ឯកឧត្តម​បណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​លោកស្រី​ទីប្រឹក្សា​ស្ថាន​ទូត​អូស្ត្រាលី ផ្នែក​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ (AusAID) ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ជម្រាប​លា​ក្នុង​ឱកាស​បញ្ចប់​បេសក​កម្ម​នៅ​កម្ពុជា
PrinterEmail
ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

     ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​លោក​ស្រី Megan Anderson ទីបឹ្រក្សា​ស្ថាន​ទូត​អូស្ត្រាលី ផ្នែក​សហ​ប្រតិបត្តិការ​អភិវឌ្ឍ ហៅ​កាត់​ថា (AusAID)  ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ជម្រាប​លា​ ក្នុងឱកាស​ដែល​លោក​ស្រី​ត្រូវ​បាន​បញ្ចប់​បេសក​កម្ម​របស់​ខ្លួន​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

     លោក​ស្រី Megan Anderson មាន​ប្រ​សាសន៍​ថា ការិយាល័យ​កណ្តាល​របស់​ទីភ្នាក់ងារ​អូស្ត្រាលី​ដើម្បី​អភិវឌ្ឍន៍​អន្តរ​ជាតិ (AusAID) នៅ​ទីក្រុង Canberra បាន​សម្រេច​តែង​តាំង​លោក Paul Keogh ជា​ទីបឹ្រក្សា​ស្ថាន​ទូត​អូស្ត្រាលី ផ្នែក​សហ​ប្រតិបត្តិ​កា​អភិវឌ្ឍ​ថ្មី ជំនួស​លោក​ស្រី ដែល​បាន​បញ្ចប់​បេសក​កម្ម​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ ។

     លោក​ស្រី Megan Anderson មាន​ប្រសាសន៍​ទៀត​ថា រដ្ឋាភិបាល​អូស្ត្រាលី​មាន​មោទន​ភាព​យ៉ាង​ខ្លាំង ដែល​បាន​ក្លាយ​ជា​ដៃ​គូ​អភិវឌ្ឍ​ទ្វេ​ភា​គី​ធំ​ជាង​គេ​បង្អស់​ទី​៣ នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​រដ្ឋាភិបាល​អូស្ត្រាលី ក៏​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​គាំ​ទ្រ​សិទ្ធិ​របស់​ជន​ពិការ​ផង​ដែរ ។ ទន្ទឹម​នោះ AusAID ក៏​ត្រៀម​នឹង​រៀប​ចំ​គម្រោង​កម្ម​វិធី​ពិការ​ភាព​ថ្មី​មួយ ដែល​មាន​ទំ​ហំ​ធំ​ជាង និង​មាន​រយៈពេល​យូរ​ជាង ដើម្បី​ជំនួស​ឲ្យ​កម្ម​វិធី​ខ្លី​ៗ​មួយ​ចំនួន​ដែល​មាន​ស្រាប់ ដែល​រៀប​នឹង​ត្រូវ​បញ្ចប់​ផង​ដែរ ។

     មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ និង​ការ​ទំនាក់​ទំនង​ល្អ​រវាង AusAID ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​សង្គម​កិច្ច ក្នុង​កំឡុង​ពេល​ដែល​លោក​ស្រី Megan Anderson បំ​ពេញ​បេសកកម្ម​នៅ​កម្ពុជា ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​តំបន់ នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​សុខុមាលភាព​សង្គម ជា​ពិសេស​វិស័យ​ពិការ​ភាព ហើយ​បាន​កំ​ណត់​យក​ប្រទេស​កម្ពុជា ជា​ប្រទេស​គោល​ដៅ​១ ក្នុង​ចំណោម​ប្រទេស​គោលដៅ​២ នៃ​ការ​អភិវឌ្ឍ​វិស័យ​ពិការ​ភាព ។

     ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង មាន​ប្រសាសន៍​បន្ត​ទៀត​ថា វិស័យ​ពិការ​ភាពនៅ​កម្ពុជា គឺ​ជា​វិស័យ​មួយ​កំពុង​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ចំពោះ​វឌ្ឍនភាព​របស់​វិស័យ​ពិការ​ភាព​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​កម្ពុជា​បាន​បង្កើត​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិ​ការ ក្នុង​នោះ​ក្រសួង​ក៏​បាន​រៀប​ចំ​អនុ​ក្រឹត្យ ប្រ​កាស​ជា​ច្រើន​ដើម្បី​អនុវត្ត​ច្បាប់​នេះ រួម​បញ្ចូល​ទាំង​គោល​នយោបាយ​ចំពោះ​ជន​ពិការក៏​ត្រូវ​បាន​ដាក់​អោយ​អនុវត្ត​ផង​ដែរ ។

     ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​បន្ត​ទៀត​ថា​ថ្មី​ៗ​នេះ កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​លើ​អនុ​សញ្ញា​ស្តី​ពី​សិទ្ធិ​ជន​ពិការ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ហើយ អនុ​សញ្ញា​នេះ​នឹង​ចូល​ជា​ធរមាន​សម្រាប់​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៣​នេះ​ហើយ ។

     ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​គ្រឿង​ឥស្សរយ​យស សហ​មេត្រី ថ្នាក់​ធិប​ឌិន្ទ ដល់​លោក​ស្រី  Megan Anderson ខណៈ​ពេល​ដែល​លោក​ស្រី​បាន​បញ្ចប់​បេសក​កម្ម​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រ​កប​ដោយ​ជោគ​ជ័យ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend