ឯកឧត្តម សយ ស៊ីផុន រដ្ឋលេខាធិការ អនុញ្ញាតឲ្យលោក Maurizio Bussi នាយកប្រចាំប្រទេសថ្មីរបស់អង្គការពលកម្មអន្តរជាតិ (ILO) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
PrinterEmail
ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          រសៀល​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ២០១៣ នៅទីស្តីការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ឯកឧត្តម សយ ស៊ីផុន រដ្ឋ​លេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​​​លោក Maurizio Bussi នាយក​ប្រចាំ​ប្រទេស​ថ្មី​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

           លោក Maurizio Bussi នាយក​ប្រចាំ​ប្រទេស​ថ្មី​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO មានប្រសាសន៍ថា អង្គការ ILO បាន​ធ្វើការ​ជាមួយ​រាជដ្ឋាភិបាល​កម្ពុជា រយៈពេល​ជាង ១៥​ឆ្នាំ រួច​មក​ហើយ ហើយ​វិស័យ​ការ​ងារ​នៅ​កម្ពុជា កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ ដូច្នេះ​ការ​ងារ​ពី​កម្ពុជា ក៏​បាន​ផ្តល់​ជា​គំរូ​ដល់​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​ដែរ ដែល​ចំនុច​នេះ​លោក​ក៏​សូម​យក​ឱកាស​នេះ​សម្តែង​នូវ​ការ​កោត​សរ​សើរ​ផង​ដែរ ។

          លោក Maurizio Bussi មាន​ប្រសាសន៍​ទៀត​ថា ទាក់​ទង​ទៅ​នឹង​វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​នេះ​ផង​ដែរ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង របស់​កម្ពុជា​ទៅ​នឹង​សហគមន៍​អន្តរ​ជាតិ ហើយ​ក៏​ជា​ផ្នែក​មួយ​ដែល​មាន​វិនិ​យោ​គិន​ផ្ទាល់​មក​វិនិ​យោគ​លើ​ផ្នែក​នេះ​យ៉ាង​ច្រើន​ ។

          ថ្លែង​នៅ​ក្នុង​ឱកាស​ជួប​ពិភាក្សា​ការ​ងារ​នោះ​ផង​ដែរ ឯកឧត្តម សយ ស៊ីផុន រដ្ឋ​លេខាធិការ​មាន​ប្រសាសន៍​ថា ក្នុង​នាម​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ក្នុង​នាម​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី សូម​ធ្វើ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​របស់​អង្គការ ILO ដែល​កន្លង​មក​តែង​តែ​ធ្វើ​ជា​ដៃ​គូ​សហការ​ដ៏​ល្អ​របស់​ក្រសួង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ទាំង​ផ្នែក​ទំនាក់​ទំនង​វិជ្ជា​ជីវៈ ក៏​ដូច​ជា​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ងារ និង​បទដ្ឋាន​ជាតិ អន្តរជាតិ​នា​នា ពាក់​ព័ន្ធ​នឹង​វិស័យ​ការ​ងារ​នៅ​កម្ពុជា​នេះ​ផង​ដែរ ។

          ឯកឧត្តម​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​ដែល​អង្គការ ILO បាន​អនុវត្ត​រយៈ​ពេល​កន្លង​មក​ដូច​ជា គម្រោង​រោងចក្រ​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រ​សើរ ក៏​ដូច​ជា​ការ​អនុវត្ត​នូវ​ដំណើរ​ការ​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​រ​កណ្តាល​ជាដើម ទន្ទឹម​នោះការបណ្តុះ​បណ្តាល​ដល់​មន្ត្រី​នៅ​ក្នុង​ជួរ​សហជីព រួមទាំង​កម្មករ និយោជិក ក៏​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អង្គការ ILO ផងដែរ ។

          ឯកឧត្តម សយ ស៊ីផុន រដ្ឋលេខា​ធិការ​មានប្រសាសន៍​ទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ការងារ ក៏ដូច​ជា​ការ​ទំនាក់​ទំនង វិជ្ជាជីវៈ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​ដើម្បី​ធ្វើ​ឲ្យ​មាន​សុខដុម្យ​បនីយកម្ម ព្រមទាំង​ការ​ផ្តល់​ផល​ប្រយោជន៍​ទាំង​កម្មករ និយោជិក និង​និយោជក និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ផងដែរ​នោះ ថ្មីៗ​នេះ អគ្គលេខា​ធិការ​ដ្ឋាន​គណៈកម្មការ​ធិការ​ដោះ​ស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​គ្រប់​មុខសញ្ញា ត្រូវ​បាន​បង្កើត​ឡើង ដែល​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រឹង​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ព្រះរាជា​ណាចក្រ​កម្ពុជា ។

          ជាទី​បញ្ចប់ ឯកឧត្តម សយ ស៊ីផុន រដ្ឋលេខា​ធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា សង្ឃឹមថា ចំណង​មិត្តភាព និង​កិច្ចសហប្រតិ​បត្តិការ​រវាង​កម្ពុជា និង​អង្គការ ILO កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ ការងារ​ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន សំដៅ​បង្កើន​សុខដុម្យ​បនីយកម្ម​រវាង​កម្មករ និយោជិក និង​និយោជក នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend