នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​លោក​ទីប្រឹក្សា​រដ្ឋមន្ត្រី ប្រចាំ​តំបន់​មេគង្គ របស់ AusAID ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​លោក Michael Wilson ទីប្រឹក្សា​រដ្ឋមន្ត្រី ប្រចាំ​តំបន់​មេគង្គ របស់​ទី​ភ្នាក់​ងារ​អូស្ត្រាលី​ដើម្បី​អភិវឌ្ឍ​អន្តរ​ជាតិ ហៅ​កាត់​ថា AusAID ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ ។

          លោក Michael Wilson មាន​ប្រសាសន៍ថា រដ្ឋាភិបាល​អូស្ត្រាលី​មាន​មោទន​ភាព​យ៉ាង​ខ្លាំង​ដែល បាន​ក្លាយ​ជា​ដៃ​គូ​អភិវឌ្ឍ​ទ្វេ​ភាគី​ធំ​ជាង​គេ​បង្អស់​ទី​៣ នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​រដ្ឋាភិបាល​អូស្ត្រាលី​ក៏​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​គាំ​ទ្រ​សិទ្ធិ​របស់​ជន​ពិការ​ផង​ដែរ តាម​រយៈ​ការ​បន្ត​ផ្តល់​ជំនួយ​គាំ​ទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​គោល​ដៅ​របស់​ខ្លួន​ ។​

          លោក Michael Wilson បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​ងារ​ដោះ​ស្រាយ​បញ្ហា​ពិការ​ភាព​នេះ គឺ​ជា​វិធាន​ការណ៍​មួយ​យ៉ាង​សំខាន់​សម្រាប់ AusAID ហេតុ​នេះ​ហើយ​បាន​ជា AusAID កំ​ណត់​យក​កម្ពុជា ជា​ប្រទេស​គោល​ដៅ​១ ក្នុង​ចំណោម​ប្រទេស​គោល​ដៅ​២ នៃ​ការ​អភិវឌ្ឍ​វិស័យ​ពិការ​ភាព ។ ទន្ទឹម​នោះ AusAID ក៏​ត្រៀម​នឹង​រៀប​ចំ​គម្រោង​កម្ម​វិធី​ពិការ​ភាព​ថ្មី​មួយ ដែល​មាន​ទំហំ​ធំ​ជាង និង​មាន រយៈពេល​យូរ​ជាង ដើម្បី​ជំនួស​ឲ្យ​កម្ម​វិធី​ខ្លី​ៗមួយ​ចំនួន​ដែល​មាន​ស្រាប់​ដែល​រៀប​នឹង​ត្រូវ​បញ្ចប់​ផង​ដែរ ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​បេសកកម្ម​របស់​លោក Michael Wilson ដែល​គម្រោង​កម្ម​វិធី​នានា​ទាក់​ទង​នឹង​វិស័យ​ជាច្រើន​របស់ AusAID នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ។ ដោយ​ឡែក​កម្ពុជា ក៏​ជា​ផ្នែក​មួយ​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ ហើយ​កម្ពុជា​ក៏​ទទួល​បាន​ផ្លែ​ផ្កា​ជា ច្រើន នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​អូស្ត្រាលី​ផង​ដែរ ក្នុង​រយៈពេល​កន្លង​មក ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី ជា​ពិសេស AusAID ដែល​កន្លង​មក​បាន​ចាត់​ទុក​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា គឺ​ជា​ដៃ​គូ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សុខុមាល​ភាព​សង្គម ជា​ពិសេស​វិស័យ​ពិការ​ភាព ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា វិស័យ​ពិការ​ភាព​នៅ​កម្ពុជា គឺ​ជា​វិស័យ​មួយ​កំពុង​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ចំពោះ​វឌ្ឍនភាព​របស់​វិស័យ​ពិការ​ភាព​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​កម្ពុជា​បាន​បង្កើត​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដោយ​ឡែក​ថ្មី​ៗ​នេះ កម្ពុជា​ក៏​បាន​ផ្តល់​សច្ចាប័ន​លើ​អនុ​សញ្ញា ស្តី​ពី​សិទ្ធិ​ជន​ពិការ របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​អនុ​សញ្ញានេះ​បាន​ចូល​ជា​ធរមាន​សម្រាប់​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៣ មក​ម្ល៉េះ ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​ទៀតថា ការ​អនុវត្ត​អនុសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ ស្តី​ពី​សិទ្ធិ​ជន​ពិការ ក៏​ដូចជាយុទ្ធសាស្ត្រ   អ៊ិន ឈាន់ សម្រាប់​ទស្សវត្ស​ថ្មី​នៃ​ជន​ពិការ គឺ​ជាបញ្ហា​ថ្មី​សម្រាប់​កម្ពុជា ដូច្នេះ​ទាម​ទារ​ឲ្យ​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ទាំង​បច្ចេក​ទេស និង​ថវិកា​ពី​សំ​ណាក់ AusAID ក្នុង​ការ​កសាង​សមត្ថ​ភាព ដើម្បី​អនុវត្ត​អនុសញ្ញានេះ​ឲ្យ​បាន​ល្អ​ប្រសើរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend