ឯកឧត្តម​​បណ្ឌិត​​រដ្ឋមន្រ្តី អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ ជា​មួយ​តំណាង​អង្គ​ការ AusAID តំណាង​អង្គ​ការ UNICEF និង​តំណាង​អង្គការ UNDP
PrinterEmail
ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ព្រឹក​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ឯកឧត្តម​បណ្ឌិ​ត អ៊ិត សំហេង រដ្ឋមន្ត្រី អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ​ជាមួយ​តំណាង​អង្គការ AusAID តំណាង​អង្គការ Unicef និង​តំណាង​អង្គការ UNDP ពាក់​ព័ន្ធ​នឹង​គម្រោង​កម្ម​វិធី​រួម​លើ​វិស័យ​ពិការ​ភាព ។

          មាន​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត​ សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ថ្លែង​អំណរ​គុណ​ចំពោះ AusAID, Unicef និង UNDP ដែល​កន្លង​មក​តែង​តែ​ផ្តល់​នូវ​​ការ​គាំ​ទ្រ និង​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង ហើយ​ចំពោះ​វឌ្ឍន​ភាព​លើ​គ្រប់​វិស័យ​ដែល​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប៉ុន្តែក្នុងនោះក៏មិនអាចខ្វះ បាននូវការរួមវិភាគទានទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីសំណាក់អង្គការដែលជាដៃគូនានា ជាពិសេស អរគុណ ដល់ AusAID ដែលបានចាត់ទុកកម្ពុជា គឺជាប្រទេសគោលដៅមួយក្នុងការអភិវឌ្ឍវិស័យពិការភាព ។

          តមក លោកស្រី មេហ្គេន មែក គយ ទីប្រឹក្សារបស់អង្គការ AusAID មានប្រសាសន៍ថា AusAID, Unicef និង UNDP នឹងធ្វើការអនុវត្តរួមគ្នានូវគម្រោងកម្មវិធីរួមថ្មីមួយ ពាក់ព័ន្ធនឹងវិស័យពិការភាព ហើយក្នុងរយៈពេលកន្លងមក អង្គការទាំង ៣ ខាងលើ បានជួយដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការពង្រឹងនូវសិទ្ធិ និងគុណភាពជីវិតរបស់ជនពិការ ហើយលោកស្រី មេហ្គេន យល់ឃើញថា ក្រសួងក៏នៅតែត្រូវការ AusAID ដែល ជាអង្គការដៃគូមួយ ដើម្បីជួយឧបត្ថម្ភគាំទ្របន្តទៀត ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការ សហប្រជាជាតិផងដែរ ។

          លោក ដេវីធ ឡូ ប្រធានក្រុមរៀបចំគម្រោងកម្មវីធីពិការភាពរួម មានប្រសាសន៍លើក ឡើងអំពីដំណើរការនៃការរៀបចំកម្មវិធីរួមថ្មីនេះ ដែលបង្ហាញពីឱកាសដ៏ល្អ ដើម្បីទាក់ទាញដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការធ្វើឲ្យប្រសើរឡើងសម្រាប់ជនពិការនៅកម្ពុជា ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ព្រមជាមួយនឹងការ ទទួលខុសត្រូវ និងការងារទៅតាមវិស័យច្បាសល់លាស់ ស្របទៅនឹងទស្សនៈរបស់ដៃគូអភិវឌ្ឍន៍នីមួយៗ ដែល មានជំនាញស្នូលរៀងៗខ្លួន ។

          លោក ដេវីធ ឡូ មានប្រសាសន៍ទៀតថា ក្នុងនាមជាក្រុមរៀបចំ គឺមានតួនាទីខុសត្រូវ និងទទួលបន្ទុកធ្ងន់ ក្នុងការរៀបចំធ្វើយ៉ាងណាបង្កើតនូវកម្មវិធីមួយដ៏ល្អ ដើម្បីឲ្យទទួលបានលទ្ធផលជាអតិបរមា ទៅដល់ជនពិការ ហើយអ្វីដែលនឹងត្រូវធ្វើនាពេលខាងមុខ គឺការសហការជាមួយរាជរដ្ឋាភិបាល ដែលមាន ក្រសួងសង្គមកិច្ច និងអង្គការដែលជាដៃគូអភិវឌ្ឍន៍នានា ថាតើត្រូវរៀបចំ គម្រោងកម្មវិធីពិការភាពរួមនេះយ៉ាង ដូចម្តេច ដើម្បីឲ្យសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រេចបាននូវគោលដៅនេះល្អបំផុត។

          តមក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ ថា ការរៀបចំនូវកម្មវិធីរួមលើវិស័យពិការភាពនេះ គឺជាក្តីសង្ឃឹមមួយរបស់ក្រសួងសង្គមកិច្ចផងដែរ ដែលការ ត្រៀមរៀបចំនេះ គឺមានលក្ខណៈបច្ចេកទេសដែលប្រមូលគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីបញ្ជូលក្នុងគម្រោងកម្មវិធី នេះ ហើយក្រសួងក៏មានឆន្ទៈខ្ពស់ក្នុងការចូលរួមសហការជាមួយក្រុមរៀបចំគម្រោងកម្មវិធីរួមថ្មីនេះផងដែរ និង ចូលរួមផ្តល់យោបល់ទៅតាមការចាំបាច់ ៕

 

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend