គណៈ​ប្រតិភូ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេ​រិច អញ្ជើញ​ទៅ​ទស្សន​កិច្ច​នៅបុរី​ទារក និង​កុមារ​ជាតិ ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ
PrinterEmail
ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          កាលពី​ព្រឹកថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ គណៈ​ប្រតិភូ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិច ដែល​ដឹក​នាំ​ដោយ​លោក​ជំទាវ ម៉ារី ឡែនឌ្រីវ សមាជិក​ព្រឹទ្ធសភា បាន​អញ្ជើញ​ទៅ​ទស្សន​កិច្ច​នៅ​បុរី​ទារក និង​កុមារ​ជាតិ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

          អញ្ជើញ​ទទួល​ស្វាគមន៍​គណៈ​ប្រតិភូ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិច ខណៈ​រួម​មាន​ឯកឧត្តម ហាវ ប៊ុនសែ រដ្ឋ​លេខា​ធិ​ការ និង​លោក​ជំទាវ ច័ន្ទ ហារ៉ាន់វដ្តី អនុ​រដ្ឋលេខាធិ​ការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជ​ន និង​យុវនីតិ​សម្បទា និង​មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន​ផង​ដែរ ។

          ឯកឧត្តម ហាវ ប៊ុនសែ មាន​ប្រសាសន៍​ថា ក្នុង​នាម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ សម្បទា ឯកឧត្តម​សូម​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ព្រឹទ្ធសភា សហរដ្ឋ​អាមេរិច និង​បាន​ជូន​ពរ​ឲ្យ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ទទួល​បាន​ជោគ​ជ័យ នឹង​អញ្ជើញ​និវត្តន៍​ទៅ​កាន់​មាតុ​ប្រទេស​វិញ​ប្រកប​ដោយ​សុខ​សុវត្ថិ​ភាព ។

          តមក​លោកស្រី ម៉ក់ ផាន់ណា ប្រធាន​បុរី​ទារក និង​កុមារ​ជាតិ បាន​មាន​ប្រសាសន៍​រាយការណ៍​អំពី​ស្ថាន​ភាព​បច្ចុប្ប​ន្ន និង​សកម្ម​ភាព ការងារ​ក្នុង​បុរី​ទារក និង​កុមារ​ជាតិ ជូន​គណៈ​ប្រតិភូ​បាន​ជ្រាប​ក្នុង​ខណៈ​នោះ​ផង​ដែរ ។

          គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រភព​ថវិកា​ក្នុង​ការ​ទ្រ​ទ្រង់​សកម្មភាព​នានា​នៅ​ក្នុង​បុរី​ទារក និង​កុមារ​ជាតិ​នេះ គឺ​បាន​មក​ពី​រាជរដ្ឋា​ភិបាល​ប្រមាណ​ជា​ជាង ២ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិច​ក្នុង​មួយ​ឆ្នាំ ជំនួយ​ឧបត្ថម្ភ​របស់​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ចំនួន ១០​លានរៀល ក្នុង​មួយ​ខែ និង​ជំនួយ​ផ្សេង​ៗ​ទៀត ដែល​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរ​ជន​នា​នាទាំង​ជាតិ និង​អន្តរ​ជាតិ ។

          លោកស្រី​ប្រធាន​មាន​ប្រសាសន៍​ទៀត​ថា កុមារ​ដែល​ស្នាក់​នៅ​ក្នុង​បុរី​ទារក និង​កុមារ​ជាតិ គឺជា​កុមារ​ដែល​មាន​អាយុ​ពី ១ ដល់ ៣ ឆ្នាំ ជា​ប្រភេទ​កុមារ​ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​បោះបង់​ចោល​នៅ​តាម​មន្ទីរ​ពេទ្យ​បោះបង់​ចោល​នៅ​មុខ​មណ្ឌល និង​ជា​កុមារ​កំព្រា​ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​ស្លាប់​ចោល កុមារ​ពិការ កុមារ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ កុមារ​ដែល​មាន​សាច់​ញាតិ ឬ​អាជ្ញា​ធរ​យក​មក​ប្រគល់​ឲ្យ ដើម្បី​រក​កន្លែង​សម្រាប់​ស្នាក់​នៅ​បន្ត ហើយ​កុមារ​ទាំងអស់​នេះ​ភាគ​ច្រើន​ជា​កុមារ​ពិការ  ដែល​កុមារ​ខ្លះ​ពិការ​ខួរ​ក្បាល ដៃ​ជើង គ​ថ្លង់ ភ្នែក ខ្សោយ​សតិ​បញ្ញា និង​ខ្សោយ​បេះដូង ក្នុង​នោះ ពិការ​ស្រាល​ដែល​ជា​កុមារ​អាច​ជួយ​ខ្លួនឯង​បាន​ខ្លះ​មាន​ចំនួន ៤០​នាក់  និង​ពិការ​ធ្ងន់​ធ្ងរ​ចំនួន ៥២​នាក់ ។

          ខណៈ​ពេល​ដែល​គណៈ​ប្រតិភូ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិច អញ្ជើញ​ទៅ​ពិនិត្យ​មើល​នៅ​តាម​បន្ទប់​ស្នាក់​នៅ បន្ទប់​សិក្សា និង​បន្ទប់​លេង​របស់​កុមារ និង​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​កុមារ លោក​ជំទាវ ម៉ារី ឡែន​ឌ្រីវ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិច និង​ជា​ប្រធាន​គណៈ​ប្រតិភូ បាន​មានប្រសាសន៍​ថា កុមារ​នៅ​ក្នុង​បុរី​ទារក និង​កុមារ​ជាតិ​ទាំង​អស់​នេះ គឺ​សុទ្ធ​សឹង​តែ​ជា​កុមារ​ដែល​គួរ​ឲ្យ​ស្រលាញ់ ហើយ​កុមារ​ទាំង​នេះ បើ​សិន​ជា មាន​ការ​ស្មុំ​កូន​ទៅ​នៅ​សហរដ្ឋ​អាមេរិច ពួក​គេ​ប្រាកដ​ជា​មាន​អនាគត​ល្អ ព្រោះ​សហរដ្ឋ​អាមេរិច​មាន​បទ​ពិសោធន៍ នៅ​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កុមារ​បែប​នេះ​ឲ្យ​មាន​ការ​ធំ​ធាត់​បាន​ល្អ ហើយ​លោក​ជំទាវ​ក៏​បាន​អរគុណ​ដល់​បុគ្គលិក ដែល​មើល​ថែ​ទាំ​កុមារ​នៅ​ទី​នេះ និង​បាន​សន្យា​ថា​នឹង​ជួយ​ដល់​កុមារ​ទាំង​នោះ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend