ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១២ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០១៣ របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​សមាគម​អតីត​យុទ្ធជន​កម្ពុជា
PrinterEmail
ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ព្រឹកថៃ្ងទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​សមាគម​អតីត​យុទ្ធជន​កម្ពុជា ប្រារព្ធ​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១២ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០១៣ នៅ​ទីស្តី​ការ​ក្រសួង ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​លោកជំទាវ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ និង​ជារដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំ​នង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​តំណាង​គណៈ​កម្មការ​ទី ៨ នៃ​ព្រឹទ្ធសភា រដ្ឋសភា តំណាង​ក្រសួង ស្ថាប័ន និង​ដៃ​គូអភិវឌ្ឍន៍ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​រាជការ គ្រប់​លំដាប់​ថ្នាក់ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ។

          ឯកឧត្តម​​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ ប៉ិន​ប្រសប់​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី​២ រាជ​រដ្ឋា​ភិបាល បន្ត​សម្រេច​បាន​ជោគ​ជ័យ​ថ្មី​ៗ​គួរ​ឲ្យ​កត់​សម្គាល់​លើ​គ្រប់​​វិស័យ ។

          ដោយ​​ឡែក​វិស័យ​​សង្គម​កិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​ទទួល​នូវ​សមិទ្ធ​ផល​ថ្មី​ៗ​​ជា​ច្រើន រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​សង្គមកិច្ច សំដៅ​បង្កើត​នូវ​សេវា​​សាធារណៈ ​ដើម្បី​ជួយ​ដល់​ក្រុម​ជន​ដែល​​ងាយ​​ទទួល​រងគ្រោះ​ក្នុង​សង្គម និង​ការ​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​​សង្គម​​របស់​​អតីត​មន្ត្រី​រាជការ​​ស៊ី​វិល អតីត​យុទ្ធ​ជន និង​ការ​ជួយ​សង្រ្គោះ​សង្គម​ដល់​ប្រជា​ពលរដ្ឋ ជាពិសេស​ ប្រជា​​ពលរដ្ឋ​ងាយ​រង​​គ្រោះ ។ ក្នុង​ឆ្នាំ ២០១២ កន្លង​ទៅ​នេះ យុទ្ធ​​សាស្ត្រ ៥​យ៉ាង កម្មវិធី​​ការងារ​​អាទិភាព​ ៦​ចំណុច និង​ផែនការ​​សកម្មភាព​​របស់​​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្បទា ត្រូវ​បាន​​ជម្រុញ​​​អនុវត្ត​​ប្រកប​ដោយ​លទ្ធផល​​ផ្លែ​ផ្កា​គួរ​ជា​ទីមោទនៈ ។

          វឌ្ឍន​ភាព ដែល​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា សម្រេច​បាន​កន្លង​មក​គឺ​បាន​មក​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​សកម្មភាព​ជាក់​ស្តែង ចំ​ទិស​របស់​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​នៃ​ក្រសួង​​​សង្គមកិច្ច អតីត​យុទ្ធជន​ និង​យុវនីតិ​សម្ប​ទា កិច្ច​សហការ​ល្អ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ និង​អាជ្ញាធរ​ដែន​ដី​គ្រប់​ជាន់​ថ្នាក់ គួប​ផ្សំ​ការ​ចូល​រួម​ពី​សំណាក់​អង្គការ​ដៃ​គូ និង​សប្បុរស​ជន​នា​នា ។

          ដើម្បី​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋា​ភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​​បច្ចុប្ប​ន្ន​កម្ម​ឆ្នាំ ២០០៩​-​២០១៣ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​ និង​​យុវនីតិ​សម្បទា នឹង​បន្ត​ដាក់​ចេញ​​នូវ​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០១៣ ដោយ​ប្រមូល​ផ្តុំ​លើ​ការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ ៥​យ៉ាង កម្មវិធី​ការងារ​អាទិភាព ៦​ចំណុច និង​ផែនការ​សកម្ម​​ភាព​របស់​ក្រសួង សំដៅ​លើក​កម្ពស់​ការ​ផ្តល់​សេវា​​សង្គម​កិច្ច។

          មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១២ និង​ទិសដៅ​ភារកិច្ច ឆ្នាំ ២០១៣ របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​សមាគម​អតីត​យុទ្ធជន​កម្ពុជា លោក​ជំទាវ​បណ្ឌិត ម៉ែន សំ​អន ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច បាន​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នា​នា ដែល​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​ដូច​ជា​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា សម្រេច​បាន​ក្នុង​ឆ្នាំ ២០១២ កន្លង​មក ដែល​សមិទ្ធផល​ទាំង​នេះ ពិត​ជា​បាន​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិបាល សំដៅ​លើក​កម្ពស់​សុខុមាល​ភាព​ជូន​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​រួម​ចំណែក​នៅ​ក្នុង​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី ២ ដើម្បី​កំណើន​ការ​ងារ សម​ធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ។

          លោក​ជំទាវ​បណ្ឌិត​ឧប​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ របស់​សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជា ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​​ណា​ចក្រ​​កម្ពុជា បាន​នឹង​កំពុង​បន្ត​អនុវត្ត​នូវ​កម្ម​វិធី​នយោបាយ និង​​យុទ្ធ​សាស្ត្រ​ចតុកោណដំណាក់កាលទី ២ និង​ទទួល​បាន​នូវ​ជោគ​ជ័យ​ជា​​បន្ត​បន្ទាប់ ។

          ជាក់​​ស្តែង​​ក្នុង​​ឆ្នាំ ២០១២ កន្លង​ទៅ​នេះ រាជរដ្ឋា​ភិបាល​អាច​សម្រេច​​បាន​នូវ​កំណើន​សេដ្ឋកិច្ច ៧.៣% អាត្រា​ភាព​ក្រី​ក្រ​​បាន​​​ថយ​​​ចុះ​មក​នៅ​ត្រឹម ២០​% ផលិត​ផល​​ក្នុង​​ស្រុក​​សរុប​​សម្រាប់​​មនុស្ស​​ម្នាក់​​បាន​កើន​ឡើង​ជិត ​១.០០០​ដុល្លារ​អាមេ​រិក ។ តាម​រយៈ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​នេះ កម្ពុជា​ត្រូវ​បាន​វាយ​តម្លៃ​ថា ជា​ប្រទេស​ដែល​ស្ថិត​​ក្នុង​ចំណាត់​ថ្នាក់ទី ១៥ ក្នុង​ចំ​ណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លើ​ពិភព​លោក​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ ជា​ប្រទេស​ដែល ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់ទី ៥ ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​នឹង​​អាច​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​សហ​ស្សវត្ស និង​ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់ទី ១ នៅ​អាស៊ី​​ប៉ាស៊ី​​ហ្វិក​ដែល​សម្រេច​បាន​នូវ​វឌ្ឍន​ភាព​ល្អ​ប្រសើរ​ក្នុង​ការ​កែ​លម្អ​សូច​នា​ករ​ផ្នែក​សង្គម​កិច្ច ។

          លោកជំទាវ​បណ្ឌិត​ឧបនាយក​រដ្ឋមន្ត្រី បាន​គាំ​ទ្រ និង​ឯកភាព​ចំពោះ​យុទ្ធសាស្ត្រ​ទាំង ៥ អាទិភាព​ទាំង ៦ និង​ផែន​ការ​​សកម្មភាព​​ទាំង​អស់​របស់​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា ដែល​បាន​ប្រកាស​ឲ្យ​អនុវត្ត​នៅ​ក្នុង​អា​ណត្តិ​ទី ៤ របស់​រាជរដ្ឋាភិបាល​នេះ ។ ម្យ៉ាង​ទៀត​ខ្លឹម​សារ​នេះ ក៏​មាន​​ការ​គាំ​ទ្រ​ពី​ដៃ​គូរ​​អភិវឌ្ឍ ជា​ពិសេស​អង្គការ​យូនី​សេ​ហ្វ និង​អង្គ​ការ​​មួយ​​ចំនួន​ទៀត ។

          ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សង្គម​កិច្ច​ទៅ​អនាគត លោក​ជំទាវ​បណ្ឌិត​ឧប​នាយក​រដ្ឋមន្ត្រី ស្នើ​ឯកឧត្តម លោក​ជំទាវ អស់​លោក លោក​ស្រី មេត្តា​ប្រើ​​ប្រាស់​​ពេល​​វេលា​​ដ៏​សំខាន់​នេះ ដើម្បី​ផ្លាស់​ប្តូរ​យោបល់​​ល្អ​ៗ ក្នុង​ន័យ​​ស្ថាបនា និង​ពិភាក្សា​គ្នា​ឲ្យ​បាន​ផុស​ផុល រក​ឲ្យ​ឃើញ​ការ​ប្រ​ឈម និង​​ដំណោះ​ស្រាយ ដើម្បី​​ឲ្យ​​អង្គ​​សន្និបាត​នេះ​ទទួល​បាន​នូវ​អនុ​សាសន៍​​ល្អ​ៗ ក្នុង​ការ​ជម្រុញ​កិច្ច​អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​សម្បទា ក៏​ដូច​ជា​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត ៕



 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend