ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​លោក​ស្រី​ប្រធាន​អង្គ​ការ​ភូមិ​កុមារ​អរុណរះ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          រសៀល​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​លោក​ស្រី ​ហ៊្សេរ៉ាល់ឌីន ខុក្ស ប្រធាន​អង្គការ​ភូមិ​កុមារ​អរុណរះ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ ។

          លោកស្រី ​ហ៊្សេរ៉ាល់ឌីន ខុក្ស មាន​ប្រសាសន៍​ថា គិត​មក​ដល់​ពេលនេះ​អង្គការ​ភូមិ​កុមារ​អរុណរះ​របស់​លោក​ស្រី បាន​បង្កើត​ឡើង​រយៈពេល​ជិត ២០​ឆ្នាំ​មក​ហើយ ដោយ​មាន​គោល​បំណង​ផ្តល់​ការ​ថែ​ទាំ​ការ​ការ​ពារ ការ​អប់​រំ និង​ការ​អភិវឌ្ឍ​រាង​កាយ និង​បញ្ញា​ស្មារតី​ដល់​កុមារ​កំព្រា កុមារ​ដែល​ត្រូវ​គេ​បោះ​បង់​ចោល កុមារ​ត្រូវ​គេ​ជួញ​ដូរ​ដើម្បី​ប្រែ​ក្លាយ​កុមារ​ទាំង​នោះ​ទៅ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម និង​ជា​សរសរ​ទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេស​ជាតិ ។

          ប្រធាន​អង្គការ​ភូមិ​កុមារ​អរុណរះ លោកស្រី ​ហ៊្សេរ៉ាល់ឌីន ខុក្ស មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​ទាំង​នេះ មូលនិធិ​អូស្ត្រាលី​តាម​រយៈ​អង្គការ​ភូមិ​កុមារ​អរុណ​រះ បាន​នឹង​កំពុង​អនុវត្ត​នូវ​កម្ម​វិធី​សំខាន់​ៗ​ចំនួន ៤​គឺ ១.​កម្មវិធី​ថែ​ទាំ និង​ការ​ពារ​កុមារ​ក្នុង​មណ្ឌល ២.​កម្ម​វិធី​អប់​រំ និង​បណ្តុះ​បណ្តាល ៣.​កម្មវិធី​គ្រប់​គ្រង​ករណី និង​ប្រឹក្សា​យោ​បល់ និង​៤.​កម្មវិធី​ថែទាំ​កុមារ​តាម​សហគមន៍ និង​សមាហរណ​កម្ម ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​អង្គការ​ភូមិ​កុមារ​អរុណរះ ដែល​កន្លង​មក​តែង​តែ​ធ្វើ​ជា​ដៃ​គូ​សហការ​ដ៏​ល្អ​របស់​ក្រសួង ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​លើ​វិស័យ​សុខុមាល​ភាព​កុមារ​នៅ​កម្ពុជា តាម​រ​យៈការ​បង្កើត​ភូមិ​កុមារ​អរុណរះ នៅ​តាម​បណ្តា​ខេត្ត​ជា​គោល​ដៅ​មួយ​ចំ​នួន ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ិត សំហេង មាន​ប្រសាសន៍​ទៀត​ថា រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​យ​គតិ​បណ្ឌិត របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា តែង​តែ​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាល​ភាព​កុមារ ជា​ពិសេស​កុមារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សិទ្ធិ​ចម្បង​ទាំង​៤ របស់​កុមារ ។

          ជាទីបញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​មាន​ប្រសាសន៍​ស្នើ​ឲ្យ​អង្គការ​ភូមិ​កុមារ​អរុណរះ ពង្រឹង​​កិច្ច​សហ​ប្រតិបតិ្តការ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សុខុមាល​ភាព​កុមារនៅ​កម្ពុជា​ សំដៅ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​កុមារ និង​ផ្តល់​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​កុមារ នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend