នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម រស់ រឿន អនុរដ្ឋលេខា​ធិការ អញ្ជើញ​បិទ​សិក្ខា​សាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់​គោលការណ៍​ណែនាំ ស្តីពី​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា
PrinterEmail
ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          សិក្ខា​សាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់​គោលការណ៍​ណែនាំ ស្តីពី​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា ដែល​មាន​រយៈពេល​១​ថ្ងៃ ត្រូវ​បាន​ប្រារព្ធ​បិទ​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក្រោម​អធិបតីភាព​ឯកឧត្តម រស់ រឿន អនុ​រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ិត សំហេង ។

          លោក ម៉ា ច័ន្ទណាត ប្រធាន​រោងចក្រ​ផលិត​ឧបករណ៍​សិប្បនិម្មិត និង​រណប មាន​ប្រសាសន៍​ថា តាម​រយៈការ​ធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​ដែល​មាន​ជំនាញ និង​បទពិសោធន៍ ព្រម​ជាមួយ​នឹង​ការ​ខិតខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់ តាម​ដាន​ស្តាប់​នូវ​ការ​ពន្យល់ និង​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់ សិក្ខាកាម​ទាំង​អស់​ពិត​ជាទទួល​បាន​នូវ​ចំណេះ​ដឹង​ទាក់ទង​ទៅ​នឹង​ការ​អនុវត្ត​គោលការណ៍​ណែនាំ ស្តីពី​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​នៅ​កម្ពុជា ដើម្បី​ជា​ទុន​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ។

          ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សិក្ខា​សាលា​នា​រសៀល​នេះ​ផង​ដែរ ឯកឧត្តម រស់ រឿន អនុ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​សិក្ខាកាម​ទាំង​អស់ ដែល​បាន​ប្រឹង​ប្រែង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ត្រង់​ត្រាប់​​ស្តាប់​នូវ​បទ​បង្ហាញ ក៏​ដូចជា​ផ្លាស់​ប្តូរ​មតិ​យោបល់​គ្នា ធ្វើ​ឲ្យ​អង្គ​សិក្ខា​សាលា​នេះ​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះ​ត្រចង់ ដែល​នេះ​ពិត​ជា​បាន​ឆ្លើយ​តប​នឹង​មតិ​ផ្តាំ​ផ្ញើ និង​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជនពិការ​កម្ពុជា កាលពី​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ ។

          ឯកឧត្តម​អនុ​រដ្ឋលេខាធិការ ​ក៏​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា សិក្ខា​កាម​ទាំងអស់​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​វិស័យ​ស្តារ​លទ្ធភាព​ពលកម្មកាយ​សម្បទា នឹង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​សិទ្ធិ និង​សុខុមាល​ភាព​ជន​ពិការ តាម​រយៈ​ការ​ពង្រឹង​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ជូន​ជន​ពិការ ដែល​រួម​មាន​ការ​បំពាក់​ការ​ជួស​ជុល ការ​ព្យាបាល​ដោយ​ចលនា សំដៅ​ជួយ​ដល់​ជន​ពិការ​ឲ្យ​អាច​បំពេញ​មុខងារ និង​ប្រើប្រាស់​សមត្ថភាព ទេព​កោសល្យ​របស់​ខ្លួន​ក្នុង​ជីវភាព​សង្គម។

          ឯកឧត្តម រស់ រឿន អនុ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​គូស​បញ្ជាក់​ផងដែរ​ថា បញ្ហា​ពិការ​ភាព គឺ​ជា​បញ្ហា​ពហុ​វិស័យ ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​លើក​កម្ពស់ និង​អភិវឌ្ឍ​វិស័យ​នេះ ដូច្នេះ​ឯកឧត្តម​ក៏​បាន​អំពាវ​នាវ​ដល់​អង្គការ​ដៃ​គូ​ពាក់​ព័ន្ធ​នានា បន្ត​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ទាំង​ស្មារតី សម្ភារៈ បច្ចេក​ទេស​ និង​ថវិកា ព្រម​ទាំង​ការ​អនុវត្ត​គម្រោង និង​កម្ម​វិធី​នានា ដើម្បី​លើក​កម្ពស់​វិស័យ​សុខុមាល​ភាព​ជន​ពិការ និង​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​សមាហរណ​កម្ម​កម្ពុជា​ទៅ​ក្នុង​សហគមន៍​អន្តរ​ជាតិ ស្រប​ពេល​ដែល​កម្ពុជា​ជា​ភាគី​អនុ​សញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ ស្តីពី​សិទ្ធិ​ជន​ពិការ ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend