេស​គឺ​ការ​អនុវត្ត​គោល​នយោ​បាយ ចំពោះ​ការ​អប់​រំ​សិក្សា ក៏​ដូច​ជា​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋ​មន្ត្រី​បាន​បន្ត​ទៀត​ថា ក្រៅ​ពី​សកម្ម​ភាព​អប់​រំ​បណ្តុះ​បណ្តាល​របស់​សាលា​អន្តរ​ជាតិ ហ្សា​ម៉ាន់ ផ្ទាល់​គឺៈ ហ្សាម៉ាន់ ក៏​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ​របស់​ក្រ​សួង​សង្គម​កិច្ច នៅ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​មនុស្ស​ធម៌​លើ​វិស័យ​សង្គម​កិច្ច ហើយ​ឯកឧត្តម​ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ ចំពោះ​លោក​នាយក​ក៏​ដូច​ជា​បុគ្គ​លិក ព្រម​ទាំង​សិស្សា​នុសិស្ស​នៃ​សាលា​អន្តរ​ជាតិ ហ្សា​ម៉ាន់ ទាំង​អស់​ដែល​កន្លង​មក​តែង​តែ​បាន​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ជា​ស្បៀង ជា​សំភារៈ និង​ថវិកា ដល់​កុមារ​កំព្រា​របស់​យើង​នៅ​តាម​មណ្ឌល​នា​នា​របស់​ក្រ​សួង​ ។

     ជាចុងក្រោយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ សង្ឃឹម​ថា​ទំ​នាក់​​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​រវាង​ក្រសួង និង​សា​លា​អន្តរ​ជាតិ ហ្សាម៉ាន់ នឹង​នៅ​តែ​បន្ត​ដើម្បី​បុព្វ​ហេតុ​វិស័យ​មនុស្ស​ធម៌ និង​សង្គម​កិច្ច​នៅ​កម្ពុជា ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend