ឯកឧត្តម​បណ្ឌិតរដ្ឋ​មន្ត្រី អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិ​ធី​បើក​សិក្ខា​សា​លា ស្តី​ពី​ការ​ពិ​និត្យ​មើល​មុខ​ងារ​ឡើង​វិញ របស់​ក្រ​សួង​សង្គម​កិច្ច
PrinterEmail
ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន​សុខគ្រី

     ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​សាល​ប្រ​ជុំ​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា ខេត្ត​បាត់​ដំ​បង មាន​ប្រា​រព្ធ​ពិ​ធី​បើក​សិក្ខា​សា​លា​ស្តី​ពី​ការ​ពិ​និត្យ​មើល​មុខ​ងារ​ឡើង​វិញ​​របស់​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នី​តិ​សម្ប​ទា ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ជំ​នាញ​នៃ​នាយក​ដ្ឋាន អង្គ​ភាព​ជំ​នាញ និង​មន្ទីរ​សង្គម​កិច្ច​រាជ​ធា​នី​-​ខេត្ត​ទាំង​អស់ ដែល​ស្ថិត ក្រោម​ឱ​វាទ​ក្រ​សួង​ផង​ដែរ ។

     របាយ​ការណ៍​ស្វា​គមន៍​ដោយ ឯកឧត្តម ទៀវ សុ​គន្ធ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន កិច្ច​ការ​រដ្ឋ​បាល និង​ហិ​រញ្ញ​វត្ថុ បាន​គូស​បញ្ជាក់​ថា គោល​បំ​ណង​នៃ​សិក្ខា​សា​លា​នា​ពេល​នេះ​គឺ​ដើម្បី​ពិ​និត្យ​មើល និង​ផ្តល់​យោ​បល់​បំ​ពេញ​បន្ថែម​លើ​សេច​ក្តី​ព្រាង​របាយ​ការណ៍​ស្តី​ពី​បញ្ជី​វិ​ភាគ​មុខ​ងារ និង​ធន​ធាន​របស់​ក្រ​សួង​សង្គម​កិច្ច ដែល​ក្រុម​ការ​ងារ​វិមជ្ឈ​ការ និង​វិ​សហ​មជ្ឈ​ការ​របស់​ក្រ​សួង​បាន​ចុះ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ឆ្នាំ​២០១២កន្លង​មក​នេះ​ ហើយ​នៅ​ឆ្នាំ​២០​១៣ នា​ពេល​ខាង​មុខ​នេះ ក្រុម​ការ​ងារ​នឹង​ត្រូវ​រៀប​ចំ​របាយ​ការណ៍​ស្តី​ពី​ការ​ពិនិត្យ​មើល​មុខ​ងារ និង​ធន​ធាន​ឡើង​វិញ​របស់​ក្រ​សួង ថា​តើ​មុខ​ងារ​ណា​ខ្លះ​គួរ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ និង​មុខ​ងារ​ណា​ខ្លះ​គួរ​រក្សា​ទុក​នៅ​ថ្នាក់​ជាតិ ។

     ថ្លែង​នៅ​ក្នុង​ពិ​ធី​បើក​សិក្ខា​សា​លា ស្តី​ពី​ការ​ពិ​និត្យ​មើល​មុខ​ងារ​ឡើង​វិញ​​របស់​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​មាន​ប្រ​សាសន៍​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ក្រុម​ការ​ងារ​វិ​មជ្ឈ​ការ និង​វិ​សហ​មជ្ឈ​ការ​របស់​ក្រសួង ដែល​កន្លង​មក​បាន​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​កម្ម​វិ​ធី​នេះសម្រេច​បាន​លទ្ធ​ផល​គួរ​ជាទី​មោទ​នៈ ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋ​មន្ត្រី​មាន​ប្រ​សាសន៍​ទៀត​ថា កន្លង​មក​ក្រសួង​ក៏​បាន​ធ្វើ​វិ​សហ​មជ្ឈ​ការ​ ឬ​ការ​ធ្វើ​ប្រតិ​ភូ​កម្ម​លើ​មុខ​ងារ​ជា​ច្រើន​រួច​ទៅ​ហើយ ទៅ​ឲ្យ​អង្គ​ភាព​ខ្សែ​បណ្តោយ​ថ្នាក់​ក្រោម​ជាតិ​ របស់​ខ្លួន​ដូច​ជា​ការ​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​កុមារ​កំ​ព្រា​ការ​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​យុវ​នីតិ​សម្ប​ទា មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​ពល​កម្ម​ជន​ពិ​ការ ។ល។ ដែល​នេះ​គឺ​ជា​ការ​រួម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុ​វត្ត​កំណែ​ទម្រង់​ស្រប​តាម​កម្ម​វិ​ធី​ជាតិ ​សម្រាប់​ការ​អភិ​វឌ្ឍ​តាម​បែប​ប្រជា​ធិប​តេយ្យ​នៅ​ថា្នក់​ក្រោម​ជាតិ​រយៈ​ពេល​ ១០​ឆ្នាំ (២០១០-២០១៩) ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋ​មន្ត្រី​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ប្តេជ្ញា​យ៉ាង​មុត​មាំ​ក្នុង​ការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្តល់​សេ​វា​សាធា​រណៈ ហើយ​សម្តេច​តេ​ជោ​លោក​តែង​តែ​បាន​លើក​ឡើង​ជា​រឿយ​ៗ​ថា “កម្ពុជា​គ្មាន​ជម្រើស​ណា​ ក្រៅ​ពី​ជម្រុញ​កំ​ណែ​ទម្រង់​លើ​គ្រប់​វិ​ស័យ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ តាម​គោល​ការ​ណ៍អភិ​បាល​កិច្ច​ល្អ​នោះ​ឡើយ​” ។

     ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ត្រៀម​រៀប​ចំ​ផ្ទេរ​មុខ​ងារ និង​ធ​ន​ធាន​របស់​ក្រ​សួង​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ នា​ពេល​ខាង​មុខ​នេះ ពិត​ជា​មាន​លក្ខណៈ​ស្មុគ​ស្មាញ ទាម​ទារ​ការ​សិក្សា​ស្វែង​យល់​ជា​ច្រើន​ទៀត ពី​ផ្នែក​ពាក់​ព័ន្ធ​ទាំង​អស់ ទាំង​ក្នុង និង​ក្រៅ​ប្រ​ទេស ព្រោះ​ថា​នេះ​គឺ​ជា​របត់​ថ្មី​មួយ​នៃ​កំ​ណែ​ទម្រង់​របស់​រាជ​រដ្ឋា​ភិបាល​ ក្នុង​ការ​អភិវឌ្ឍប្រទេស​ជាតិ​តាម​បែប​ប្រ​ជា​ធិប​តេយ្យ ហើយ​ឯកឧត្តម​បណ្ឌិត​រដ្ឋ​មន្ត្រី​សង្ឃឹម​ថា សិក្ខា​សា​លា​នេះ​​នឹង​ទទួល​បាន​នូវ​មតិ​យោ​បល់​ដែល​ជា​ធាតុ​ចូល​ដ៏​សំ​ខាន់ សម្រាប់​ការ​វិភាគ​បញ្ជី​មុខ​ងារ​ធន​ធាន និង​ការ​ពិនិត្យ​មើល​មុខ​ងារ​ឡើង​វិញ​របស់​ក្រ​សួង ដើម្បី​ត្រៀម​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នា​ពេល​ខាង​មុខ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend