ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​រៀប​ចំ​ផែន​ការ​ថវិកា​ផ្សារ​ភ្ជាប់​នឹង គោល​នយោបាយ​ជាតិ​សម្រាប់​កុមារ នៅ​សណ្ឋាគារ​អ៊ិនធ័រខន​ធីណិន​ថល
PrinterEmail
ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (ក.ជ.ក) បាន​រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​រៀបចំ​ផែនការ​ថវិកា​ផ្សារ​ភ្ជាប់​នឹង​​គោល​នយោបាយ​ជាតិ​សម្រាប់​កុមារ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ អ៊ិនធ័រខន ធីណិនថល រាជ​ធានី​ភ្នំពេញ ក្រោម​អធិបតី​ភាព​របស់​ឯកឧត្តម នឹម ថូត រដ្ឋ​លេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​អនុ​ប្រធាន ក.ជ.ក ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​កិត្តិយស​ពី​លោក​ជំទាវ ញ៉េប សុភាព អគ្គ​លេខា​ធិការរង នៃ​អគ្គ​លេខាធិការ​ដ្ឋាន ក.ជ.ក ព្រម​ទាំង​តំណាង​ស្ថាប័ន និង​អង្គការ​ដៃ​គូ​ពាក់​ព័ន្ធ​នានាចូល​រួម​ផង​ដែរ ។

          លោកស្រី Usha Mishra តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ទាក់​ទង​នឹង​គុណភាព​នៃ​ការ​រៀប​ចំ​ផែនការ​ថវិកា​ផ្សារ​ភា្ជប់​នឹង​គោល​នយោបាយ​ជាតិ​សម្រាប់​កុមារ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រៀបចំ​ផែនការ​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ ប្រកប​ដោយ​គុណភាព​ខ្ពស់ ជា​ពិសេស​យើង​ត្រូវ​ពង្រឹង សមត្ថភាព​របស់​បុគ្គលិក​នៅ​តាម​ផ្នែក​របស់ ក.ជ.ក ដូច្នេះ​គឺ​ត្រូវ​តែ​មាន​ការ​រួម​សហការ​គ្នា​នៅ​ក្នុង​ការ​បណ្តុះ​បណ្តាល ក៏​ដូច​ជា ចែក​រំលែក​នូវ​បទ​ពិសោធន៍​ដល់​អ្នក​ទាំង​នោះ ដើម្បី​ពួក​គាត់​ឲ្យ​ទទួល​បាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​ការ​ធ្វើ​ផែន​ការ​ថវិកា​នេះ​ ហើយ​ការ​រៀប​ចំ​ផែនការ​ថវិកា​នេះ​ទៀត​សោត​ គឺ​ទាមទារ​អោយ​មាន​ការ​ធ្វើ​ផែន​ការ និង​ការ​តាម​ដាន​ត្រួត​ពិនិត្យ​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ​រួច​មក ។

          ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ផង​ដែរ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា និង​ជាអនុ​ប្រធាន ក.ជ.ក មាន​ប្រសាសន៍​ថា ក្នុង​នាម​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី និង​ជា​ប្រធាន ក.ជ.ក សូម​ថ្លែង​អំណរ​គុណ ចំពោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចាត់​មន្ត្រី​ជំនាញ​មក​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​ប​ណ្តុះ​បណ្តាល​នេះ ក៏​ដូច​ជា​អរគុណ​ចំពោះ​អង្គការ​យូនីសេហ្វ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ទាំង​បច្ចេក​ទេស និង​ថវិកា ក្នុង​ការ​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង ។

          ឯកឧត្តម​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​ទៀត​ថា វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​រៀប​ចំ ផែន​ការ​ថវិកា​ផ្សារ​ភ្ជាប់​នឹង​គោល​នយោបាយ​ជាតិ​សម្រាប់​កុមារ​នេះ មាន​គោល​បំណង​បញ្ជៀប​ការ​យល់​ដឹង​អំពី​គោល​ការណ៍​ណែ​នាំ និង​នីតិ​វិធី​ក្នុង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ និង​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី ក.ជ.ក និង​សមាជិក​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​ថវិកា​សម្រាប់​ផ្តល់​សេវា​សង្គម​លើ​វិស័យ​កុមារ និង​ការ​ចែក​រំលែក​បទ​ពិសោធន៍ ជាក់​ស្តែង​នៃ​ការ​អនុវត្ត​ថវិកា​របស់​ក្រសួង​នីមួយ​ៗ ផ្សារ​ភ្ជាប់​នឹង​គោល​នយោបាយ​ជាតិ​សម្រាប់​កុមារ ។

          ឯកឧត្តម​មាន​ប្រសាសន៍​ទៀតថា ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កុមារ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​រួម​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​អង្គការ​យូនីសេហ្វ រៀបចំ​ការ​សិក្សា​ស្រាវ​ជ្រាវ​ការ​ងារ​ថវិកា​សម្រាប់​ផ្តល់​សេវា​សង្គម​លើ​វិស័យ​កុមារ​ ដែល​ការ​សិក្សា​នេះ​ផ្តោត​លើ​ការងារ​កិច្ច​ការពារ​កុមារ អាហារូបត្ថម្ភ និង​ការអប់​រំ ដោយ​ពិនិត្យ​មើល​នីតិ​វិធី និង​ដំណើរ​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ដើម្បី​ឆ្លើយ​ត​​បទៅ​នឹង​តម្រូវ​ការ​របស់​កុមារ ហើយ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ គឺ​ជា​កម្ម​វិធី​តែ​មួយ​គត់​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ​ពី​មុន​មក ។

          ជាទី​បញ្ចប់​ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ជា​អនុ​ប្រធាន ក.ជ.ក បាន​ជូនពរ​ឲ្យ​វគ្គ​បណ្តុះ​បណ្តាល​នា​ថ្ងៃ​នេះ ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មី​ៗ​បន្ថែម​ទៀត ដែល​ជា​គន្លឹះ​សម្រាប់​ការ​រៀបចំ​ថវិកា និង​ជា​ជំនួយ​ដល់​ដំណើរ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​ឲ្យ​ទទួល​បាន​ជោគជ័យ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend