នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
គណៈ​ប្រតិភូ​ក្រសួង​ធន​ធាន​មនុស្ស នៃ​ប្រទេស​ហុងគ្រី អញ្ជើញ​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច
PrinterEmail
ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ក្នុង​ឱកាស​បំពេញ​ទស្សន​កិច្ច​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា គណៈ​ប្រតិភូ​នៃ​ប្រទេស​ហុងគ្រី​ដែល​ដឹក​នាំ​ដោយ ឯក​ឧត្តម Zoltan Balog រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស អម​ដំណើរ​ដោយ​លោក​ជំទាវ Eszter Torda ឯកអគ្គ​រដ្ឋ​ទូតហុងគ្រី ប្រ​ចាំ​នៅទី​ក្រុង​ហាណូយ អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា នា​រសៀល​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង។

          ឯកឧត្តម Zoltan Balog រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស នៃ​ប្រទេស​ហុងគ្រី មាន​ប្រសាសន៍​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍន​ភាព​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​សង្គមកិច្ច​ក៏​មាន​ការ​រីកច្រើន​គួរ​ឲ្យ​កត់​សំគាល់​ផង​ដែរ ។

          ឯកឧត្តម Zoltan Balog មាន​ប្រសាសន៍​ទៀត​ថា គោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ច របស់​ឯកឧត្តម​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​ពេល​នេះ គឺ​ចង់​ពង្រឹង​ពង្រីក​នូវ​ចំណង​មិត្តភាព​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ហុង​គ្រី អោយ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ហើយ​ឯកឧត្តម​ក៏​មាន​បំណង​ចង់​សិក្សា​ស្វែង​យល់ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅមក​ពាក់ព័ន្ធ​នឹង​វិស័យ​សង្គម​កិច្ច​ផង​ដែរ ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា ឯកឧត្តម​បាន​ចុះ​ទៅ​ពិនិត្យ​មើល​បុរី​កុមារ​មិត្ត​ភាព​កម្ពុជា​-​បារាំង​-​ហុងគ្រី នៅ​ឃុំ​កំពង់​កន្ទួត ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ដែល​ប្រទេស​ហុងគ្រី​បាន​ជួយ​កសាង និង​ជួស​ជុល សម្រាប់​ទទួល​ជន រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ និង​ជន​ងាយ​រង​គ្រោះ តាំង​ពី​ឆ្នាំ ១៩៧៩​មក​ម្ល៉េះ ហើយ​រដ្ឋាភិបាល​ហុងគ្រី ក៏​មាន​គម្រោង​ចង់​ធ្វើ​ការ​ជួស​ជុល និង​ស្តារ​ឡើង​វិញ​នូវ​អគារ​ក្នុង​បុរី​កុមារ​មិត្ត​ភាព​កម្ពុជា​-​បារាំង​-​ហុងគ្រី មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ចាស់​ទ្រុឌ​ទ្រោម​អោយ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល​ហុង​គ្រី ដែល​កន្លង​មក​បាន​ធ្វើ​ជា​ដៃគូ​ដ៏​ល្អ​ ជាមួយ​កម្ពុជា​លើ​វិស័យ​សង្គម​កិច្ច ជា​ពិសេសបាន​ជួយ​សាង​សង់​បុរី​កុមារ​មិត្ត​ភាព​កម្ពុជា​-បារាំង​-​ហុងគ្រី ដែល​ជា​មណ្ឌល​កុមារ​កំព្រា​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ក៏​ដូច​ជា​គម្រោង​នៅ​ក្នុង​ការ​ជួស​ជុល​អគារ​ក្នុង​បុរី​កុមារ​នេះ​ផង​ដែរ ហើយ​ឯកឧត្តម​សង្ឃឹម​ថា ការ​ជួស​ជុល​នេះ​នឹង​ធ្វើ​ឡើង​ស្រប​តាម​អ្វី​ដែល​បាន​គ្រោង​ទុក​។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក៏​បាន​គូស​បញ្ជាក់​ថា កម្ពុជា​មាន​មណ្ឌល​កុមារ​កំព្រា​ចំនួន ២២០​មណ្ឌល ដែល​មាន​កុមារ​កំព្រា​សរុប​ចំនួន ១១,១១៣​នាក់ ក្នុង​នោះ​មណ្ឌល​កុមារ​កំព្រា​របស់​រដ្ឋ​មាន​ចំនួន ២២​មណ្ឌល ដែល​រួម​មាន​បុរី​កុមារ​មិត្ត​ភាព​កម្ពុជា​-​បារាំង​-​ហុងគ្រី ផង​ដែរ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ក្រសួង​សង្គមកិច្ច មិន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​មណ្ឌល​ច្រើន​ពេក​ទេ ដូច្នេះ​ក្រសួង​បង្កើន​ការ​គ្រប់​គ្រង​មណ្ឌល ដោយ​​បាន​បង្កើត​បទដ្ឋាន​អប្បបរមា ដើម្បី​ធានា​សិទ្ធិ​កុមារ និង​ធានា​បាន​នូវ​បទ​ដ្ឋាន​ថែ​ទាំ​កុមារ ឲ្យ​ស្រប​តាម​អនុ​សញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​របស់​អង្គការ​សហ​ប្រជា​ជាតិ ហើយ​មណ្ឌល​គឺ​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​ទុក​ដាក់​កុមារ ។

          ជា​ទីបញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ជូន​ពរ​ឲ្យ​ដំណើរ​ទស្សន​កិច្ច របស់​ឯកឧត្តម Zoltan Balog រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ប្រកប​ដោយ​សុខ​សុវត្ថិ​ភាព​ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend