ឯកឧត្តម​បណ្ឌិតរដ្ឋ​មន្ត្រី អញ្ជើញ​ចុះ​ពិ​និត្យ​មើល​មជ្ឈ​ម​ណ្ឌល​ស្តារ​លទ្ធ​ភាព​ពល​កម្ម​កាយ​សម្ប​ទា ខេត្ត​ព្រះ​សីហនុ
PrinterEmail
ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

     ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២ ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា អម​ដំណើរ​ដោយ​មន្ត្រី​ពាក់​ព័ន្ធ​នា​នា អញ្ជើញ​ចុះ​ពិនិត្យ​មើល​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​ពល​កម្ម​កាយ សម្ប​ទា​ខេត្ត​ព្រះ​សីហនុ ដែល​មាន​​ទី​តាំង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។

     លោក​ស្រី អ៊ឹង ហ៊ុយប៉ូ ប្រ​ធាន​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​ពល​កម្ម​កាយ​សម្ប​ទា ខេត្ត​ព្រះ​សី​ហនុ មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា មជ្ឈ​មណ្ឌល​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រពី​អង្គ​ការ​កម្ពុជា​ត្រាស បុគ្គ​លិក​សរុប​ចំនួន ២០​នាក់ ក្នុង​នោះ ១១​នាក់ ជា​បុគ្គ​លិក​ជាប់​កិច្ច​សន្យា​របស់​រដ្ឋ ហើយ​ថវិកា​ប្រ​ចាំ​ឆ្នាំ​សរុប​មាន​ចំនួន ១៣៦,០០០​ដុល្លារ​សហរដ្ឋ​អាមេ​រិច និង​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា ខេត្ត​ព្រះ​សីហនុ នូវ​ទឹក​ប្រាក់​ប្រ​មាណ ៤,០០០ដុល្លារ​សហ​រដ្ឋ​អាមេ​រិច​នៅ​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ ។

     លោកស្រី​ប្រធាន​ឲ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​ដែល​បាន​មក​ទទួល​សេវា​ស្តារ​លទ្ធ​ភាព​ពលកម្ម​កាយ​សម្ប​ទា​នៅ​មជ្ឈ​មណ្ឌល​នេះ​មាន​ប្រ​មាណ ១៥០០​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​ក្នុង​នោះ​មាន​ប្រុស ១,០០០​នាក់ និង​ស្រី ៥០០​នាក់ និង​រទះ​រុញ ប្រ​មាណ ៤៤​គ្រឿង ត្រូវ​បាន​ចែក​ជូន​ដល់​បង​ប្អូន​ជន​ពិការ​ដោយ​ឥត​គិត​ថ្លៃ ដោយ​ឡែក​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ប្រ​ជា ពល​រដ្ឋ​ប្រ​មាណ ១១០០​នាក់ បាន​មក​ទទួល​សេវា​ព្យា​បាល​ដោយ​កាយ​វប្ប​កម្ម​នៅ​មជ្ឈ​មណ្ឌល​នេះ​ផង​ដែរ ។

     ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋមន្ត្រី​ក្រ​សួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា មាន​ប្រ​សាសន៍​ថ្លែង​អំណរ​គុណ​ដល់​អង្គ​ការ​កម្ពុជា​ត្រាស ដែល​កន្លង​មក​តែង​តែ​សហ​ការ​ជា​មួយ​ក្រសួង​ជួយ​ទៅ​លើ​វិ​ស័យស្តារ​លទ្ធ​ភាព​ពល​កម្ម​កាយ​សម្បទា រួម​ទាំង​ស្មារ​តី សម្ភារៈ និង​ថវិកា​ផង​ដែរ ដែល​នេះ​គឺ​ជា​សកម្ម​ភាព​ដ៏​ល្អ​មួយ រួម​ចំ​ណែក​ក្នុង​ការ​អនុ​វត្ត​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ពិ​ការ ស្រប​តាម​គោល​នយោ​បាយ​អភិ​វឌ្ឍ​វិ​ស័យ​ពិ​ការ​ភាព​របស់​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋ​មន្ត្រី​ក៏​បាន​សំ​ណូម​ពរ​ឲ្យ​អង្គ​ការ​កម្ពុជា​ត្រាស បន្ត​ចូល​រួម​សហ​ការ​ក្នុង​ការ​អភិ​វឌ្ឍ​វិ​ស័យ ស្តារ​លទ្ធ​ភាព​ពល​កម្ម​កាយ​សម្បទា​នេះ​បន្ត​ទៀត និង​ផ្តល់​បាន​អនុ​សាសន៍​ដល់​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​ពល​កម្ម​កាយ​សម្ប​ទា ខេត្ត​ព្រះ​សីហនុ ឲ្យ​ខិត​ខំ​ស្រាវ​ជ្រាវ​ស្វែង​រក​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត ជា​ពិសេស​ឧប​ករណ៍​អវ​យវៈ​សិប្ប​និម្មិត ដែល​មាន​លក្ខណៈ​ទំ​នើប​កម្ម ដើម្បី​បំ​ពេញ​តម្រូវ​ការ​របស់​បង​ប្អូន​ជន​ពិការ​យើង​ដែល​មក​ទទួល​សេវា​ស្តារ​លទ្ធ​ភាព ពល​កម្ម​កាយ​សម្បទា​នេះ ។

     នៅ​ក្នុង​ឱកាស​ចុះ​ពិ​និត្យ​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​ពល​កម្ម​កាយ​សម្ប​ទា ខេត្ត​ព្រះ​សីហនុ​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា ក៏​បាន​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំ​នួន​ដល់​បុគ្គ​លិក ​ដែល​បម្រើ​ការ​ទាំង​អស់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នេះ ក៏​ដូច​ជា​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​បាន​មក​ទទួល​សេវា​ស្តារ​លទ្ធ​ភាព​ពល​កម្ម​នា​ពេល​នោះ​ផង​ដែរ ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend